អានតួអត្ថបទ
កម្ពុជា-សំណង់

ក្រុមហ៊ុន​ជប៉ុន អារ៉ាខាវ៉ា វិនិយោគ​ទឹក​ប្រាក់​៧០​លាន​ដុល្លារ សង់​លំនៅឋាន បែប​ខុន​ដូ សម្រាប់​លក់​ ក្នុង​តម្លៃ​សមរម្យ​ដល់​ប្រជាជន​កម្ពុជា

ក្រុមហ៊ុន​អារ៉ាខាវ៉ា (Arakawa) បាន​សម្រេច​ ​បោះ​ទុន​វិនិយោគ​ទឹក​ប្រាក់​ជាង​ ៧០​ លាន​ដុល្លារ​អាមេរិក សាង​សង់​លំនៅឋាន បែប​ខុន​ដូ ដែល​មាន​តម្លៃ​សមរម្យ ​សម្រាប់​ប្រជាជន​កម្ពុជា។ គម្រោង​លំនៅឋាន​តំលៃ​សមរម្យ សម្រាប់​អ្នក​ដែល​មាន​ជីវភាព​មធ្យម ដែល​ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៨ វិច្ឆិកា​នេះ មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ផ្សារ​ទឹក​ថ្លា សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ លើ​ផ្ទៃ​ដី​ទំហំ​ជាង ១​ម៉ឺន​៣​ពាន់​៦៨០​ម៉ែត្រ​ក្រឡា។

ការ​សម្ពោធ​បញ្ចុះ​បឋម​សិលា បើក​ការដ្ឋាន​សាង​សង់​លំនៅឋាន បែប​ខុនដូ អារ៉ាខាវ៉ា
ការ​សម្ពោធ​បញ្ចុះ​បឋម​សិលា បើក​ការដ្ឋាន​សាង​សង់​លំនៅឋាន បែប​ខុនដូ អារ៉ាខាវ៉ា @សហការី
ផ្សាយពាណិជ្ជកម្ម

គម្រោង​អគារ​ខុនដូ​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ លំនៅឋាន​អារ៉ាខាវ៉ា (Arakawa Residence)។ លំនៅឋាន​អារ៉ាខាវ៉ា បែង​ចែក​ជា​២​ដំណាក់​កាល​ធំៗ ដោយ​ក្នុង​នោះ​ដំណាក់​កាល​ទី​១ មាន​១០ អគារ ដែល​មាន​ប្រមាណ​ជា​២០០០​បន្ទប់ ដែល​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈ​ពេល​២ ទៅ​៣​ឆ្នាំ​ខាង​មុខ។ ដោយ​ក្នុង​មួយ​បន្ទប់ មាន​តម្លៃ​ចន្លោះ​ពី​ជាង​២​ម៉ឺន ទៅ​៣​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​អាឡិច យ៉ាស៊ូម៉ូតូ សហស្ថាបនិក​នៃ​ក្រុមហ៊ុន​អារ៉ាខាវ៉ា ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​របស់​ជប៉ុន វិនិយោគ​នៅ​កម្ពុជា។

លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​មាន​វត្តមាន​នា​ឱកាស​នោះ​ដែរ​បាន​ថ្លែង​ថា គម្រោង​អាគារ​ខុនដូ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណងបំពេញ​នៅ​ទឹក​ចិត្ត​របស់​ពលរដ្ឋ មន្រី្ត​រាជការ ដែល​មាន​ចំណូល​មធ្យម អាច​មាន​លទ្ធភាព​ទិញ​បាន ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក ជា សុផារ៉ា បញ្ជាក់​ថា ​ឱ្យ​តែ​គម្រោង​ដែល​ផ្តល់​ផល​ប្រយោជន៍ និង ផ្តល់​ក្តី​សង្ឃឹម​ដល់​ប្រជាពលរដ្ឋ គឺ ក្រសួង​ដែនដី​នឹង​ខិត​ខំ​បំពេញ​បំណង​ប្រាថ្នា​របស់​ពួក​គាត់។

គួរ​កត់​សម្គាល់​ផង​ដែរ​ថា គម្រោង​លំនៅឋាន​អារ៉ាខាវ៉ា​នេះ នឹង​បើក​លក់​ក្នុង​រយៈ​ពេល​៣ ទៅ​៦​ខែ​បន្ទាប់​ពី​ការ​សម្ពោធ​បញ្ចុះ​បឋម​សិលា បើក​ការដ្ឋាន​សាង​សង់ ក្នុង​គោល​បំណង​ឲ្យ​គម្រោង​នេះ​បាន​លេច​ចេញ​ជា​រូប​រាង​មុន​នឹង​ធ្វើ​ការ​ដាក់​លក់។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក អៀង សុធារ៉ា សហស្ថាបនិក​របស់​ក្រុមហ៊ុន​អារ៉ាខាវ៉ា។

គួរ​ជម្រាប​ជូន​ថា ក្រុមហ៊ុន​អារ៉ាខាវ៉ា មាន​វត្តមាន​នៅ​កម្ពុជា​តែ​ពី​ឆ្នាំ​២០០៨​មក​ម្លេះ។ មិន​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​អារ៉ាខាវ៉ា​នេះ​ហើយ ដែល​បាន​សហការ​ជា​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ ដែល​បាន​វិនិយោគ​ទុន​ដោះ​ស្រាយ​អគារ​ប៊ូឌីញ​ស ដែល​អាច​មាន​ហានិភ័យ​ខ្ពស់​ ជូន​ប្រជាជន​ដែល​រស់​នៅ​ទី​នោះ បាន​ដោយ​ជោគ​ជ័យ ដែល​ជា​គម្រោង​គំរូ​មួយ​ ក្នុង​ការ​អភិវឌ្ឍន៍​គួរ​កត់​សម្គាល់​មួយ​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ