អានតួអត្ថបទ
កម្ពុជា

ជំនួប​រវាង​ប្រមុខ​បក្ស​ក្នុង​រដ្ឋសភា​ត្រូវ​បាន​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​ថា​«មាន​សង្ឃឹម»​

នៅ​ថ្ងៃ​ចន្ទ​នេះ​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា​ ជំនួប​រវាង​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​កាន់​អំណាច ​និង​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ប្រឆាំង ​«នឹង​អាច​មាន» ​ពេល​លោក​ សម រង្ស៊ី វិល​ត្រឡប់​ពី​បរទេស​វិញ។​ ដំណឹង​នេះ​ធ្លាក់​មក​ក្រោយ​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ប្រាប់​កាល​ពី​ម្សិល​មិញ ​អំពី​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ឱ្យកាន់​តែ​ឆាប់ ​ព្រោះ​តែ​«សារៈ​សំខាន់ ​និង​ភាព​ចាំបាច់​នៃ​វប្បធម៌​សន្ទនា»។​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤ @RFI
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំពាក្យ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ បាន​បង្ហាញ​ក្តី​សង្ឃឹ​ម​ថា ​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​កាន់​អំណាច ​និង​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​ក្នុង​រដ្ឋ​សភា​កម្ពុជា ​«នឹង​អាច​​មាន» ពេល​លោក សម រង្ស៊ី វិល​ត្រឡប់​ពី​បរទេស​វិញ។

លោក សុខ ឥសាន ដែល​មិន​ព្រម​បង្ហើប​ប្រាប់​អំពី​កម្មវិធី ពេល​វេលា និង​កម្មវត្ថុ​នៃ​ជំនួប​ បាន​អះអាង​ថា «គណបក្ស​ទាំងពីរ​នឹង​ឯកភាព​គ្នា​ក្នុង​ការ​ជួប​គ្នា​ ដើម្បី​បន្ត​វប្បធម៌​សន្ទនា» ​ដោយ​ផ្អែក​លើ​អ្វី​ដែល​មន្ត្រី​គណបក្ស​កាន់​អំណាច​រូប​នេះបញ្ជាក់ថា «លិខិត​ឆ្លើយឆ្លង​គ្នា» របស់​លោក សម រង្ស៊ី ប្រធាន​ក្រុម​តំណាង​រាស្ត្រ​មតិ​ភាគ​តិច ​និង​របស់​លោក ស ខេង ​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​មតិ​ភាគច្រើន។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​ថា​ នឹង​មក​ដល់​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ ទី​០៣ ​ខែ​តុលា ឆ្នាំ​២០១៥។ លោក សម រង្ស៊ី ដែល​បាន​ផ្លាស់ប្តូរ​ពេល​ធ្វើ​មាតុភូមិ​និវត្តន៍​ឆាប់​ជាង​គម្រោង​ចាស់​មួយ​ថ្ងៃ ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​ ស ខេង ​កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​តុលា ឆ្នាំ​២០១៥​ បន្ទា​ប់​ពី​តំណាង​រាស្ត្រ​ប្រឆាំង​ពី​រ​រូប​ របួស​ធ្ងន់​ដោយសារ​ការ​វាយ​ដំ​របស់​មនុស្ស​មួយ​ក្រុម​នៅ​ក្បែ​រវិមាន​រដ្ឋសភា ​ចំ​ថ្ងៃ​ដែល​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​ធ្វើ​បាតុកម្ម​ទម្លាក់​អនុប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ ​ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភា​កម្ពុជា។​

កម្មវត្ថុ​នៃ​លិខិត​នោះ​លើក​ឡើង​អំពី​ «ការ​ធានា​នូវ​សន្តិសុខ​ និង​សុវត្ថិភាព​របស់​អ្នក​តំណាង​រាស្ត្រ​ ព្រម​ទាំង​ការ​បន្ត​ពង្រឹ​ងវប្បធម៌​សន្ទនា​ ការ​គោរព​សិទ្ធិ​ក្រុម​មតិ​ភាគ​តិច​ និង​ការ​បន្ត​ដំណើរ​ការ​កំណែ​ទម្រង់​ច្បាប់​ជាមួយ​គ្នា​ រវាង​ក្រុម​ការងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ»។​

លោក ​ស ខេង ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​មតិ​ភាគ​ច្រើន​ក្នុង​រដ្ឋសភា ​បាន​ធានា​នៅ​ក្នុង​លិខិត​ឆ្លើយ​តប​ ចុះ​ថ្ងៃ​ទី​៣០​ ខែ​តុលា ​ឆ្នាំ​២០១៥ ​អំពី​ការ​បន្ត​ប្រើ​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​នយោបាយ​ថ្ងៃ​ទី​២២ ​ខែ​កក្កដា​ ឆ្នាំ​២០១៤ ​របស់​គណបក្ស​ទាំង​ពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ