អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន នាំ​មន្រ្តី​ជាន់​ខ្ពស់​ទៅ​ថ្លែង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ព្រឹក​នេះ​

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស្វីស ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​នៅ​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក(WTO) និង​អង្គការ​សហ​ប្រជាជាតិ​។ នៅ​ទីនោះ លោក​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ក៏​នឹង​ឡើង​ថ្លែង​សន្ទរកថា​ពាក់​ព័ន្ធ​នឹង​វឌ្ឍន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រាប់​ទៅ​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ​។ 

ការចាកចេញទៅទីក្រុង ហ្សឺណែវ របស់លោក ហ៊ុន សែន នាព្រឹកនេះ
ការចាកចេញទៅទីក្រុង ហ្សឺណែវ របស់លោក ហ៊ុន សែន នាព្រឹកនេះ @FB
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​នឹង​ស្នាក់​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​រយៈ​ពេល​៣ថ្ងៃ​ចាប់​ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែ​កក្កដា​។ នៅ​ទីនោះ លោក​នាយក​រដ្ឋ​មន្រ្តី​នឹង​ចាប់​ផ្តើម​បេសកកម្ម​ដោយ​ចូល​រួម​កិច្ច​ប្រជុំ​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ជា​សកល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩ ក្រោម​ប្រធាន​បទ«គាំទ្រ​ពិពិធកម្ម និង​ការ​លើក​កម្ពស់​សេដ្ឋកិច្ច​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​និង​បរិយា​ប័ន្ន តាម​រយៈ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​»។ នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ លោកហ៊ុន សែន នឹង​ឡើង​គូស​បញ្ជាក់​ពី​បទ​ពិសោធន៍​កិច្ច​ប្រឹង​ប្រែង​និង​យុទ្ធសាស្ត្រ​របស់​កម្ពុជា​ក្នុង​ការ​ជម្នះ​ឧបសគ្គ​នា​នា និង​នាំ​មក​នូវ​កំណើន​សេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា​។

ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​នឹង​ប្រកាស​ជា​ផ្លូវ​ការ​នូវ​យុទ្ធ​សាស្ត្រ​សមាហរណ​កម្ម​ពាណិជ្ជកម្ម​របស់​កម្ពុជា​ឆ្នាំ២០១៩-២០២៣ ព្រម​ទាំង​ឡើង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កម្មវិធី​សង្គម​ដែល​រៀប​ចំ​ដោយ​អង្គការ​WTO ផង​ដែរ​។ បន្ថែម​លើ​នេះ លោកហ៊ុន សែន ក៏​មាន​គម្រោង​ជួប​ពិភាក្សា​ជាមួយ​រដ្ឋ​មន្រ្តី​សហ​ប្រតិបត្តិ​ការ​អភិវឌ្ឍ និង​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ប្រទេស​ហ្វាំង​ឡង់ និង នាយក​ប្រតិបត្តិ​នៃ​ក្រប​ខណ្ឌ​ពង្រឹង​សមាហរណកម្ម​ពាណិជ្ជកម្ម​នៃ​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​(WTO)​។

ក្រៅ​ពី​ចូល​រូម​កិច្ច​ប្រជុំ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក(WTO)នេះ លោក​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ក៏​នឹង​ចូល​រូម​ក្នុង​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់​លើក​ទី​៤១​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​ទី០៤ កក្កដាផង​ដែរ​។ នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ លោកហ៊ុន សែន នឹង​ឡើង​ថ្លែង​សន្ទរក​ថា​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មោះ​មុត​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​។ នៅ​ត្រង់​ចំណុច​នេះ លោក​ហ៊ុន សែន បាន​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ គឺ​មុន​ឡើង​យន្ត​ហោះ​ទៅ​ស្វីស​មួយ​ថ្ងៃ​ថា​នឹង​និយាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នេះ​ឱ្យ​បាន​ច្បាស់​នៅ​អង្គការ​សហ​ប្រជាជាតិ​។ លោក​នាយក​រដ្ឋ​មន្រ្តី​ក៏​មាន​គម្រោង​ជួប​ជាមួយ​ឧត្ដម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ដោយ​ផ្ទាល់​ថែម​ទៀត​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ពេល​បំពេញ​បេសកកម្ម​នៅ​អឺរ៉ុប​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ក៏​នឹង​ជួប​ជាមួយ​ប្រជា​ពលរដ្ឋ និង និស្សិត​ខ្មែរ​ដែល​កំពុង​រស់​នៅ និង​សិក្សា​នៅ​តំបន់​អឺរ៉ុប​ប្រមាណ​ជា​៧០០​នាក់​។ លើស​ពី​នេះ​ទៅ​ទៀត លោក​ក៏​បាន​ប្រកាស​ស្វាគមន៍​ជា​មុន​ទៅ​កាន់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​បំណង​ចង់​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​របស់​លោក​នៅ​ប្រទេស​ស្វីស​នេះ​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ