អានតួអត្ថបទ
កម្ពុជា

សិទ្ធិ​នារី​អន្តរជាតិ៖ រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​លើក​កម្ពស់​តម្លៃ​ស្រ្តី

កម្ពុជា​បាន​រៀប​ចំ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា​លើក​ទី ១០៦។ ក្នុង​នោះ​ទាំង​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​នានា បាន​រៀប​ចំ​ទិវា​នេះ​ឡើង​ដាច់​ដោយ​ឡែក​ពី​គ្នា​ និង​ក្រោម​ប្រធាន​បទ​ផ្សេង​គ្នា ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​អត្ថន័យ​តែ​មួយ​គឺ​ចូល​រួម​លើក​កម្ពស់​តម្លៃ​ស្រ្តី។

សិទ្ធិ​នារី​អន្តរជាតិ៖ រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​លើក​កម្ពស់​តម្លៃ​ស្រ្តី
សិទ្ធិ​នារី​អន្តរជាតិ៖ រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​លើក​កម្ពស់​តម្លៃ​ស្រ្តី @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​អះអាង​ថា ស្រ្តី​បាន​ចូល​រួម​គ្រប់​វិស័យ​នៅ​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន ដោយ​គ្មាន​ការ​រើស​អើង ហើយ​ស្រ្តី​ត្រូវ​បាន​ការពារ​តាម​ផ្លូវ​ច្បាប់​នៅ​កម្ពុជា។ ប្រមុខ​រដ្ឋាភិបាល​បន្ត​អះអាង​ថា ស្រ្តី​ជា​ឆ្អឹង​ខ្នង​នៃ​សង្គម​ជាតិ​ដោយ​ក្នុង​នោះ ថ្លៃ​សេវា​ពលកម្ម​របស់​កម្មករ​ជា​ស្រ្តី​ក្នុង​វិស័យ​កាត់ដេរ មាន​ចំណូល​ខ្ពស់ ជាង​បណ្តា​ប្រទេស​មួយ​ចំនួន​។

សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ការ​ចូល​រួម​របស់​ស្រ្តី​គឺ​ជា​ចំណែក​មួយ​ក្នុង​ការ​ទប់​ស្កាត់​ជំលោះ ហើយ​សមភាព​យេនឌ័រ បាន​ចូល​រួម​ចំណែក ក្នុង​ការ​អភិវឌ្ឍ ប្រទេស​ជាតិ។ ជា​ថ្មី​ទៀត​ប្រមុខ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​រួម​គ្នា​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្រ្តី និង​កុមារ ដោយ​ចាប់​ផ្តើម​តាំង​ពី​ពួក​គេ នៅ​កុមារភាព។ ហើយ​ក្នុង​នោះ​បុរស​រួម​គ្នា​លើក​កម្ពស់​វប្បធម៌​អហិង្សា ។ សូម​បញ្ជាក់​ថា ប្រសាសន៍ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ឡើង​នៅ​ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា នា​សាល​មហោស្រព​កោះពេជ្រ ក្រោម​ប្រធាន​បទ «ស្ត្រី ដើម្បី​សុខ​សន្តិភាព និង វឌ្ឍនភាព»។

ដោយ​ឡែក​សម្រាប់​អង្គការ​សង្គម​ស៊ីវិល បាន​រៀប​ចំ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា​នេះ​ឡើង​ក្រោម​ប្រធាន​បទ«ស្ត្រី​ចូល​រួម​ក្នុង​ការ​សម្រេច​ចិត្ត»។ ក្នុង​នោះ​មាន​ការ​ចូល​រួម​ពី​តំណាង​ស្រ្តី​មក​ពី​វិស័យ​កាត់ដេរ ​តំណាង​ក្រសួង​កិច្ចការ​នារី តំណាង​ស្ត្រី​មក​ពី​សេវា​កំសាន្ត​នានា ដែល​ពួក​គេ​បាន​ឡើង​ពី​បញ្ហា​ប្រឈម​នឹង​ការ​រើស​អើង​នានា​ដែល​ស្ត្រី​កំពុង​ជួប​ប្រទះ​។

ឆ្លៀត​ក្នុង​ឱកាស​នេះ ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា លើក​ទី ១០៦​នេះ​ដែរ អ្នកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស្នើ​ឲ្យ​មាន​សកម្មភាព​ដ៏​ក្លាហាន ដើម្បី​ធានា​ឲ្យ​មាន​សមភាព​យេនឌ័រ និង​បញ្ឈប់​នូវ​អំពើ​ហិង្សា​ដោយ​សារ​យេនឌ័រ​គ្រប់​ទម្រង់​ទាំង​អស់។

អ្នក​ស្រី ចក់ សុភាព   ក៏​បាន​លើក​សសើរ​នូវ​វីរៈភាព​ក្លាហាន​របស់​សកម្មជន​ជា​ស្ត្រី ដែល​ប្រឈម​នឹង​ការ​ដាក់​ទោស​ទណ្ឌ ដោយ​សារ​តែ​ការងារ​របស់​ខ្លួន ក្នុង​ការ​គាំទ្រ​សិទ្ធិ​របស់​អ្នក​ដទៃ រួម​មានៈ អ្នកស្រី លឹម មុនី និងអ្នកស្រី ទេព វន្នី ដែល​កំពុង​ជាប់​ពន្ធនាគារ ។

បន្ថែម​ពី​លើ​នេះ​ទៀត អ្នកស្រី ចក់ សុភាព កត់​សម្គាល់​ថា ករណី​រំលោភ​បំពាន​ផ្លូវ​ភេទ លើ​ស្រ្តី និង​នារី​នៅ​តែ​បន្ត​កើត​ឡើង ដែល​ជា​រឿយៗ​ជន​ដៃ​ដល់ មិន​ត្រូវ​បាន​ផ្តន្ទា​ទោស​ឡើយ។  ជាក់​ស្ដែង មរណៈភាព​របស់​អ្នកស្រី ប៉ែន សុគន្ធា នា​ពេល​ថ្មីៗ​នេះ ដែល​បាន​ទុក​ឲ្យ​គាត់​រហូត​លង់​ទឹក​ស្លាប់ ក្នុង​ទន្លេ​នៅ​រាជធានី​ភ្នំពេញ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​មិន​អើពើ​ដែល​គួរ​ឲ្យ​សោក​ស្តាយ ចំពោះ​សិទ្ធិ​របស់​ស្ត្រី ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ