អានតួអត្ថបទ
កម្ពុជា

ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ឲ្យ​អ្នក​ពាក់ព័ន្ធ​ប្រុង​ប្រយ័ត្នទឹកជំនន់ ​ខណៈ​​អាកាស​ធាតុ​​នៅ​​បន្ត​​អាប់​អួរ​

រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​ណែនាំ​ដល់​ក្រសួង ​ស្ថាប័ន​ពាក់ព័ន្ធ ​អាជ្ញាធរ​ដែនដី​ និង​ប្រជាពលរដ្ឋ ​នៅ​ទូទាំង​ប្រទេស​បង្កើន​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ជំនន់​ទឹកភ្លៀង ​និង​ជំនន់​ទឹកទន្លេ​មេគង្គ ​ដែល​បាន​ជន់​លិច ​និង​បន្ត​ជន់​លិច​នៅ​តាម​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា​។ ​ការ​លើកឡើង​របស់រ​ដ្ឋា​ភិ​បាល​នៅ​ពេល​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ខេត្ត​ចំនួន​៧ ​បាន​ទទួល​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ​និង​ទឹក​ទន្លេ​មេគង្គ​អាច​នឹង​ជន់​លិច ​ខណៈ ​ភ្លៀង​បាន​បន្ត​ធ្លាក់​ឥត​ឈប់ឈរ​។

ទ្វារទឹកមួយចំនួនត្រូវបានបើកបង្ហូរ ដើម្បីរំដោះទឹកផ្នែកខាងលើ
ទ្វារទឹកមួយចំនួនត្រូវបានបើកបង្ហូរ ដើម្បីរំដោះទឹកផ្នែកខាងលើ MWRM
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ណែនាំ​របស់​រដ្ឋាភិបាល​ស្តីពី​ការ​ត្រៀម​បង្ការ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ទឹក​ជំនន់ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ប្រាប់​ឲ្យ​មន្ត្រី​របស់​លោក​ចាប់​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ​និង​ត្រូវមាន​ការ​រៀបចំ​ទុក​ជាមុន ​ដោយ​ប្រើ​កម្លាំង​សរុប ​មធ្យោបាយ​សរុប ​នៅ​ពេល​មាន​ទឹក​ជំនន់​កើត​ឡើង​។ ​លើស​ពីនេះ ​សេចក្តីណែនាំ ក៏​តម្រូវ​ឲ្យ​មាន​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​​សុវត្ថិភាព​ បញ្ចៀស​ឲ្យ​ខាង​តែ​បាន​ នូវ​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត ​និង​ការ​ខូចខាត​ផ្សេង ​ៗ​ដែល​កើត​មាន​ឡើង​ជា​យថាហេតុ​។

ដំណាល​គ្នា​នេះ ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ​ក៏​បាន​ចេញ​សារ​អប់រំ​ខ្លី​ទៅ​ដល់​ប្រជាពលរដ្ឋ​ ដែល​កំពុង​ជួប​ប្រទះ​នឹង​ទឹក​ជំនន់​។ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ​បាន​ណែនាំ​ថា ​ប្រជាជន​ត្រូវ​តាមដាន​ពី​ស្ថានភាព​ទឹក​ជំនន់ ​កុំ​បើកបរ​លើ​ទឹក​ជំនន់ ​ជៀសវាង​ពស់​ចឹក ​ដោយ​ហាម​មិន​ឲ្យ​យក​ដៃ​ផ្ទាល់​ទៅ​កាយ​កន្លែង​ទួល​ឬ​ពុំនូក​នានា ​ប្រុង​ប្រយ័ត្ន​ចំពោះ​អគ្គិសនី ​ប្រើប្រាស់​ទឹក​ស្អាត ​ឆ្អិន ​និង​បរិភោគ​ចំណី​អាហារ​ឆ្អិន​ជានិច្ច ​រក្សា​អនាម័យ ​ជាដើម​។

ក្រៅពីនេះ ​ក្រសួង​សុខាភិបាល ​ក៏​បាន​បង្ហាញ​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ផង​ដែរ ​គឺ​១១៥ ​សម្រាប់​ទាក់ទង​សុំ​កិច្ច​អន្តរាគមន៍ ​ខណៈ​មាន​ការ​ណែនាំ​ឲ្យ​មាន​ការ​បង្ការ ​ក្នុង​អំឡុង​ពេល​មាន​ទឹក​ជំនន់ ​ដោយ​ឲ្យ​ប្រុងប្រយ័ត្ន​នូវ​ជំងឺ​ឆ្លង​ផ្សេង​ៗ ​ក្នុង​នោះ​មាន​ជំងឺ​រាករូស ​គ្រុន​ពោះវៀន ​អាសន្ន​រោគ​ ពុល​ចំណី​អាហារ ​គ្រុនចាញ់ ​គ្រុនឈាម ​ផ្តាសាយ​ធំ ​ជំងឺ​រមាស់​ស្បែក​ជា​ដើម​។

សូម​បញ្ជាក់​ថា ​ប្រទេស​កម្ពុ​ជា​មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ ​បាន​ទទួល​រង​នូវ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​ ជា​ហេតុ​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ​បណ្តាល​ឲ្យ​ខេត្ត​យ៉ាងហោច​ណាស់​៧​ បាន​រង​នូវ​ជំនន់​ទឹក​ភ្លៀង​រួច​ទៅ​ហើយ ​មាន​ខេត្ត​កំពត​ កោះកុង ​កំពង់ស្ពឺ ​បាត់ដំបង​ ប៉ៃលិន ​និង​ខេត្ត​ព្រះសីហនុ​។ ​ជាមួយគ្នា​នេះ ​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​របស់​ទ​ន្លេ​ង​មេគង្គ ​ក្នុង​ប្រទេស​ឡាវ​និង​ប្រទេស​ថៃ ​ក៏​មាន​ភ្លៀង​ធ្លាក់​ច្រើន​ដែរ ​បង្ក​ឲ្យ​ទឹក​ទន្លេ​មេគង្គ​ហក់​ឡើង​ខ្លាំង​។

រហូត​មក​ទល់​ពេលនេះ ​នៅ​មិនទាន់​មាន​ប្រជា​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ​ដល់​អាយុ​ជីវិត ​ដោយសារ​ទឹក​ជំនន់​នៅ​ឡើយ ​ក៏​ប៉ុន្តែ​ប្រជាជន​រាប់ពាន់​គ្រួសារ ​រង​ផល​ប៉ះពាល់ ​និង​ត្រូវ​បាន​ជន្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ​ស្រូវ​ និង​ដំណាំ ​រាប់ពាន់​ហិច​តា​ដែរ ​ក៏​ត្រូវ​បាន​ទឹក​លិច​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ