អានតួអត្ថបទ
កម្ពុជា

បារាំង​ផ្តល់​កម្ចី​ ១០៤​លាន​អឺរូ​ដល់​កម្ពុជា​ពេល​លោក​ហ៊ុន សែន ​ទៅ​បំពេញ​ទស្សន​កិច្ច

ក្រោយ​ពី​បាន​បំពេញ​ទស្សន​កិច្ច​រយៈពេល​ ៣​ថ្ងៃ ​ក្នុ​ងប្រទេស​បារាំង​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​និង​គណប្រតិភូ​ជាន់​ខ្ពស់​ បាន​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៨​តុលា​នេះ។​ លទ្ធផល​ជា​ផ្លែផ្កា​ក្នុង​ដំណើរ​ទស្សន​កិច្ច​នោះ ​ក្រៅ​តែ​បាន​ជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​បារាំង​ ពលរដ្ឋ​ និង​និស្សិត​ខ្មែរ​នៅ​ប្រទេស​បារាំង​ហើយ - រដ្ឋាភិបាល​កម្ពុ​ជា និង​បារាំង ​ក៏បា​ន​ចុះ​ហត្ថលេខា​រួម​លើ​ឯកសារ​ចំនួន​ ៦​ ដែល​មាន​ទឹកប្រាក់​កម្ចី​សម្បទាន​ ១០៤​លាន​អឺរូ​ផង​ដែរ។​

លោកហ៊ុន សែន ត្រឡប់​មក​ពី​ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី​២៨ ​ខែតុលា ​ឆ្នាំ​២០១៥​
លោកហ៊ុន សែន ត្រឡប់​មក​ពី​ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី​២៨ ​ខែតុលា ​ឆ្នាំ​២០១៥​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្រោយ​​បញ្ចប់​​ដំណើរ​​​ទស្សន​​កិច្ច​​​ជា​ប្រវត្តិ​សាស្ត្រ​ នៅ​ក្នុង​ប្រទេស​បារាំង​ រយៈ​ពេល​ ៣​ថ្ងៃ​រួច​មក​ លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ព្រម​ទាំង​គណប្រតិភូជា​ន់​ខ្ពស់​ បាន​អះអាង​ថា ​ដំណើរ​ទស្សន​កិច្ច​នេះ​ បាន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ រវាង​បារាំង​ និង​កម្ពុជា​ កាន់​តែ​ស្អិត​រមួត។​ ហើយ​ក្នុង​នោះ​ប្រទេស​ទាំង​ពីរ​ ក៏​បាន​ពង្រឹង​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជា​ច្រើន​ ដូចជា​នយោបាយ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ទេសចរណ៍ ​និង​ការ​វិនិយោគ​ជា​ដើម។​

ជាមួយ​គ្នា​នោះ​ រដ្ឋាភិបាល​បារាំង​ ក៏​បាន​ផ្តល់​នូវ​កម្ចី​សម្បទាន​ជា​ទឹកប្រាក់​ ១០៤​លាន​អឺរ៉ូ ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ជាតិ​កម្ពុជាមួ​យចំ​នួន​ផង​ដែរ។ ​កម្ចី​សម្បទាន ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា ​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​បារាំង ​លោក ​Laurent Fabiusនោះ រួម​មាន​ កម្ចី​សម្បទាន ​មាន​ទឹក​ប្រាក់​ ៩​លាន​អឺរ៉ូ ​សម្រាប់​អនុវត្ត​គំរោង​ផ្គត់ផ្គង់​ទឹក​ស្អាត​ នៅ​ខេត្ត​សៀមរាប​។ ​កម្ចី​ទឹក​ប្រាក់​ ១១​លាន​អឺរ៉ូ ​សម្រាប់​គំរោង​​សាងសង់​សាលា​ជាតិ ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ទេសចរណ៍​ នៅ​រាជធានី​ភ្នំពេញ ​និង​ខេត្ត​ព្រះ​សីហនុ។ ​កម្ចី​ ទឹកប្រាក់​ ១៤​លាន​អឺរ៉ូ ​សម្រាប់​គំរោង​ពង្រឹង​វិស័យ​អប់រំ ​បណ្តុះ​បណ្តាល​បច្ចេក​ទេស ​និង​វិជ្ជាជីវៈ។​ កម្ចី​ ៧០​លាន​អឺរ៉ូ ​សម្រាប់​គំរោង​សាងសង់​ប្រព័ន្ធ​ខ្សែ​បញ្ជូន​ និង​ចែកចាយ​អគ្គិសនី ​នៅ​ខេត្ត​កំពង់​ចាម​ ខេត្ត​ក្រចេះ និង​ខេត្ត​កោះកុង។​

គួរ​ជម្រាប​ជូនថា​ ចា​ប់តាំ​ងពី​ឆ្នាំ​១៩៩៣ ​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​ទទួល​កម្ចី​សម្បទាន​សរុប​ចំនួន ​៤០៦​លាន​អឺរ៉ូ​​ តាម​រយៈ​ទី​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិបា​រាំង​ AFD។​

ស្រប​ពេលនោះ ​ក៏​មាន​ឯកសារ​ចំនួន​ពីរ​ផ្សេង​ទៀត ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ឡែក​ រួម​មាន​ អនុសញ្ញា​ស្តីពី​បត្យាប័ន​ រវាង​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស​ទាំង​ពីរ​ និង​កិច្ច​ព្រម​ព្រៀង​ស្តីពី​ ការ​ផ្តុំ​បដិមាករ​​ខ្មែរ រវាង​សារមន្ទីរជាតិ​កម្ពុជា​ និង​សារមន្ទីរ​ Guimet (ហ្គីមេ) ​បារាំង។​

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​បាន​លើក​ឡើង​ថា ​សកម្មភាព​វិនិយោគ ​និង​ធុរកិច្ច​របស់​បារាំង​នៅ​កម្ពុជា គឺ​នៅ​មាន​ចំនួន​តិច​នៅ​ឡើយ ​ដោយ​មាន​ក្រុមហ៊ុន​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា​ប្រមាណ​​ត្រឹមតែ​ ៥០​ក្រុម​ហ៊ុន​ប៉ុណ្ណោះ ​រហូត​មក​ដល់​ពេល​នេះ។ លោក​នាយករ​ដ្ឋមន្ត្រីហ៊ុន​ សែន​ បាន​អំពាវនាវ​ឲ្យ​ ក្រុមហ៊ុន​បារាំង​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា​​បន្ថែម​ទៀត ​ដើម្បី​បម្រើ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ ដែល​បាន​ផ្ដល់​ភាព​អនុគ្រោះ ​ក្នុង​ការនាំ​ចូល​មុខ​ទំនិញ ​ឬ​ផលិត​ផល​ពី​កម្ពុជា​ ដោយ​គ្មាន​ការ​កំណត់​បរិមាណ ​និង​មិន​ជាប់ពន្ធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ