អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន​៖ រដ្ឋាភិបាល​ប្រឆាំង​អំពើ​ពុក​រលួយ​ដោយ​ប្រព័ន្ធ​បច្ចេក​វិទ្យា

រដ្ឋាភិបាល​កំពុង​តែ​ប្រើ​ប្រាស់​​ប្រព័ន្ធ​បច្ចេកវិទ្យា ​ជា​ពិសេស​សេវា​ធនាគារ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​នឹង​អំពើ​ពុក​រលួយ ក៏​ដូច​ជា​សកម្មភាព​មិន​ប្រក្រតី​នានា​។ នេះ​គឺ​ជា​ការ​បញ្ជាក់​អះអាង​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​គ្រូ​បញ្ចប់​ការ​សិក្សា​គរុកោសល្យ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើងថា ​ការ​​បើក​ប្រាក់​ខែ​មន្ដ្រី​រាជការ​និង​ការ​បង់​ពន្ធ ដែល​រដ្ឋាភិបាល​ងាក​មក​ធ្វើ​តាម​ធនាគារ​​កន្លង​មក គឺ​អាច​កាត់​បន្ថយ​អំពើ​ពុក​រលួយ​បាន​មួយ​កម្រិត ខណៈ​អង្គការ​សង្គម​ស៊ីវិល​សម្ដែង​ការ​​យល់​ឃើញ​ដូច​គ្នា​ដែរ​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​គ្រូ​បញ្ចប់​ការ​សិក្សា​គរុកោសល្យ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​លើក​ឡើង​អំពី​ការ​បើក​ប្រាក់​ខែ​មន្ដ្រី​រាជការ តាម​ធនាគារ ដែល​ជា​ចំណាត់ការ​មួយ លុប​បំបាត់​មន្ដ្រី​ខ្មោច​បើក​ប្រាក់​ខែ​។ នៅ​ពេល​ការ​បើក​ប្រាក់​ខែ​ធ្វើ​តាម​ប្រព័ន្ធធនាគារ មន្ដ្រី​ខ្មោច មិន​ចេះ​បើក​ប្រាក់​ខែ​ទេ​។ នេះ​បើ​តាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។

លោក​នាយក​រដ្ឋ​​មន្ដ្រី​៥​អាណត្តិ​រូប​នេះ ក៏​បាន​លើក​ឡើង​ពី​ចំណាត់ការ​ បង់​ពន្ធ​តាម​ប្រព័ន្ធធនាគារ ដែល​​រដ្ឋាភិបាល​បាន​ធ្វើ​ផង​ដែរ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​។ ការ​បង់​ពន្ធ​តាម​ប្រព័ន្ធ​ធនាគារ​នេះ បាន​កាត់​បន្ថយ​ការ​ជួប​គ្នា​រវាង​មន្ដ្រី​ពន្ធ និង​អ្នក​បង់​ពន្ធ ហើយ​វា​បាន​បញ្ចៀស​ទាំង​ស្រុង​នូវ​ការ​កាត់​កង​ក្រៅ​ផ្លូវ​ការ​នានា​។ នេះ​គឺ​ជា​អ្វី​ដែល​លោក​នាយក​រដ្ឋ​មន្ដ្រី​កម្ពុជា​ហៅ​ថា ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​។

​​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា យល់​ថា ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ ដូច​ជា​ការ​បើក​ប្រាក់​ខែ​មន្ដ្រី​រាជការ និង​ការ​បង់​ពន្ធ​តាម​ប្រព័ន្ធ​ធនាគារ​ដូច្នេះ គឺ​ជា​វិធានការ​មួយ ដែល​អាច​កាត់​បន្ថយ​​អំពើ​ពុក​រលួយ​ ដែល​ជា​ជំងឺ​មហារីក​ដ៏​រ៉ាំរៃ​នៅ​កម្ពុជា​បាន​។ បន្ថែម​ពី​លើ​ករណី​ទាំង​ពីរ​នេះ លោក​ព្រាប កុល ស្នើ​ឲ្យ​រដ្ឋាភិបាលស្វែង​រក​មធ្យោបាយ កាត់​បន្ថយ​ឲ្យ​បាន​នូវ​អំពើ​ពុក​រលួយ​នៅ​ក្នុង​វិស័យ​សេវា​សាធារណៈ​ និង​ប្រព័ន្ធតុលាការ។ សម្រាប់​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​រូប​នេះ ប្រព័ន្ធ​តុលាករ គឺ​ជា​បញ្ហា​មួយ​ដ៏​ស្មុគស្មាញ ដែល​ពិបាក​នឹង​រក​ប្រព័ន្ធ​បច្ចេកវិទ្យា​មក​ដោះ​ស្រាយ​ធ្វើ​យ៉ាង​ណា​​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​យុត្តិធម៌ និង​ឯករាជ្យ ដោយ​ប្រាស​ចាក​អំពើ​ពុក​រលួយ​។
 

សូម​ជម្រាប​ជូន​ថា នៅ​ក្នុង​តារាង​របស់​អង្គការ​តម្លាភាព​អន្ដរជាតិ ក្នុង​ឆ្នាំ​២០១៥ ប្រទេស​កម្ពុជា មាន​ចំណាត់​ថ្នាក់​អាក្រក់​បំផុត​នៅ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​៩ លើ​បញ្ហា​ពុក​រលួយ។ កម្ពុជា​មាន​ចំណាត់​ថ្នាក់​១៥០ ក្នុង​ចំណោម​ប្រទេស​១៦៨ ដែល​អង្គការ​តម្លាភាព​អន្តរជាតិ​លើក​យក​មក​សិក្សា ដែល​មាន​ន័យ​ថា​កម្ពុជា​ស្ថិត​នៅ​ក្បែរ​បាត​តារាង​ក្នុង​ចំណោម​ប្រទេស ដែល​មាន​អំពើ​ពុក​រលួយ​លើ​ពិភព​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ