អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន អះអាង​ថា​មិន​យោគយល់​និង​មិន​អត់​អោន​ចំពោះ​ជន​វាយ​លើ​តំណាង​រាស្ត្រ

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​មិន​អាច​យោគយល់​ និង​អត់​អោន​បាន​ទេ​ចំពោះ​ជន​ល្មើស​ ដែល​វាយ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ពីរ​រូប​កា​ល​ពី​ចុង​ខែ​តុលា​ឆ្នាំ​២០១៥ ទោះ​បីជា​អ្នក​នោះ​គាំទ្រ​គណបក្ស​ប្រជាជន​ឬ​គណបក្ស​ប្រឆាំង​ក្ដី​ត្រូវ​តែ​ចាប់​យក​មក​ផ្ដន្ទាទោស​ឲ្យ​ខាង​តែ​បាន។ នេះបើ​យោង​តាម​លិខិត​របស់​លោកនា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​២​សីហា​ឆ្នាំ​២០១៦​ជម្រាប​ទៅ​កាន់​ប្រធាន​រដ្ឋ​សភាលោក ហេង សំរិន។

លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។​
លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។​ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​ជំហរ​រក​យុត្តិធម៌​ជូន​តំណាង​ទាំងពីរ​រូប​របស់​គណបក្ស​សង្គ្រោះជាតិគឺ លោក​ញយ ចំរើន និង​ លោក គង់ សភា ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតប​សំណើ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​ទី​ ២៦​តុលា​ ឆ្នាំ​២០១៥​ ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​ប្រព្រឹត្ត​ហិង្សា​មក​លើ​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប។ តំណាង​រាស្ត្រ​ទាំងពីរ​រូប​បាន​រង​អំពើ​ហិង្សា​ក្នុង​ប្រព្រឹត្តការណ៍​ដាក់​ញត្តិ​ជូន​រដ្ឋ​សភា​ទាមទារ​ឲ្យ​លោក កឹម សុខា ចុះ​ចេញ​ពី​តំណែង​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​កាល​ពី​ខែ​តុលា​ ឆ្នាំ២០១៥។

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២​សីហា លោក ហ៊ុន សែន បាន​ជម្រាប​ទៅ​កាន់​លោក ​ហេង សំរិន ថា​លោក​បាន​អំពាវនាវ​ចំពោះ​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំង​អស់​រួម​មាន​ អ្នក​បើកបរ​រថយន្ត​សាមី​ខ្លួន​អ្នក​តំណាង​រាស្ត្រ​ផ្ទាល់ អ្នក​ថត​វីដេអូ ថតរូប និង​អ្នក​បង្ហោះ​រូប​តាម​ហ្វេសប៊ុក​ទាំង​ឡាយ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​ស្វែង​រក​ខ្លួន​ជន​ដៃដល់។ លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​អំពាវនាវ​ចំពោះ​អ្នក​ដែល​បាន​ប្រព្រឹត្ត​សូម​ចេញ​មុខ​មក​សារភាព​ ដើម្បី​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។​

សូម​បញ្ជាក់​ថា ក្រោយ​ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​៣​ វិច្ឆិកា ឆ្នាំ​២០១៥ តាម​កញ្ចក់​ទូរទស្សន៍ ជន​ដៃដល់​ដែល​បាន​បង្ក​របួស​ស្នាម​លើ​អ្នក​តំណាង​រាស្ត្រ​ចំនួន​បី​រូប​ឈ្មោះ ចាយ សារិទ្ធ ម៉ៅ ហឿន និង​សុត វណ្ណនី បាន​ចេញ​មក​បង្ហាញ​ខ្លួន​ចំពោះ​មុខ​គណៈកម្មការ​មួយ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​សម្រាប់​ដោះស្រាយ​សំណុំ​រឿង​វាយ​អ្នក​តំណាង​រាស្ត្រ​នេះ បាន​បញ្ជូន​ជន​ទាំង​បី​នាក់​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់​ជន​ដៃដល់​ទាំង​បី​នាក់ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេទនា​មាន​ស្ថាន​ទម្ងន់​ទោស ហើយ​បាន​សម្រេច​ឃុំ​ខ្លួន​ជន​ដៃដល់​ទាំង​បី​នាក់​នេះ​ជា​បណ្ដោះអា​សន្ន​នៅ​ថ្ងៃ​ទី​៤​ វិច្ឆិកា​ ឆ្នាំ​២០១៥។

ករណីនេះ​ក៏​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​លើក​យក​មក​ជំនុំ​ជម្រះ​ជា​សាធារណៈ​កាល​ពី​ខែ​មេសា និង​ខែ​ឧសភា ឆ្នាំ​២០១៦ ដោយ​សម្រេច​ផ្ដន្ទាទោស​ជន​ទាំងបី​នាក់​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​៤​ឆ្នាំ តែ​ទោស​នេះ​អនុវត្ត​ក្នុង​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​ចំនួន​១​ឆ្នាំ ហើយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ។ ពួកគេ​ទាំងបី​នាក់​ត្រូវ​បង់​ប្រាក់​ពិន័យ​៦​លាន​រៀល​ និង​រួម​គ្នា​បង់​សំណង​ខូចខាត និង​ជំងឺ​ចិត្ត​៤០​លាន​រៀល​ទៅ​ឲ្យ​លោក គង់ សភា និង​៤០​លាន​រៀល​ទៀត​ទៅ​ឲ្យ លោក ញយ ចំរើន។

តំណាង​រាស្ត្រ​ទាំងពីរ​មិន​ពេញ​ចិត្ត​សេចក្ដី​សម្រេច​នេះ​ ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ទាស់​ទៅ​ឧទ្ទរណ៍​ដោយ​បាន​ចាត់​ទុក​ថា​សេចក្ដី​សម្រេច​នេះ​មិន​សមាមាត្រ​ទៅ​នឹង​អំពើ​ប្រព្រឹត្ត​របស់​ពួកគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ