ឆ្នាំ២០២២ កម្ពុជានឹងមានថាមពលប្រើប្រាស់គ្រប់គ្រាន់ ដោយមិនចាំពឹងផ្អែកលើប្រទេសជិតខាង
កម្ពុជា នៅថ្ងៃទី ២៥ កញ្ញានេះ បានសម្ពោធដាក់ឲ្យដំណើរការទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលអាចផលិតថាមពលអគ្គិសនីបាន ៤០០ មេហ្គាវ៉ាត់។ ទំនប់វារីអគ្គិសនីធំជាងគេនៅកម្ពុជា មួយនេះ ស្ថិតនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនចំនួន៣ (កម្ពុជា ចិន វៀតណាម) ។ តាមរយៈពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ នៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា នៅត្រឹមឆ្នាំ២០២២ខាងមុខ កម្ពុជានឹងមានថាមពលប្រើប្រាស់គ្រប់គ្រាន់ រហូតដល់ទីជនបទ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤០
តាមរយៈការសម្ពោធដាក់ឲ្យដំណើរការនូវទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅភាគឥសានកម្ពុជា នៅថ្ងៃទី ២៥ កញ្ញានេះ កម្ពុជារំពឹងថា ទំនប់វារីអគ្គិសនីដ៏ធំជាងគេនៅកម្ពុជាមួយនេះ នឹងជួយកាត់បន្ថយការនាំចូលថាមពលអគ្គិសនីពីប្រទេសជិតខាង តួយ៉ាងដូចជា ប្រទេសថៃ ឡាវ និងប្រទេសវៀតណាម។ លើសពីនេះ កម្ពុជាក៏ចង់បានដែរ នូវឯករាជ្យភាពខាងថាមពលអគ្គិសនីដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកទៅលើប្រទេសជិតខាងទៀតទេ។ នេះបើតាមការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី ២៥ កញ្ញា ឆ្នាំ ២០១៧នេះ។
គួរបញ្ជាក់ថា ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលផលិតថាមពលអគ្គិសនី ៤០០មេហ្គាវ៉ាត់នេះ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Hydro Power Se San 2 Co,.Ltd ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន កម្ពុជា ចិន និងវៀតណាម ក្នុងទំហំទឹកប្រាក់ប្រមាណជា៨០០លានដុល្លារអាមេរិក។ ក្នុងនោះក្រុមហ៊ុនចិន Hydrolancang International Energy វិនិយោគ៥១ភាគរយ ទី២. ក្រុមហ៊ុន Royal Group របស់លោកឧកញ៉ា គិត ម៉េង ៣៩ភាគរយ និងទី៣. គឺ ក្រុមហ៊ុន EVN International នៃប្រទេសវៀតណាមចូលរួមវិនិយោគ១០ភាគរយ។ ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២នេះ ត្រូវបានអ្នកបរិស្ថាននិយមរិះគន់ថា បានធ្វើឲ្យប៉ះពាល់បរិស្ថាន ការចរាចណ៍ទៅមករបស់ត្រី ការប្រកបរបររកស៊ី និងការរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះ។ ហើយក្នុងនោះ ប្រជាពលរដ្ឋរាប់រយគ្រួសារនឹងត្រូវចាកចេញពីភូមិ។ យ៉ាងណាក៏ដោយ បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កម្ពុជា នឹងបន្តជំរុញការសាងសង់ទំនប់វារីអគ្គិសនីទៅតាមដំណាក់កាល បន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់កម្ពុជា។
សូមបញ្ជាក់ថា ក្រៅពីការសម្ពោធដាក់ឲ្យដំណើរការទំនប់វារីអគ្គិសនីសេសានក្រោម២នៅថ្ងៃនេះ កាលពីដើមខែកញ្ញានេះដែរ កម្ពុជាក៏បានដាក់ឲ្យសាកល្បងការផលិតថាមពលពីពន្លឺព្រះអាទិត្យជាលើកដំបូង ដែលស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ដែលអាចផលិតថាមពលអគ្គិសនីបានជាង១០មេហ្គាវ៉ាត់។ ថាមពលអគ្គិសនីដែលបានមកពីការប្រើប្រាស់ផ្ទាំងសូឡាចំនួន៣៣០០ផ្ទាំងកញ្ចក់នោះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Sunseap Asset មកពីសឹង្ហបុរីដែលចំណាយថវិកាប្រមាណជា ១២.៥ លានដុល្លារ ក្នុងកិច្ចសន្យារយៈពេល២០ឆ្នាំ។
បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកម្ពុជាប្រមាណជា ៣លាន២សែន៨ម៉ឺនខ្នងផ្ទះ កំពុងប្រើប្រាស់ថាមពលអគ្គិសនី ខណៈដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងមានថាមពលប្រើប្រាស់គ្រប់គ្រាន់នៅទូទាំងប្រទេស នៅត្រឹមឆ្នាំ២០២២ខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ