អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន ស្នើរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់ និង​លើក​ទឹក​ចិត្ត​ ចំពោះ​ជនពិការ​ ដែល​មាន​សមត្ថភាព

លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន ​បាន​ថ្លែង​ស្នើរ​ទៅ​ដល់​ក្រសួងអប់រំ យុវជន និងកីឡា និង​ក្រសួង​សង្គមកិច្ច ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ ចំពោះ​ជន​ពិការ​ ដែល​មាន​សមត្ថភាព​ តំណាង​ជាតិ ក្នុង​ឆាក​អន្តរជាតិ។ លោក​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ដូច្នេះ នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ ដល់​និស្សិត​ប្រមាណ​ជា​ ៣ពាន់​៥​រយ​នាក់​ នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​មជ្ឃមណ្ឌល​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃ​អង្គារ ទី១៩​ឧសភា​នេះ។

លោក នាយករដ្ឋមន្ត្រីហ៊ុន សែន
លោក នាយករដ្ឋមន្ត្រីហ៊ុន សែន RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា​ការ​ថ្លែង បន្ទាប់​ពី​មាន​យុទ្ធជន​ពិការ​ចំនួន​៦នាក់ បាន​ទទួល​មេដាយ​ចំនួន១៥ ពី​ការ​ប្រកួត​ពានរង្វាន់​ព័ត៌មាន​វិទ្យា​ សម្រាប់​ជនពិការ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ប៉ុន្តែ​បែរ​ជា​ពុំ​មាន​ការ​រៀប​ចំ​ពិធី​អបអរ​សាទរ ចំពោះ​មោទភាព​នេះ។ លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​ ជនពិការ​ដណ្តើម​បាន​មេដាយ​ជូន​ជាតិ​ជា​ច្រើន ប៉ុន្តែ​ពេល​មក​វិញ បែរ​ជា​ស្ងាត់​ដូច​ចោរ​លួច​សេះ។

ក្នុង​នោះ លោក​នាយករដ្ឋមន្ត្រី បាន​ស្នើរ​ដល់​ក្រសួង​ចំនួន​ពីរ ដែល​ធ្វើការ​ទាក់ទង​នឹង​រឿង​នេះ​ គឺ​ក្រសួង​អប់រំ​យុវជន និងកីឡា និង​ក្រសួង​សង្គម​កិច្ច ឲ្យ​មានការ​យក​ចិត្ត​ទុកដាក់​បន្ថែម និង​លើក​ទឹក​ចិត្ត​ ចំពោះ​ជន​ពិការ ដែល​មាន​សមត្ថភាព ជា​តំណាង​ជាតិ ក្នុង​ឆាក​អន្តរជាតិ តួយ៉ាង​ដូច​ជា​យុទ្ធជន​ទាំង​៦​រូប​នេះ។ លោក​បាន​បញ្ជាក់​ថា កន្លង​មក​ជន​ពិការ តែង​ត្រឡប់​មក​ប្រទេស​វិញ ជាមួយ​នឹង​មេដាយ​ជា​ច្រើន ពី​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ផ្សេង​ៗ។

ប៉ុន្តែ​លោក​ឯម ចន្ទមករា អគ្គលេខាធិការ​នៃ​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ បាន​ប្រាប់​វិទ្យុ​បារាំង នៅព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ចំពោះ​យុទ្ធជន​ពិការ​ទាំង​៦​រូប ដែល​បាន​ទទួល​មេដាយ​ជាច្រើន​ ពីការ​ប្រកួត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ ក្រុម​ប្រឹក្សា​សកម្មភាព​ជនពិការ បាន​នឹង​កំពុង​រៀបចំ​ឯកសារ រាយការណ៍​ទៅ​ថ្នាក់​ដឹកនាំ ដើម្បី​លើក​ទឹក​ចិត្ត ដល់​ពួក​គាត់​ហើយ។

សូម​បញ្ជាក់​ថា បើ​តាម​ក្រុម​ប្រឹក្សា​សកម្មភាព​ជនពិការ នេះ​គឺ​ជា​លើក​ទី​២​ហើយ​ ដែល​កម្ពុជា បាន​បញ្ជូន​យុទ្ធជន​ពិការ ទៅ​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​ព័ត៌មាន​វិទ្យា សម្រាប់​​ជនពិការ។ កាល​ពី​លើក​ទី​១ ជនពិការ តំណាង​កម្ពុជា មិន​ទាន់​ទទួល​បាន​មេដាយ​អ្វី​នោះ​ទេ។ ប៉ុន្តែ​នៅ​លើក​ទី​២​នេះ ​កម្ពុជា ទទួល​បាន​មេដាយ​ចំនួន១៥ ដោយ​ក្នុង​នោះ រួម​មាន​មេដាយ​មាស​ ចំនួន៧ ប្រាក់​ចំនួន៧ និង​សំរិទ្ធ​ចំនួន១​។ យុទ្ធពិការ​ទាំង​៦​រូប ដែល​បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នោះ គឺ​ត្រូវ​បាន​ប្រឡង​ជ្រើសរើស​ ក្នុង​ចំណោម​យុទ្ធពិការ​ចំនួន​១៨នាក់ នៅ​ទូទាំង​ប្រទេស​កម្ពុជា ជា​មុន​សិន។ ការ​ប្រកួត​ប្រជែង នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នោះ មាន​ជនពិការ ពី​ប្រទេស​សមាជិក​អាស៊ាន និង​កូរ៉េ ចូលរួម​ សរុប​ប្រមាណ ២៧០​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ