អានតួអត្ថបទ
កម្ពុជា

មន្ត្រី​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​រក​យុត្តិធម៌​លើ​អាយ៉ៃ​ឆ្លើយ​ឆ្លង​រវាង​ប៉ូលិស​និង​តុលាការ

ប៉ូលិស​ចោទ​តុលាការ​ថា​បាន​ដោះលែង​ជន​សង្ស័យ​មុខ​សញ្ញ​គ្រឿង​ញៀន​ចំនួន​២៥​នាក់ ខណៈ​ដែល ប្រមុខ​រដ្ឋាភិបាល រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​គ្រឿង​ញៀន​ កាល​ពី​ពេល​ថ្មី​ៗ​នេះ ជម្រុញ​ឲ្យ​មាន​ការ​បង្ក្រាប​គ្រឿង​ញៀន​ឲ្យ​កាន់​តែ​សកម្ម។ ក៏​ប៉ុន្តែ​មន្ត្រី​តុលាការ​បាន​ពន្យល់​តប​វិញ​ថា ការ​ដោះ​លែង​មុខ​សញ្ញា​គ្រឿង​ញៀន​គឺ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់​កំណត់។

@HEAM Chetra
ផ្សាយពាណិជ្ជកម្ម

ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ុំ សុភក្តី នៅ​ថ្ងៃ​ទី​០៣​ កុម្ភៈ ឆ្នាំ​២០១៦​ បាន​ធ្វើ​ការ​បំភ្លឺ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​ប៉ូលិស ដែល​ថា​លោក​បាន​ដោះលែង​មុខ​សញ្ញា​គ្រឿង​ញៀន​ចំនួន​២៥​នាក់។

ការ​បំភ្លឺ​របស់​ព្រះ​រាជអាជ្ញារង​នៅ​ពេល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី មន្ត្រី​ប៉ូលិស​នៅ​រាជ​ធានី​ភ្នំពេញ​បញ្ចេញ​ប្រតិកម្ម​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​កាល​ពី​ម្សិល​មិញ​ថា សមត្ថកិច្ច​ប៉ូលិស​ខិតខំ​តាម​ចាប់​មុខ​សញ្ញា​គ្រឿង​ញៀន គ្មាន​ដេក​ពួន តែ​ពេល​បញ្ជូន​ទៅ​តុលាការ​ ស្រាប់​តែ​ដោះលែង គ្មាន​ការ​គិតគូរ​ពី​ភាព​នឿយ​ហត់​របស់​សមត្ថកិច្ច​ឡើយ។ ប៉ូលិស​ក៏​បាន​ស្រែក​រក​ភាព​យុត្តិធម៌ ដោយ​មិន​បារម្ភ​ពី​ការ​ដក​ដំណែង​អ្វី​ឡើយ។

ប្រឈម​នឹង​ការ​រិះ​គន់​ខ្លាំង​ៗ​ពី​ប៉ូលិស​បង្ក្រាប​គ្រឿង​ញៀន​ក្រុង​ភ្នំពេញ​ដូច្នេះ ទើប​លោក​ព្រះ​រាជា​អាជ្ញារង អ៊ុំ សុភក្តី ដែល​កាន់​សំណុំ​រឿង​នេះ សរសេរ​រៀប​រាប់​ពី​ទិដ្ឋភាព​ច្បាប់ ដែល​មាន​៥​ចំណុច។ ចំណុច​សំខាន់​ៗ​ទាំង​នោះគឺ លោក​ព្រះ​រាជ​អាជ្ញា​បាន​លើក​យក​មាត្រា​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​មួយ​ចំនួន​មក​បរិយាយ។

មាត្រា​២០៤​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​បាន​ចែង​ថា ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​បុគ្គល​ណា​ម្នាក់​អាច​នឹង​អនុវត្ត​បាន​តែ​ក្នុង​ករណី​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈឹម ដែល​ច្បាប់​កំណត់​ឲ្យ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ស្មើ ឬ​លើស​ពី​០១​ឆ្នាំ​តែ​ប៉ុណ្ណោះ។ ដូចនេះ​ជា​ទូទៅ​បទ​ល្មើស​ប្រើ​ប្រាស់ ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន មិន​អាច​ជា​កម្មវត្ថុ​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​បាន​ឡើយ។ នេះ​បើ​តាម​លោក អ៊ុំ សុភក្តី។ លោក​បន្ថែម​ថា ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ បាន​ចាត់​ទុក​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន គឺ​ជា​ជន​រងគ្រោះ​នៃ​គ្រឿង​ញៀន​ផង​ដែរ។

ជា​ទូទៅ​មន្ត្រី​តុលាការ​តែង​រង​ការិះ​គន់​ពី​សាធារណជន និង​សមត្ថកិច្ច​ពី​ភាព​មិន​ប្រក្រតី​ជា​យូរ​មក​ហើយ​ដូច​ជា​ការ​ដោះលែង​ជន​ល្មើស​ជា​ដើម។ ក៏​ប៉ុន្តែ​នៅ​ក្នុង​ដំណាក់​កាល​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​ពេល​នេះ លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូរ យល់​ថា​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ ដើម្ប​រក​ឲ្យ​ឃើញ​ពិត​ប្រាកដ​ពី​មូល​ហេតុ​ចៀសវាង​ការ​ឆ្លើយ​ដាក់​គ្នា និង​ជា​ឱកាសវែក​មុខ​អ្នក​ប្រព្រឹត្តិ​ខុស​ឆ្គង​របស់​មន្ត្រី​យុត្តិធម៌​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ