អានតួអត្ថបទ
កម្ពុជា-ច្បាប់

គម្រោង​វិសោធនកម្ម​លើ​មាតា្រ​មួយ​ចំនួន​នៃ​ច្បាប់​ការងារ មិន​ទទួល​បាន​ការ​ស្វាគមន៍​ពី​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា និង​សហជីព​កម្មករ !

ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ម្សិល​មិញ​បាន​ប្រកាស​ថា ក្រសួង​កំពុង​តែ​ពិចារណា​ទៅ​លើ​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​ទៅ​លើ​ច្បាប់​ការងារ​ដោយ​កំណត់​ប្រាក់​ឈ្នួល​កម្មករ​ត្រូវ​បើក​​ក្នុង​រយៈ​ពេល​ ២​សបា្តហ៍​ម្តង​ដើម្បី​ជា​ប្រយោជន៍​របស់​កម្មករ-​និយោជិក និង​រក្សា​នូវ​អត្ថប្រយោជន៍​ដល់​ពួក​គាត់ ក្នុង​ករណី​ដែល​ថៅកែ​រត់​ចោល​ដោយ​មិន​ទទួល​ខុស​ត្រូវ​ដល់​កម្មករ។​ ប៉ុន្តែ​គម្រោង​វិសោធនកម្ម​លើ​មាតា្រ​មួយ​ចំនួន​នៃ​ច្បាប់​ការងារ​នេះ មិន​ទទួល​បាន​ការ​ស្វាគមន៍​ពី​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា និង​សហជីព​កម្មករ​នោះ​ទេ ។

រូបភាពចាស់៖ កិច្ច​ប្រជុំ​ស្តី​ពី ​ច្បាប់​សហជីព។​
រូបភាពចាស់៖ កិច្ច​ប្រជុំ​ស្តី​ពី ​ច្បាប់​សហជីព។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក កាំង ម៉ូនីកា អ្នក​នាំ​ពាក្យ និង ជា​អគ្គ​លេខាធិការ​រង របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) លើក​ឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​នេះ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​បរិយាកាស​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា ដែល​អាច​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ថម​ថយ​ការ​វិនិយោគ​ក៏​អាច​បាន។ ហើយ​បញ្ហា​នេះ​មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​វិស័យ​កាត់​ដេរ​ និង​សែ្បក​ជើង​នោះ​ទេ តែ​វិស័យ​ផ្សេង​ទៀត​ក៏​មាន​បញ្ហា​ដែរ ។ លោក​បន្ត​ថា ការ​បើក​ប្រាក់​ឈ្នួល ២​ដង​ក្នុង​ខែ​នេះ​វា​បន្ទុក​ធ្ងន់​ធ្ងរ​សម្រាប់​រោងចក្រ​ដែល​មាន​បុគ្គលិក​រាប់​ម៉ឺន​នាក់ ខណៈ​ដែល​រោងចក្រ​ភាគ​ច្រើន​នៅ​កម្ពុជា មិន​មាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ធនាគារ​ដើម្បី​ធ្វើ​ការ​បើក​ប្រាក់​ខែ​នោះ​ទេ ។ ហើយ​នេះ​វា​ជា​បន្ទុក​ធ្ងន់​ធ្ងរ​មួយ​ទៀត ចំពោះ​ការងារ​រដ្ឋបាល ។ លោក កាំង មូនីកា បញ្ជាក់ ។

កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ លោក​រដ្ឋមន្រ្តី អ៊ិត សំហេង មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ លោក​សង្កេត​ឃើញ​ថា ​មាន​បញ្ហា​ប្រឈម​មួយ គឺ​ថៅកែ​រោងចក្រ​មួយ​ចំនួន​តែង​តែ​រត់​ចោល​កម្មករ ដោយ​សំអាង​លើ​ហេតុផល​ដំណើរ​ការ​អាជីវកម្ម​មិន​ជោគ​ជ័យ ឬ​មិន​អាច​ធានា​រ៉ាប់រង​បាន​នឹង​ប្រាក់​ឈ្នួល​មាន​ការ​កើន​ឡើង។ ដូច្នេះក្រសួង​ការងារ​ នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ទូទាត់​អត្ថប្រយោជន៍ និង​អតីត​ភាព​ការងារ​របស់​កម្មករ​ត្រូវ​បាន​ទទួល មុន​ពេល​ដែល​រោងចក្រ​បិទ ឬ​ថៅកែ​រត់​ចោល។

ដោយ​ឡែក លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ និយាយ​ថា ជា​ការ​ពិត​ថា អ្វី​ដែល​ក្រសួង​ការងារ​បាន​លើក​ឡើង​ខាង​លើ វា​ជា​ផ្នែក​មួយ​ដែរ​នៃ​ការ​ជួយ​ការពារ​ទៅ​ដល់​កម្មករ។ ប៉ុន្តែ ក៏​មាន​កម្មករ​ភាគ​ច្រើន មិន​ពេញ​ចិត្ត​ចំពោះ​ការ​បើក​ប្រាក់ ២​ដង​ក្នុង​មួយ​ខែ​នេះ​ដែរ។ មួយ​វិញ​ទៀត លោក​ប៉ាវ ស៊ីណា បញ្ជាក់​ថា លោក​មិន​ជំទាស់​នៅ​អ្វី​ដែល​ជា​គោលការណ៍​របស់​រដ្ឋ​នោះ​ទេ ប៉ុន្តែ​លោក​យល់​ថា​ក្រសួង​ការងារ​គួរ​កោះ​ហៅ​សហជីព​ទាំង​អស់ ដើម្បី​មក​ប្រជុំ​ផ្សព្វ​ផ្សាយ ប្រាប់​ពី​គោល​បំណង​ដែល​ក្រសួង​ចង់​ធ្វើ​វិសោធនកម្ម​ទៅ​លើ​មាត្រា​ណា​មួយ ដើម្បី​ឱ្យ​សហជីព​យក​ព័ត៌មាន​ទៅ​ប្រាប់​ដល់​សមាជិក និង ថ្នាក់​ដឹក​នាំ​សហជីព​នៅ​តាម​មូលដ្ឋាន​របស់​គាត់ ថា​តើ​គាំ​ទ្រ​ ឬ​មិន​គាំ​ទ្រ ។ ហើយ​នេះ​ចំនុច​សំខាន់ ដើម្បី​កុំ​ឱ្យ​ប៉ះ​ពាល់​នៅ​ពេល​ដែល​ច្បាប់​អនុវត្ត​ហើយ។

សូម​បញ្ជាក់​ថា​កម្មករ និយោជិត នៅ​ក្នុង​វិស័យ​កាត់​ដេរ និង ដេរ​ស្បែក​ជើង នៅ​កម្ពុជា តែង​តែ​បើក​ប្រាក់​ឈ្មួល រវាង​ពី​ថ្ងៃ ៥ ដល់​ថ្ងៃ​ទី ១០​នៃ​ខែ​បន្ទាប់ ពោល​គឺ​ការ​បើក​ប្រាក់​ខែ ដែល​ខែ​ចាស់​ឆ្លង​ចូល​ខែ​ថ្មី គឺ​ខុស​ពី​ការ​បើក​ប្រាក់​បៀវត្ស​របស់​មន្រ្តី​រាជការ ដែល​ធ្វើ​ឡើង​រៀង​រាល់​ចុង​ខែ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ