អានតួអត្ថបទ
កម្ពុជា

ក្រសួង​មហាផ្ទៃ​ ប្រកាស​រឹត​បន្តឹង​ការ​ការពារ​សុវត្ថិភាព​ដល់​វិនិយោគិន​ និង​ទេសចរ​បរទេស

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក​ស ខេង​ បាន​ប្រកាស​នៅក្នុង​កិច្ច​ប្រជុំ ​នៅ​ទីស្តីការ​ក្រសួង​ កាល​ពី​រសៀល​ថ្ងៃ​ទី​ ៤​ឧសភា​ ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ផ្នែក​ ត្រូវ​តែ​អនុវត្ត​វិធានការ​ការពារ​សុខ​សុវត្ថិភាព​ ដល់​អ្នក​វិនិយោគ​ទុន​ និង​ភ្ញៀវ​ទេសចរ​បរទេស​ ឲ្យ​កាន់តែ​ប្រសើរ​ឡើង។ ​ការ​ប្រកាស​នេះ​ ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ស្ថានការណ៍​អាក្រក់​មួយ​ចំនួន​ ទាក់ទង​នឹង​បញ្ហា​អសន្តិសុខ​ លើ​ជនបរទេស​ ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​អំឡុង​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ ​២០១៥​នេះ។

លោក ស ខេង​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
លោក ស ខេង​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ប៉ុន្មាន​ខែ​ ដើម​ឆ្នាំ​ ២០១៥​នេះ​ យើង​បាន​លឺ​ច្រើន​ ទាក់ទង​ទៅ​នឹង​ ​បញ្ហា​អសន្តិសុខ​របស់​ជន​បរទេស​ ក្នុង​ខេត្ត​ព្រះសីហនុ​ រហូត​ធ្វើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ សម្រេច​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​តំណែង​ស្នងការ​ខេត្ត​ ដោយ​សារ​បញ្ហា​ទាំង​នេះ។ បញ្ហា​អសន្តិសុខ​ ចំពោះ​បណ្តាជន​បរទេស​ ដែល​រួម​មាន​ដូចជា ​ការ​ឆក់​កាបូប​ ការ​ប្លន់​ ការ​ធ្វើ​ទារុណ​កម្ម​ និង​ស្ថានការណ៍​អសន្តិសុខ​ផ្សេង​ទៀត។ ​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ស ខេង ​ធ្លាប់​បាន​លើក​ឡើង​ថា​ បញ្ហា​អសន្តិសុខ​ទាំង​នេះ​ គឺ​កើត​ចេញ​ដោយសារ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ។

ស្រប​ពេល​នោះ​ដែរ​ នៅ​ពេល​ថ្មី​ៗ​នេះ​ ពោល​គឺ​នៅ​ថ្ងៃ​ចន្ទ​ ទី​៤​ឧសភា​តែ​ម្តង​ លោក​ស ខេង ​បាន​ថ្លែង​ប្រកាស​ឲ្យ​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​ នៅ​តាម​បណ្តា​ខេត្ត​ រាជធានី​ និង​អ្នក​ពាក់ព័ន្ធ​ ត្រូវតែ​អនុវត្ត​វិធាន​ការ​ ការពារ​សន្តិសុខ សុវត្ថិភាព ​ជូន​វិនិយោគិន​ និង​អ្នក​ទេសចរ​បរទេស​ តាម​ផែន​ការ​ដែល​រាជរដ្ឋាភិបាល​ និង​ក្រសួង​មហាផ្ទៃ​ ​បាន​ដាក់​ចេញ។

លោក​ឧត្តម​សេនីយ​ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការ​រង​នគរបាលជាតិ​ បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ ​ផ្សព្វផ្សាយ​ផែនការ​កា​រពារ​សន្តិសុខ​សុវត្ថិភាព​ ជូន​វិនិយោគទុន​ និង​អ្នក​ទេស​បរទេស​ថា​ ផែនការ​ដែល​ក្រសួង​ បាន​ដាក់​ចេញ​សម្រាប់​ការ​ការពារ​សុខសុវត្ថិភាព​ ទាំង​នោះ​រួម​មាន​ដូចជា​ គ្រប់​រាជធានី ខេត្ត ត្រូវ​ខិតខំ​ពង្រឹង​វិធាន​ការ​រក្សា​សន្តិសុខ​ សណ្តាប់​ធ្នាប់​ និង​សុវត្ថិភាព​សង្គម​ នៅ​ក្នុង​ភូមិសាស្ត្រ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ឲ្យ​បាន​ជាប់​ជាប្រចាំ​។ ត្រូវ​ក្តាប់​ឲ្យ​ជាប់​នូវ​គោល​នយោបាយ​ទាក់ទាញ​អ្នក​វិនិយោគទុន​របស់​រាជរដ្ឋាភិបាល​ ​គោល​នយោបាយ​ទេសចរណ៍​ជាតិ​ និង​ត្រូវ​យកចិត្ត​ទុក​ផ្សព្វផ្សាយ​បន្ត​ដើម្បី​បំផុស​ចលនា​ចូលរួម​ជាមួយ​សមត្ថកិច្ច​ ក្នុង​ការ​ការពារ​អ្នកវិនិយោគទុន​ និង​ភ្ញៀវ​ទេសចរ​បរទេស​។ និង​ត្រូវ​ជំរុញ​ការ​អនុវត្ត​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ​ពិសេស​បំផុត​សកម្មភាព​ចូលរួម​របស់​ប្រជាពលរដ្ឋ​ នៅ​ជុំវិញ​គោល​ដៅ​វិនិយោគ​ ឬ​គោលដៅ​ទេសចរណ៍​ ឲ្យ​បាន​ល្អ​ប្រសើរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ