អានតួអត្ថបទ
កម្ពុជា

១១​ឆ្នាំ​កន្លងទៅ​នៅតែ​អំពាវនាវ​ឲ្យ​ស្វែង​រក​ឃាតករ​ពិត​សម្លាប់​ ជា វិជ្ជា​

សហជីព​សេរីកម្មករ​​នៃ​​ព្រះរាជាណាចក្រ​​កម្ពុជា​​នឹង​ធ្វើ​​ពិធី​​គោរព​​វិញ្ញាណក្ខន្ធ​​លោក​ជា វិជ្ជា ​នៅ​​ថ្ងៃ​ទី​២២ ​មករា​​ស្អែក​​នេះ​ បន្ទាប់​ពី​​លោក​ជា វិជ្ជា​ ត្រូវ​​ឃាតករ​បាញ់​សម្លាប់​​នៅ​ក្បែរ​​វត្ត​​លង្ការ​កាលពី​១១​ឆ្នាំ​មុន​។ នៅ​ក្នុង​​ពិធី​​ស្អែក​​នេះ​​សហ​ជីព​​សេរី​កម្មករ​​នឹង​​រៀបចំ​​មនុស្ស​​ចំនួន​១០០នាក់​ និង​​មាន​ការ​​ចូលរួម​​ពី​​អ្នកនយោបាយ​​ពី​​គណបក្ស​ប្រឆាំង​​ផងដែរ​។ ក៏ប៉ុន្តែ​​ការ​ជួបជុំ​​ដែល​​ទាមទារ​​ឲ្យ​​ស្វែង​រក​​ឃាតករ​​ពិត​​សម្លាប់​​លោក​ជា វិជ្ជា​ នេះ ​ត្រូវ​បាន​​ហាមឃាត់​​មិន​​ឲ្យ​​ហែ​ក្បួន​ និង​​ការ​ប្រើ​​វោហា​រសព្ទ​​វាយប្រហារ​​ទៅ​លើ​​រដ្ឋាភិបាល​​និង​​ឥស្សរជន​​នយោបាយ​។​

កម្មករ​-កម្មការិនី​​ គ្រូ​បង្រៀន​​និង​​តំណាងរាស្ត្រ​​បាន​នាំគ្នា​​​​គោរព​​វិញ្ញាណក្ខន្ធ​​សព​លោកជា វិជ្ជា​ នា​ពេល​កន្លង​មក​​
កម្មករ​-កម្មការិនី​​ គ្រូ​បង្រៀន​​និង​​តំណាងរាស្ត្រ​​បាន​នាំគ្នា​​​​គោរព​​វិញ្ញាណក្ខន្ធ​​សព​លោកជា វិជ្ជា​ នា​ពេល​កន្លង​មក​​ © គី​ សុខលីម
ផ្សាយពាណិជ្ជកម្ម

សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដឹកនាំ​ដោយ​លោក​ជា មុនី នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២២មករា ស្អែក​នេះ នឹង​រៀបចំ​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក​ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ខួប​លើក​ទី១១ឆ្នាំ​នៅ​សួនច្បារ​រូបសំណាក​របស់លោក​ជា វិជ្ជា ខាងលិច​វិមានឯករាជ្យ។

តាម​កិច្ចព្រមព្រៀង​ដែល​សហជីព​សេរី​កម្មករ​បានធ្វើ​ជាមួយ​នឹង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​កាលពី
ថ្ងៃ​ម្សិលមិញ លោកម៉ាន់ សេង​ហាក់ អគ្គលេខាធិការ​សហជីព​សេរីកម្មរ បាន​បញ្ជាក់ថា​កម្មវិធី​នេះត្រូវ​គ្រោង​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី២២មករា ដោយមាន​មនុស្ស​ចូលរួម​និង​ជួបជុំគ្នា​ដាក់​កម្រងផ្កា​ចំនួន១០០នាក់ នៅ​កន្លែង​តម្កល់​រូបសំណាក​លោក​ជា វិជ្ជា ផ្ទាល់​តែម្តង។ កម្មវិធី​រំឮក​វិញ្ញាណក្ខន្ធ​នេះ​ក៏មាន​ការអំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​អ្នកនយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ផងដែរ។

ដោយមាន​ការហាម​ប្រាម​ឆ្លៀតឱកាស​យក​ពិធី​នោះ វាយប្រហារ​រដ្ឋាភិបាល​និង​ឥស្សរជន​នយោបាយ សារ​សម្រាប់​ប្រកាស​ជា​សាធារណៈ​នៅក្នុង​ឱកាស​នោះ​គឺ​មិន​ខុសគ្នា​ទៅនឹង​ការអនុវត្ត​កាលពី​ឆ្នាំ​កន្ល​មក​នោះទេ គឺ​ការអំពាវនាវ​ឲ្យ​តុលាការ​ស្វែងរក​ជនល្មើស ពិតប្រាកដ
យកមក​ដាក់ទោស​តាមច្បាប់។

ជាមួយគ្នានេះ​សាលា​រាជធានី​ភ្នំពេញ តំណាង​ដោយ​លោកឃួ​ង ស្រេង អភិបាលរង​បានបញ្ជាក់​ពី​ការមិន​អនុញ្ញាត​ឲ្យ​មាន​ការហែក្បួន​នាំ​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​ចរាចរណ៍ និង​ការទទួលខុសត្រូវ​រប​ស់​អ្នករៀបចំ​កម្មវិធី នៅពេល​មានការ​វាយប្រហារ​ដោយ​ពាក្យសម្តី​ណាមួយ​ពី​អ្នកនយោបាយ​ចូលរួម។

លោកស្រី មួរ សុខ​ហួរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី២០មករា បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រីថា ​លោក​សម រង្សី និង​លោក​កឹម សុខា ប្រធាន​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ព្រមទាំង​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​ជាច្រើន​ទៀត​នឹង​ទៅ​ចូលរួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក​ជា វិជ្ជា ផងដែរ។ លើសពីនេះ​លោកស្រី មួរ សុខ​ហួរ បញ្ជាក់ថា​នៅ​ថ្ងៃ២២ដដែល នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏មាន​បញ្ចាំង​កុន​រឿង «នរណា​សម្លាប់​ជា វិជ្ជា» នៅពេល​ល្ងាច​ម៉ោង៥ ទៀតផង។

សូម​រំលឹកថា លោកជា វិជ្ជា ដែល​កម្មករ​ឲ្យ​ឈ្មោះថា ​ជា​វី​រ​ជន​របស់​ពួកគេ​នោះ ត្រូវ​ឃាតករ​បាញ់សម្លាប់​កាលពី​ថ្ងៃទី២២ខែមករា​ឆ្នាំ២០០៤ នៅមុខ​តូប​លក់​កាសែត​មួយ​ក្បែរ​វត្ត​លង្ការ។
សំណុំ​រឿងនេះ ធ្វើ​ឲ្យ​មនុស្ស២នាក់​គឺ​ប៊​ន សំណាង និង សុខ សំអឿន រង​ការចោទប្រកាន់​និង ជាប់ពន្ធនាគារ​រយៈពេល៥ឆ្នាំ ហើយ​ត្រូវ​ដោះលែង​ដោយ​តុលាការ​កំពូល​កាលពី​ឆ្នាំ២០១៣ ដោយ​សំអាងថា អ្នក​ទាំងពីរ​មិនមែនជា​ឃាតករ​ពិត​ដែល​បាញ់សម្លាប់​លោក ជា វិ​ជា្ជ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ