អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន៖ ប្រជា​ធិបតេយ្យ​និង​សេរីភាព​ពិត​ប្រាកដ ពុំ​មែន​ស្ថិត​លើ​ពាក្យ​សំដី​វាយ​តម្លៃ​ណា​មួយ​នោះ​ឡើយ​

គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី ២៨ មិថុនា នេះ បាន​រៀប​ចំ​មិទ្ទីង​អបអរសាទរ​ខួប​លើកទី៦៨ឆ្នាំ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​។ ឆ្លៀត​នៅ​ក្នុង​ឱកាស​នេះ ប្រមុខ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​សេរីភាព​ពិត​ប្រាកដ គឺ​ស្ថិត​នៅក្នុង​ដំណើរ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជាតិ ពុំ​មែន​ស្ថិត​នៅ​លើ​ពាក្យ​សំដី​វាយ​តម្លៃ​ណា​មួយ​នោះ​ឡើយ​។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា @SPM page
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​ជាង​៣ម៉ឺន​នាក់ នៅ​ឯ​មជ្ឈ​មណ្ឌល​កោះពេជ្រ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​លោក ហ៊ុន សែន បាន​គូស​បញ្ជាក់​ជា​ថ្មីថា ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​សេរីភាព​ពិត​ប្រាកដ គឺ​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជាតិ​។ វា​ក៏​ស្ថិត​នៅ​លើ​ជោគ​ជ័យ​នៃ​ដំណើរ​ការ​សន្តិភាព និង​ការ​អភិវឌ្ឍ​សង្គម​ជាតិ ព្រម​ទាំង​ការ​ប្រតិបត្តិ​នូវ​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​របស់​កម្ពុជា ពុំ​មែន​ស្ថិត​នៅ​លើ​ពាក្យ​សំដី​វាយ​តម្លៃ​របស់​បុគ្គល ឬ មជ្ឈដ្ឋាន​ណា​នោះ​ឡើយ​។

ការ​គូស​បញ្ជាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូចនេះ បាន​ធ្វើ​ឡើង​ក្នុង​ពេល​លោក​កំពុង​ដឹក​នាំ​សមាជិក​គណបក្ស​កាន់​អំណាច​ជាង​៣ម៉ឺន​នាក់ ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី ៦៨ឆ្នាំ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅព្រឹកថ្ងៃទី ២២ មិថុនា​នេះ​។ ប្រមុខ​បក្ស​កាន់​អំណាច បាន​បន្ថែម​ទៀត​ថា កម្ពុជា​នឹង​មិន​ត្រូវ​ឱន​ក្បាល​ចំពោះ​ការ​គាប​សង្កត់ ឬ​ការ​គំរាម​កំហែង​ណា​មួយ ពី​សំណាក់​បរទេស​ឡើយ​។

ការ​គូស​បញ្ជាក់​របស់​ប្រមុខ​បក្ស​កាន់​អំណាច​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ដោយ​ប្រយោល ទៅ​នឹង​មជ្ឈដ្ឋាន​នានា​ដែល​រួម​មាន​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ជាដើម ដែល​បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្តា​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ តាម​រយៈ ការ​ដោះ​លែង​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង​ការ​បើក​ឲ្យ​ដំណើរ​ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​។ សហភាព​អឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក ដែល​កំពុង​ពិចារណា​ថា តើ​នឹង​ត្រូវ​ព្យួ​ឬ​បន្ត​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ឬ GSP ដែល​ជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដ៏​ចាំបាច់​ក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា ក្នុង​ការ​បើក​ផ្លូវ​ឲ្យ​កម្ពុជា​នាំ​ផលិត​ផល​សម្លៀក​បំពាក់ កាបូប និងស្បែកជើង និង​ផលិត​ផល​ផ្សេងៗ​ទៀត​លើក​លែង​តែ​អាវុធ ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក​ដោយ​មិន​យក​ពន្ធ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ តាម​រយៈ​មីទ្ទីង​អបអរសាទរ​ខួប​៦៨ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​នេះ ប្រមុខ​បក្ស​កាន់​អំណាច បាន​អះអាង​ជា​ថ្មី​ថា កម្ពុជា​នឹង​មិន​ត្រូវ​ឱន​ក្បាល​ចំពោះ​ការ​គាប​សង្កត់ ឬ​ការ​គំរាម​កំហែង​ណា​មួយ ពី​សំណាក់​បរទេស​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ