អានតួអត្ថបទ
កម្ពុជា-សង្គម

​កាសែត​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប ចាប់​អារម្មណ៍​ព្រមៗ​គ្នា​ជុំវិញ​ការ​ស្លាប់​របស់​ នួន ជា​

ក្រៅ​ពី​កាសែត​ក្នុង​ស្រុក ការ​ស្លាប់​របស់​ជន​ជាប់​ចោទ នួន ជា កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ព្រមៗ​គ្នា​ដែរ​ពី​សំណាក់​កាសែត​បរទេស ក្នុង​នោះ​មាន​ទាំង​កាសែត​នៅ​ក្នុង​តំបន់​អាស៊ី អឺរ៉ុប និង​កាសែត​អាមេរិក​។ 

ជនជាប់ចោទ នួន ជា បងធំទី២ក្នុងជួរអ្នកដឹកនាំរបបខ្មែរក្រហម
ជនជាប់ចោទ នួន ជា បងធំទី២ក្នុងជួរអ្នកដឹកនាំរបបខ្មែរក្រហម @RFI
ផ្សាយពាណិជ្ជកម្ម

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដ៏​ធំ​របស់​ប្រទេស​សិង្ហបុរី Channel News Asia បាន​ចាប់​អារម្មណ៍ និង​ចុះ​ផ្សាយ​ទៅ​លើ​ការ​ស្លាប់​របស់​ជន​ជាប់​ចោទ នួន ជា ដោយ Channel News Asia ឲ្យ​ចំណង​ជើង​អត្ថបទ​មួយ​ថា «មេ​ដឹក​នាំ​មនោគមន៍​វិជ្ជា របស់​ខ្មែរ​ក្រហម​បាន​ស្លាប់»។ នៅ​ក្នុង​អត្ថបទ​របស់ Channel News Asia បាន​និយាយ​រៀប​រាប់​រំលឹក​ឲ្យ​ដឹង​ពី​ការ​សិក្សា​របស់ លោក នួន ជា ក៏​ដូច​ជា​រៀប​រាប់​រំលឹក​ពី​តួ​នាទី និង​តំណែង​របស់​គាត់ ក្នុង​សម័យ​កម្ពុជា​ប្រជា​ធិប​តេយ្យ​។

មិន​ខុស​ពី Channel News Asia ប៉ុន្មាន​ទេ សារព័ត៌មាន​របស់​ប្រទេស​ថៃ Bangkok Post ក៏​បាន​និយាយ​អំពី​ការ​ស្លាប់​របស់ លោក នួន ជា ដូចគ្នា​ដែរ តាម​រយៈ​អត្ថបទ​ខ្លី​មួយ ដែល​មាន​ចំណង​ជើង​ថា «នួន ជា អ្នក​មនោគមន៍​វិជ្ជា​ខ្មែរ​ក្រហម​បាន​ស្លាប់​ក្នុង​អាយុ​៩៣​ឆ្នាំ»។ Bangkok Post ក៏​បាន​សរសេរ​ឲ្យ​ដឹង​ដែរ​ពី មុខ​ងារ និង​កិច្ច​ការ​របស់ នួន ជា ក្នុង​សម័យ​ខ្មែរ​ក្រហម ដោយ កាសែត បាន​លើក​ឡើង​ពី​ឈ្មោះ​របស់ នួន ជា ថា​ជា​ដៃ​ស្ដាំ​របស់​មេដឹក​នាំ ប៉ុល ពត​។

ចាក​ចេញ​ពី​សារព័ត៌មាន​ក្នុង​តំបន់​អាស៊ី សារព័ត៌មាន​ដ៏​ធំ​មួយ​របស់​សហ​រដ្ឋ​អាមេរិក Washington Post ក៏​លើក​យក​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ស្លាប់​របស់ លោក នួន ជា ដែរ​។ Washington Post បាន​សរសេរ​អត្ថបទ​យ៉ាង​វែង​អន្លាយ​មួយ​ក្នុង​ចំណង​ជើង​ថា«លោក នួន ជា មេដឹក​នាំ​ខ្មែរ​ក្រហម​ដ៏​ទុរយស បាន​ស្លាប់​ក្នុង​អាយុ​៩៣​ឆ្នាំ»។ តាម​រយៈ​ការ​ហៅ​លោក នួន ជា ថា​ជា​មេដឹក​នាំ​ទុរយស​បែប​នេះ Washington Post បាន​បង្ហាញ​ពី​ការ​ដឹក​នាំ​ដ៏​សាហាវ​ឃោឃៅ​របស់​មេដឹក​នាំ ប៉ុល ពត និង នួន ជា ក្នុង​ចន្លោះ​ឆ្នាំ​១៩៧០ ដល់ ១៩៧៥ ដែល​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ស្លាប់​អស់​ប្រមាណ​ជា​២លាន​នាក់​។

ងាក​មក​សារព័ត៌មាន​តំបន់​អ៊ឺរ៉ុប​វិញ សារព័ត៌មាន​ដ៏​ធំ​ជាង​គេ​របស់​បារាំង គឺ​កាសែត Le Monde បាន​ឡើង​ចំណង​ជើង​ថា«នួន ជា អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម និង​ជា​ដៃ​ស្តាំ​របស់​ប៉ុលពត បាន​ស្លាប់»។ កា​សែត​សរសេរ​ថា បងធំ​ទី២ ជា​អ្នក​គ្រប់​គ្រង​ម៉ាស៊ីន​សម្លាប់​មនុស្ស ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ភាព​ភ័យ​រន្ធត់ នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ចន្លោះ​ឆ្នាំ១៩៧៥ ដល់១៩៧៩​។ បុគ្គល​ដែល​ជា ដៃ​ស្តាំ​របស់​ប៉ុល ពត ត្រូវ​បាន​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ“ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ” និង“ អំពើ​ប្រល័យ​ពូជ​សាសន៍” បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​អាទិត្យទី ៤ ខែសីហា នៅ​ទីក្រុង​ភ្នំពេញ​ដែល​ជា​កន្លែង ដែល​គាត់​ត្រូវ​បាន​ឃុំ​ខ្លួន​តាំង​ពី​ឆ្នាំ ២០០៧។

ជាមួយ​គ្នា​នេះ សារព័ត៌មាន ហ្វ្រង់២៤ របស់​បារាំង​ដែរ បាន​ឲ្យ​ដំណឹង​ពី​ការ​ស្លាប់​របស់​លោក នួន ជា ដូច​ដែរ​សារព័ត៌មាន​ឯទៀតៗ​ដែរ ប៉ុន្តែ ហ្វ្រង់២៤ បែរ​ជា​ចាប់​អារម្មណ៍​ច្រើន​ទៅ​លើ​ដំណើរ​ការ​នៃ​ការ​កាត់​ទោស​សាលាក្ដី​ខ្មែរ​ក្រហម​ទៅ​វិញ​។ ដោយ​ក្នុង​អត្ថបទ​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា «នួន ជា បង​ធំ​ទី២​ខ្មែរ​ក្រហម បាន​ស្លាប់» ហ្វ្រង់២៤ បាន​បង្ហាញ​ឲ្យ​ដឹង​ត្រួសៗ​ពី​ការ​ចាប់​ផ្ដើម​នៃ​ការ​កាត់​ទោស​សាលា​ក្ដី​ខ្មែរ​ក្រហម និង​ចំនួន​ទឹក​ប្រាក់​ក្នុង​ការ​ចំណាយ​ក្នុង​ការ​កាត់​ក្ដី​នោះ​អស់​ប្រមាណ​ជា ៣០០​លាន​ដុល្លារ​។

ឯ​សារព័ត៌មាន​ដ៏​ធំ​របស់​ប្រទេស​អង់គ្លេស BBC បាន​ឲ្យ​ចំណង​ជើង​ថា «នួន​ ជា អតីត​មេដឹក​នាំ​រង​នៃ​របប​ខ្មែរ​ក្រហម​បាន​ស្លាប់»។ BBC រៀប​រាប់​ការ​ស្លាប់​របស់​លោក នួន ជា ឲ្យ​ដឹង​ដូច​គេ​ឯង​ដែរ ក៏​ប៉ុន្តែ BBC បាន​ភ្ជាប់​ជាមួយ​អត្ថបទខ្លី​មួយ​ថា លោក នួន ជា មិន​ព្រម​ទទួល​យក​ការ​ទទួល​ខុស​ត្រូវ ឬ មាន​វិប្បដិសារី​អ្វី​ចំពោះ​ឧក្រិដ្ឋ​កម្ម​ដែល​បាន​កើត​ឡើង​ក្នុង​សម័យ​ខ្មែរ​ក្រហម​នោះ​ឡើយ ដោយ BBC បាន​លើក​រំលឹក​បង្ហាញ​ពី​ការ​និយាយ​របស់ លោក នួន ជា ប្រាប់​ទៅ​លើ​អ្នក​កាសែត​កាល​ពី​ពេល​កន្លង​ថា «បើ​យើង​មិន​សម្លាប់​អ្នក​ក្បត់​ផ្ទៃ​ក្នុង​បក្ស​យើង​ទេ យើង​មិន​អាច​វាយ​បំបែក​សត្រូវ​បាន​ទេ ហើយ​វា​ក៏​នឹង​គ្មាន​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​នេះ​ដែរ​»៕

អត្ថបទ​ដោយ៖ ងួន វឌ្ឍនៈបណ្ឌិត

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ