អានតួអត្ថបទ
កម្ពុជា

ស្ថានការ​នយោបាយ​ក្តៅ​៖ លោក​សម រង្ស៊ី នៅ​មាន​ទំនាក់​ទំនង​ជាមួយ​លោក​ហ៊ុន សែន

លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ចន្ទ​ទី​១៧ សីហា​នេះ​បាន​ទៅ​សួរ​សុខ​ទុក្ខ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាង​រាស្ត្រ​ព្រឹទ្ធសភា​លោក​ហុង សុខហួរ​នៅ​ពន្ធនាគារ​ព្រៃសរ។ បើ​ទោះបី​ជា​ស្ថាន​ការ​នយោបាយ​ក្តៅ​ក៏​ដោយ ប៉ុន្តែ​ប្រមុខ​បក្ស​គូរ​ប្រជែង​ទាំង​ពីរ​នៅ​តែ​បន្ត​រក្សា​ទំនាក់​ទំនង​ជាមួយ​គ្នា​ធម្មតា។

លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ចន្ទ​ទី​១៧ ​សីហានេះ​បាន​ទៅ​សួរ​សុខ​ទុក្ខ​សកម្មជ​ន​គណបក្ស​សង្គ្រោះជាតិ ​និង​តំណាង​រាស្ត្រ​ព្រឹទ្ធសភាលោ​កហុង ​សុខហួរ​នៅ​ពន្ធនាគារ​ព្រៃសរ​។ ​
លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ចន្ទ​ទី​១៧ ​សីហានេះ​បាន​ទៅ​សួរ​សុខ​ទុក្ខ​សកម្មជ​ន​គណបក្ស​សង្គ្រោះជាតិ ​និង​តំណាង​រាស្ត្រ​ព្រឹទ្ធសភាលោ​កហុង ​សុខហួរ​នៅ​ពន្ធនាគារ​ព្រៃសរ​។ ​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក​សម រង្ស៊ី និង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​តែ​បន្ត​ទំនាក់ទំនង​តាម​រយៈ​ទូរស័ព្ទ​ និង​បណ្តាញ​ទំនាក់​ទំនង​ផ្សេង​ៗ​ទៀត។ នេះ​ជា​ការ​បញ្ជាក់​ពី​លោក​សម រង្ស៊ី សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ​ នៅ​ពេល​ដែល​លោក​បាន​សួរ​សុខ​ទុក្ខ​តំណាង​រាស្ត្រ​និង​សកម្មជន​នៅ​ពន្ធនាគារ​ព្រៃស។ ប្រធាន​គណបក្ស​ប្រឆាំង​៤​អាណត្តិ​រូប​នេះ រំពឹង​ថា​លោក​នឹង​អាច​សន្ទនា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ដើម្បី​ដោះស្រាយ​ការ​ឃុំ​ខ្លួន​សកម្មជន និង​សមាជិក​ព្រឹទ្ធសភា​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ។ ប៉ុន្តែ​លោក​សម រង្ស៊ី​នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​កាល​បរិច្ឆេទ​នៃ​ការ​ជួប​ចរចា​ជា​ផ្លូវ​ការ​រវាង​ដៃគូរ​សន្ទានា​ទាំង​ពីរ​នោះ​ទេ។

លោក សម រង្ស៊ី មិន​មាន​ប្រតិកម្ម​ខ្លាំង​ៗ​លើ​ស្ថានការណ៍​នយោបាយ​ដែល​កំពុង​មាន​កំ​ដៅ​នេះ​ទេ។សម្រាប់​លោក សម រង្ស៊ី វប្បធម៌​សន្ទនា​តែមួ​យ​គត់​ដែល​នឹង​អាច​ដោះស្រាយ​បញ្ហា​នយោបាយ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។

ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ​នេះ បាន​កើន​ឡើង​កំដៅ​ឡើង​វិញ​បន្ទាប់​ពី​សកម្មជន​គណបក្ស​ចំនួន​ជាង​១០​រូប និង​សមាជិក​ព្រឹទ្ធសភា​ត្រូវ​បាន​ជាប់​ឃុំ ក្នុង​សំណុំ​រឿង​អំពើ​ហិង្សា​កាល​ពី​ឆ្នាំ​២០១៤​ និង​សំណុំ​រឿង​ក្លែង​បន្លំ​ឯកសារ​ស្តី​ពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម។ យ៉ាងណា​ក៏​ដោយ លោក​ សម រង្ស៊ី​បាន​លើក​ឡើង​ក្រោយ​វិល​មក​ដល់​កម្ពុជា​វិញ​ថា វត្តមាន​របស់​លោក​លើក​នេះ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការ​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង។

សមាជិក​គណបក្ស​ប្រឆាំង​ដែល​កន្លង​ធ្លាប់​ត្រូវ​បាន​ដោះលែង​តាម​រយៈ​វប្បធម៌​សន្ទនា​រវាង​លោក សម រង្ស៊ី និង​លោក​ហ៊ុន​ សែន​ផង​ដែរ។ ដោយ​ឡែក​គណបក្ស​កាន់​អំណាច​នៅ​តែ​ប្រកាន់​ជំហរ​ថា សំណុំ​រឿង​សកម្មជន​ទាំង​១៣​រូប និង​តំណាង​រាស្ត្រ​ព្រឹទ្ធសភា គឺ​មិនមែន​ត្រូវ​ដោះស្រាយ​តាម​រយៈ​វប្បធម៌​សន្ទនា​នោះ​ទេ។ ប៉ុន្តែ​ករណី​ទាំង​អស់​ត្រូវ​ដើរ​តាម​នីតិវិធី​របស់​តុលាការ។

សូម​រំលឹក​ថា សមាជិក​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​មាន​ចំនួន​១៤​រូប ​ក្នុង​នោះ​សកម្មជន​ចំនួន​១៣​រូប​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ឆ្នាំ​២០១៤ និង លោកហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​ដែល​ជាប់​ពាក់​ព័ន្ធ​ការ​ចោទ​បទ​ក្លែង​បន្លំ​ឯកសារ​រឿង​ព្រំដែន​កម្ពុជា និង​វៀតណាម។ ទោះបី​ជា​យ៉ាង​ណា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​បាន​ផ្តាំ​លោក​សម រង្ស៊ី ថា​ពួក​គេ​មិន​មែន​ជា​ថ្នូរ​នយោបាយ​នោះ​ទេ​ ខណៈ​ដែល​លោក សម រង្ស៊ី គ្រោង​នឹង​ជួប​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ