អានតួអត្ថបទ
កម្ពុជា

គណបក្ស​ប្រជាជន៖ អាមេរិក​បាន​អនុញ្ញាត​ឱ្យ​មាន​បាតុកម្ម​ប្រឆាំង​លោក​ហ៊ុន សែន

អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំងបាន​ចេញ​សេចក្តី​​ប្រកាស​ព័ត៌មាន​ថា ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​កាំង​នឹង​នៅ​តែ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ពេល​ដែល​លោក​នឹង​ធ្វើ​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​នៅ​អាមេរិក​នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈ​នេះ។ ទន្ទឹម​នឹង​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​បាតុកម្ម​ប្រឆាំង​នឹង​មេបក្ស​ខ្លួន​គឺ​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​អនុញ្ញាត​ឱ្យ​ធ្វើ​ហើយ។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ក្នុង​ថ្ងៃ​កិច្ច​ប្រជុំសភា​​ អំពី​ការ​​អនុម័ត​​សេចក្ដី​​ព្រា​ង​ច្បាប់​៣​ ​នា​ពេល​កន្ល​ង​មក​
លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ក្នុង​ថ្ងៃ​កិច្ច​ប្រជុំសភា​​ អំពី​ការ​​អនុម័ត​​សេចក្ដី​​ព្រា​ង​ច្បាប់​៣​ ​នា​ពេល​កន្ល​ង​មក​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

លោកសុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន ឱ្យ​ដឹង​ថា សហរដ្ឋអាមេរិក​កាល​ពី​សប្តាហ៍​បាន​អនុញ្ញាតិ​ឱ្យ​ខ្មែរ​នៅ​អាមេរិក​កាំង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​ហើយ។ ជា​បាតុកម្ម​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ​នេះ ពេល​លោក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​អាស៊ាន នៅ​រដ្ឋកាលីហ្វ័រញ៉ា។ អ្នក​នាំ​ពាក្យ​រូប​នេះ បាន​បន្ថែម​ថា​ បាតុកម្ម​គឺ​ជា​សិទ្ធ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​អាជ្ញាធរ​អាមេរិក​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​សម្រាប់​សុវត្ថិភាព​នៃ​ភ្ញៀវ​ដែល​មក​បំពេញ​ទស្សនៈ​កិច្ច​នៅ​ប្រទេស​ខ្លួន។ លោកសុខ ឥសាន បាន​សង្កត់​ធ្ងន់​ថា គណបក្ស​កាន់​អំណាច​នៅ​រង​ចាំ​មើល​ថា គណបក្ស​ប្រឆាំង​មាន​ចូលរួម​សកម្មភាព ឬ​នៅ​ពី​ក្រោយ​នៃ​បាតុកម្ម​នេះ​ដែរ​ឬ​ទេ។ បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​នឹង​ធ្វើ​បាតុកម្ម​នៅ​ភ្នំពេញ​វិញ​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​មាន​ជាប់​ពាក់ព័ន្ធ។

សូម​បញ្ជាក់​ថា ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ប្រធាន​សម្ព័ន្ធ​ខ្មែរ-អាមេរិកាំង លោក ទូច វិបុល បាន​បញ្ជាក់​ថា បាតុកម្ម​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​ទី​១៥ កុម្ភៈ​នោះ គឺ​ជា​បាតុកម្ម​ដោយ​សន្តិវិធី​ដើម្បី​ប្រឆាំង​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន។ លោក ហ៊ុន សែន ដែល​ស្ថិត​នៅ​ក្នុង​ចិត្ត​ប្រធាន​សម្ព័ន្ធ​ខ្មែរ-អាមេរិកាំង​ថា ជា​ជន​ផ្តាច់​ការ។ បាតុកម្ម​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​នៅ​អាមេរិក​នេះ គឺ​ផ្តើម​នៅ​ម៉ោង​៩ព្រឹក និង​បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង​៥​ល្ងាច។ គួរ​រំលឹក​ថា គិត​រួម​ទាំង​បាតុកម្ម​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ​សប្តាហ៍​ក្រោយ​នេះ លោក​ហ៊ុន សែន​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​កាំង​ធ្វើ​បាតុកម្ម​ប្រឆាំង​ចំនួន​២​លើក​ហើយ​ ក្នុង​រយៈ​ពេល​កន្លះ​ឆ្នាំ។ កាល​ពី​លើក​ទី​១ គឺ​នៅ​ខែ កញ្ញា ២០១៥ និង​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៥​កុម្ភៈ​នេះ​ទៀត។

ទាក់ទង​នឹង​បាតុកម្ម​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មិន​ឱ្យ​សកម្មជន​របស់​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​នៅ​អាមេរិក​នោះ​ទេ។ គួរ​រំលឹក​ថា លោនាយករដ្ឋមន្ត្រីហ៊ុន សែន​ធ្លាប់​បាន​ប្រកាស​ហើយ​ថា បើ​មាន​បាតុកម្ម​ប្រឆាំង​លោ​ក​នៅ​សហរដ្ឋ​អាមេរិក​នោះ ក៏​នឹង​មាន​បាតុកម្ម​ប្រឆាំង​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ស្រុក​ខ្មែរ​នោះ​ដែរ។

សូម​បញ្ជាក់​ថា​បើទោះបី​ជា​មាន​គម្រោង​បាតុកម្ម​ប្រឆាំង​នៅ​អាមេរិក​ក៏​ដោយ ក៏​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នៅ​តែ​រក្សា​ដំណើរ​ទស្សនៈ​កិច្ច​ចូលរួម​ប្រជុំ​នៅ​សហរដ្ឋ​អាមេរិក រវាង​ប្រធានាធិបតី​អាមេរិក​ និង​មេដឹក​នាំ​អាស៊ាន​ដដែល។

បើ​ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​មិន​ឱ្យ​មាន​បាតុកម្ម​ប្រឆាំង​លោក​នាយករដ្ឋ​មន្ត្រី​ក៏​ដោយ ប៉ុន្តែ​ពេល​នេះ​អាមេរិក​បាន​អនុញ្ញាតិ​ឱ្យ​ធ្វើ​បាតុកម្ម​ហើយ ហើយ​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ក៏​តាំង​ចិត្ត​យ៉ាង​មាំ​ថា​នឹង​ធ្វើ​បាតុកម្ម​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ