អានតួអត្ថបទ
កម្ពុជា

តុលាការ​កោះ​ហៅ​លោក សម រង្ស៊ី និង​លោក​ស្រី ថាក់ ឡានី ឱ្យ​ចូល​បំភ្លឺ​រឿង​បណ្តឹង​លោក​ហ៊ុន សែន

នៅ​ទី​បំផុត​ទៅ​ ដំណើរ​ការ​ក្តី​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​ស្រី​ថាក់ ឡានី សមាជិក​ព្រឹទ្ធសភា បាន​ឈាន​ដល់​ដំណាក់​កាល​នៃ​ការ​បំភ្លឺ​ពី​ដើម​ចោទ និង​ចុង​ចោទ។ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​នេះ ជាប់​បណ្តឹង​របស់​ប្រមុខ​រដ្ឋាភិបាល​ដូច​គ្នា។ ប៉ុន្តែ​តុលាការ​នៅ​មិន​ទាន់​សម្រេច​ចោទ​ប្រកាន់​នៅ​ឡើយ​នោះ​ទេ។

តុលាការ​ក្រុង​ភ្នំពេញ
តុលាការ​ក្រុង​ភ្នំពេញ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញដីកា​កោះ​ហៅ​លោក សម រង្ស៊ី ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​ ១៩ សីហា​ខាង​មុខ ខណៈ​ដែល​លោក​ស្រី​ ថាក់ ឡានី នឹង​ត្រូវ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​មុខ​តុលាការ​នៅ​ថ្ងៃ​ទី​ ៨ សីហា​ផង​ដែរ។ ចំណែក​ឯ​មេធាវី​ដើម​ចោទ លោក​ គី តិច តំណាង​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ដែល​ជា​ដើម​បណ្តឹង​នឹង​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​ ៥ សីហា​ខាង​មុខ​នេះ។

ទាំង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​វ័ណ្ឌក​ដោយ​បណ្តឹង​ស្រាប់ ត្រូវ​បាន​មេធាវី​នាយក​រដ្ឋ​មន្ត្រី​ប្តឹង​មួយ​ករណី​ទៀត ក្រោយ​លោក​អត្ថាធិប្បាយ និង​សរសេរ​បង្ហោះ​តាម​បណ្តាញ​សង្គម​ ដែល​ចោទ​រដ្ឋ​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ថា​ជា​អ្នក​រៀបចំ​អំពើ​ភេរវកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ ចំណែក​ឯ​លោក​ស្រី ថាក់ ឡានី​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី វិញ​ក៏​ជាប់​បណ្តឹង​មួយ​ដែរ​ បន្ទាប់​ពី​លោក​ស្រី​បាន​ថ្លែង​ជា​សាធារណៈ​ថា ​លោក​នាយក​រដ្ឋ​មន្ត្រី​ គឺ​ជា​អ្នក​បាញ់​សម្លាប់​លោក កែម ឡី។ ក្នុង​បណ្តឹង​ពីរ​ផ្សេង​គ្នា​នេះ លោក ​ហ៊ុន សែន បាន​ប្តឹង​ទាម​ទារ​សំណង​ពី​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​ចំនួន​២​រយ​រៀល។ ទន្ទឹម​នឹង​នោះ លោក​ស្រី​ថាក់ ឡានី ធ្លាប់​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

ដោយ​ឡែក​មេធាវី សម សុគង់ មេធាវី​ការពារ​ក្តី​ឱ្យ​លោក​សម រង្ស៊ី បាន​ត្រៀម​ការពារ​កូន​ក្តី​របស់​ខ្លួន និង​រៀប​ចំ​ឯកសារ ដែល​មាន​ទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ​រួច​រាល់​អស់​ហើយ។ ក្រៅ​ពី​បណ្តឹង​មក​កាន់​គណបក្ស​ប្រឆាំង អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម ឡី ក៏​បាន​ធ្វើ​ឱ្យ​ មនុស្ស​២​រូប និង​ព្រះសង្ឃ​មួយ​អង្គ បាន​រត់​ភៀស​ខ្លួន និង​ភៀស​ព្រះកាយ​ទៅ​កាន់​ប្រទេស​ថៃ​ដោយ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព។ យ៉ាង​ណា​ក៏​ដោយ លោក អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា ការ​ប្តឹង​ផ្តល់​លើ​អ្នក​អត្ថាធិប្បាយ​នោះ គឺ​មិន​មែន​ជា​ដំណោះ​ស្រាយ​នោះ​ទេ​ ព្រោះ​គ្រួសារ​ជន​រង​គ្រោះ​ចង់​បាន​តែ​យុត្តិធម៌​ និង​ស្វែង​រក​ការ​ពិត​តែ​ប៉ុណ្ណោះ។ សូម​កត់​សម្គាល់​ថា ព្រឹទ្ធសភា​កម្ពុជា​នៅ​មិន​ទាន់​បើក​កិច្ច​ប្រជុំ​ដក​អភ័យ​ឯក​សិទ្ធ​លើ​​លោក​ស្រី​ថាក់ ឡានី តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី នៅ​ឡើយ​ទេ ខណៈ​តុលាការ​នៅ​មិន​ទាន់​សម្រេច​ចោទ​ប្រកាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ