អានតួអត្ថបទ
កម្ពុជា

សម្តេចម៉ែ​៖ ​ថវិកា​​សាងសង់​​អាគារ​"​ព្រះសីហនុ​រាជ​"​បាន​​ពី​​តង្វាយ​​សប្បរ​សជន​​ចំពោះ​​ព្រះ​​បរម​រតនៈ​​កោដ្ឋ​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ មណ្ឌល​ព្យាបាល​មនុស្ស​ចាស់ "ព្រះសីហនុ​រាជ"ត្រូវបាន​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីនិង​សម្តេចម៉ែ។ មណ្ឌល​ព្យាបាល​នេះ បាន​សាងសង់​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ៣លាន​ដុល្លារ ។ ស​មេ្ត​ច​ម៉ែ បាន​មាន​ព្រះរាជបន្ទូល​ថា ថវិកា​សាងសង់​ទាំងនេះ បានមកពី​តង្វាយ​របស់​សប្បរ​សជ​ន​ចំពោះ​ព្រះ​បរម​រតនៈ​កោដ្ឋ នរោត្តម សីហនុ។

សម្តេចម៉ែ ​មាន​ព្រះ​រាជ​បន្ទូល​នៅ​ក្នុង​ព្រះ​រាជ​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​មណ្ឌល​​ព្យាបាល​​មនុស្ស​ចាស់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី០៦​ សីហា ​ឆ្នាំ២០១៥​
សម្តេចម៉ែ ​មាន​ព្រះ​រាជ​បន្ទូល​នៅ​ក្នុង​ព្រះ​រាជ​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​មណ្ឌល​​ព្យាបាល​​មនុស្ស​ចាស់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី០៦​ សីហា ​ឆ្នាំ២០១៥​ RFI/ Chiv Channa
ផ្សាយពាណិជ្ជកម្ម

ថវិកា​ដែល​បាន​ចំណាយ​លើ​ការសាងសង់​អាគារ​ព្យាបាល​មនុស្ស​ចាស់"ព្រះសីហនុ​រាជ" គឺ​បានមកពី​ព្រះមហាក្សត្រ និង តង្វាយ​របស់​សប្ប​រស​ជនជាតិ និង​អន្តរជាតិ ដែល​បាន​ចូល​ជា​វិភាគទាន​ក្នុងឱកាស​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​ថ្វាយព្រះប​រម​រតនៈ​កោដ្ឋ​ព្រះករុណា ព្រះបាទ នរោត្តម សីហនុ​នាពេល​កន្លងមក និង ជា​បន្ត​បន្ទាន់។ នេះ គឺជា​ព្រះរាជបន្ទូល​បញ្ជា​ក់រប​ស់​សម្តេចម៉ែ​នៅក្នុង​នៅក្នុង​ព្រះរាជ​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​នូវ​មណ្ឌល​ព្យាបាល​មនុស្ស​ចាស់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក​អ៊ំ ដារ៉ាវុធ មន្ត្រី​ខុ​ន្ទ​កាល័យ​ព្រះមហាក្សត្រ បានបញ្ជាក់​បន្ថែមថា ថវិកា​ទាំង៣លាន​ដុល្លារ​នោះ គឺ បានមកពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ច្រើនជាងគេ គឺ​ប្រមាណ​ជាង១លាន៤សែន​ដុល្លារ និង ថវិកា​របស់​រដ្ឋាភិបាល​ចិន​ថ្វាយ​ដល់​ព្រះ​បរម​រតនៈ​កោដ្ឋ​ដែលមាន​ប្រមាណ៥០ម៉ឺន​ដុល្លារ។

សម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ បាន​មាន​ព្រះរាជបន្ទូល​ថា ការកសាង​មណ្ឌល​នេះ​ឡើង គឺ​ដើម្បី​ជាការ​រំលឹក​នូវ​ព្រះរាជ​គុណូប្បការៈ​ដ៏​ធំធេង​របស់​ព្រះ​បរម​រតនៈ​កោដ្ឋ នរោត្តម សីហនុ ដែល​កាល​ទ្រង់​នៅ​គង់​ព្រះ​ជន្ន ព្រះអង្គ​បាន​កសាង​សមិទ្ធផល​ជាច្រើន​ផ្នែក​សុខាភិបាល ដើម្បី​ថែទាំ និង​ព្យាបាល​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ។ សម្តេចម៉ែ មាន​ព្រះរាជបន្ទូល​ទៀតថា អាគារ​មណ្ឌល​ព្យាបាល​មនុស្ស​ចាស់ “ព្រះសីហនុ​រាជ” នឹង​ជួយ​សម្រាល​សេចក្តី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជាការ​អភិវឌ្ឍ​ផ្នែក​វិស័យ​សុខាភិបាល​ផងដែរ។

មណ្ឌល​ព្យាបាល “ព្រះសីហនុ​រាជ” គឺជា​មណ្ឌល​ព្យាបាល​មនុស្ស​ចាស់​មិន​គិតថ្លៃ​ដំបូង​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា។ អាគារ​មណ្ឌល​នេះ បានចាប់ផ្តើម​សាងសង់​កាលពី​ឆ្នាំ ២០១៤ នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-សូ​វៀត ឫ​ពេទ្យរុស្ស៊ី ។ អាគារ​មណ្ឌល​ព្យាបាល​មនុស្ស​ចាស់ “ព្រះសីហនុ​រាជ” មាន៤ជាន់​រួមបញ្ចូល ទាំង​ជាន់​ផ្ទាល់​ដី ដែល​សាងសង់​នៅលើ​ផ្ទៃដី​ចំនួន៥.០៤៨ម៉ែត្រក្រឡា និង​មាន​ចំណុះ​គ្រែ​ចំនួន៥១។ គ្រប់​គ្រែ​ទាំងអស់​សុទ្ធ​តែមាន​បំពាក់​ប្រព័ន្ធ​អុកស៊ីសែន ប្រព័ន្ធ​បឺត​បំពង់​ដង្ហើម និង​មាន​រានហាល​នៅខាងមុខ​គ្រប់​បន្ទប់​ទៀតផង។ ចំណែក​នៅក្នុង​បន្ទប់​សម្រាក​របស់​អ្នកជំងឺ​វិញ ក៏មាន​បន្ទប់ទឹក​ពីមួយ​ទៅ​ពីរ ឫ​បី​កន្លែង និង​មាន​កន្លែង​សម្រាប់​អ្នក​កំដរ​អ្នកជំងឺ​សម្រាក​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ