អានតួអត្ថបទ
កម្ពុជា

លោក Rodrigo Duterte រងការ​រិះគន់​ថា​គ្មាន​សុជីវធម៌ ចំពោះ​ការ​ពាក់​អាវ​មូរដៃ ចូល​គាល់​ព្រះ​មហាក្សត្រ និង​ជួប​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ!​

ទស្សនកិច្ច​លើក​ទី​១ របស់​ប្រធានាធិបតី​ហ្វីលីពីន នៅ​កម្ពុជា បាន​បញ្ចប់​ហើយ​នៅ​ល្ងាច​នេះ។ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ ចំនួន​ ២​ថ្ងៃ​នេះ លោក​ Rodrigo Duterte បាន​ចូល​គាល់​ព្រះ​មហាក្សត្រ​ខ្មែរ និង​បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា។ នៅ​ក្នុង​ជំនួប​ទាំង​ពីរនេះ គឺ​ប្រមុខ​រដ្ឋ​ហ្វីលីពីន ពាក់​អាវ​ស​មូរ​ដៃ ហើយ​ត្រូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ការ​ទូត និង​ពលរដ្ឋ​មួយ​ចំនួន​ ថា​ជា​ការ​ស្លៀក​ពាក់​មិន​សមរម្យ​។

លោក Rodrigo Duterte រង​ការ​រិះ​គន់​ថា​គ្មាន​សុជីវធម៌ ​ចំពោះ​ការ​ពាក់​អាវ​មូរ​ដៃ ​ចូល​គាល់​ព្រះ​មហាក្សត្រ ​និង​ជួបនា​យក​រដ្ឋ​មន្ត្រី​ខ្មែរ!​
លោក Rodrigo Duterte រង​ការ​រិះ​គន់​ថា​គ្មាន​សុជីវធម៌ ​ចំពោះ​ការ​ពាក់​អាវ​មូរ​ដៃ ​ចូល​គាល់​ព្រះ​មហាក្សត្រ ​និង​ជួបនា​យក​រដ្ឋ​មន្ត្រី​ខ្មែរ!​
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី Rodrigo Duterte បាន​ពាក់​អាវ​ប្រពៃណី​ហ្វីលីពីន ពណ៌ស ដោយ​មូរដៃ​អាវ ដើម្បី​ចូល​គាល់​ព្រះ​មហាក្សត្រ​ខ្មែរ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៤​ធ្នូ​ ហើយ​ពេល​រសៀល ប្រមុខ​រដ្ឋ​ហ្វីលីពីន រូប​នេះ បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ក្នុង​សម្លៀក​បំពាក់​ដដែល​។ ចំពោះ​ការ​ស្លៀកពាក់​បែបនេះ អ្នក​ជំនាញ​ពិធីការ​ទាំង​ខ្មែរ​ និង​បរទេស សុទ្ធ​តែ​បាន​រិះគន់​ចំៗ​ពាស​ពេញ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ ថា​ជា​ការ​ខ្វះ​សុជីវធម៌​។

អ្នក​ជំនាញ​ពិធីការ​ជាន់​ខ្ពស់​ ជនជាតិ​បារាំង​ម្នាក់​ ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បញ្ចេញ​យោបល់​ថា​ ក្នុង​នាម​ប្រមុខ​រដ្ឋ​មន្ត្រី​មួយ​រូប គេ​មិន​អាច​ចេះ​តែ​ស្លៀក​ពាក់​សាមញ្ញ​ធម្មតា​តែ​គ្រប់​កាលៈទេសៈ​នោះ​ទេ។ ការ​ធ្វើ​ដូច្នេះ គឺ​ខ្វះ​សីលធម៌​ ហើយ​រឹង​រឹត​តែ​មិន​សម​រម្យ​ទៅ​ទៀត​ ជា​ពិសេស​នៅ​ពេល​ចូល​គាល់​ព្រះ​មហាក្សត្រ​យ៉ាង​ដូច្នេះ​។ អ្នក​ជំនាញ​ពិធីការ​ដដែលបញ្ជាក់​ថា បើ​គាត់​ចង់​បង្ហាញ​ពី​អាវ​សម្លៀក​បំពាក់​ប្រពៃណី​របស់​ខ្លួន​ ក៏​មិនអីទេ បើ​សិន​ជា​ គាត់​គ្រាន់​តែ​កុំ​មូរ​ដៃ​អាវ​ និង​បិទ​ឡេវ​អាវ​ឲ្យ​សមរម្យ​នោះ​។

ចំណែក​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ ដើម្បី​ប្រជាធិបតេយ្យ បាន​លើក​ឡើង​ក្នុង ​Facebook របស់​ខ្លួន​ថា ការ​ពាក់អាវ​បែប​នេះ​ មិន​សម​ទេ​ ហើយ​ជា​ការ​មិន​ឲ្យ​តម្លៃ​ដល់អ្នក​រៀបចំ​ទទួល​ខ្លួន​។​ លោក ខឹម វាសនា គូស​បង្ហាញ​ថា​ នេះ​មិន​មែន​ជា​សកម្មភាព​នៃ​បុគ្គល​ ដែល​មាន​ចរិត​សាមញ្ញ​នោះ​ទេ តែ​គឺ​ជា​សកម្មភាព​ជម្លើយ​។

ទោះ​យ៉ាង​នេះ​ក្តី បណ្ឌិត​ សុខ ទូច ដែល​ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ របស់​រាជ​បណ្ឌិត្យ​កម្ពុជា យល់​ឃើញ​ថា នេះ​ជា​ចរិត​ផ្ទាល់​ខ្លួន​របស់​លោក Duterte ទៅ​វិញ​ទេ។ ក៏​ប៉ុន្តែ​បណ្ឌិត​រូប​នេះ កត់​សម្គាល់​ផង​ដែរ​ថា បើ​សិន​ជា​លោក Duterte បាន​ចង់​អ្វី​ពី​គេ​វិញ​នោះ​ ​គឺ​លោក​សម្រប​ខ្លួន​តាម​ខ្លះ ដូចជា​កាល​ពីពេល​ទៅ​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​ចិន គឺ​ Duterte បាន​ស្លៀកពាក់​​សមរម្យ​ដោយ​មាន​អាវ​​ធំ និង​ក្រវ៉ាត់​ក​ត្រឹមត្រូវ។

ជាការ​កត់​សម្គាល់ លោក​ Duterte តែងតែពាក់​អាវ​យឺត និងអាវ​ប្រពៃណី​ពណ៌សនិងមូរ​ដៃ​អាវ​។​ ហើយ​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅប្រទេស​ឡាវ​ក្នុង​ខែកញ្ញា នាពេល​កន្លងទៅ ក៏​លោក Rodrigo Duterte ស្លៀក​ពាក់​បែបនេះដែរ សូម្បីតែ​ក្នុង​ជំនួប​​ដាច់​ដោយ​ឡែក​ជាមួយ លោក Shinzo Abe នាយករដ្ឋមន្ត្រី​ជប៉ុន ក៏​លោក Duterte ស្លៀកពាក់​សាមញ្ញ​អ៊ីចឹង​ដែរ។ លើកលែង​តែ​ម្តងគត់​ គឺ​ក្នុងថ្ងៃទី២ ​កិច្ចប្រជុំ​អាស៊ាននេះ​ ដែលលោក​ពាក់​អាវ​ធំពណ៌ខ្មៅ និង​ក្រវ៉ាត់កឆ្នូត​តិចៗ​។ ​

ប្រធានាធិបតី​ហ្វីលីពីនរូប​នេះ ត្រូវ​បាន​គេ​ហៅថា ជា​មនុស្ស​មាត់​ឆៅ ត្បិត​លោកបាន​ប្រើពាក្យ​អសុរោះ​ជាសាធារណៈ​ជា​ញឹកញឹក។ លោក​​ធ្លាប់ជេរ​ប្រធានានាធិបតី Obama  ហើយ​ជេរ​រហូត​ទៅដល់​សម្តេច​ប៉ាប់ ហ្វ្រង់ស័រ ថែមទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ