អានតួអត្ថបទ
កម្ពុជា-នយោបាយ

រដ្ឋាភិបាល​កម្ពុជា​មិន​ពេញ​ចិត្ត​ការ​ជំរុញ​របស់​លោក​ស្រី វាន់ ហេលី ឲ្យ​ពន្យល់​ករណី​លោក សម រង្ស៊ី

រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ការ​បរទេស​បាន​សម្ដែង​ការ​មិន​ពេញ ​ចិត្ត​ជុំវិញ​ការលើក​ឡើង​របស់​លោក​ស្រី វាន់ ហេលី តំណាង​ការិយាល័យ​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​នៃអង្គការ​សហប្រជាជាតិ​ កម្ពុជា​នៅ​ក្នុង​កាសែត​ខេម​បូឌា​ដេលី​កាល​ពី​ថ្ងៃ​ទី​២៥ តុលា។ មិន​ពេញ​ចិត្ត​ដោយ​សារ លោកស្រី វាន់ ហេលី បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពន្យល់​ជា​បន្ទាន់ករណី​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។

លោក សម រង្ស៊ី រៀបចំចេញដំណើរមកកម្ពុជា
លោក សម រង្ស៊ី រៀបចំចេញដំណើរមកកម្ពុជា @Sam Rainsy
ផ្សាយពាណិជ្ជកម្ម

 

ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ហៅ​ការ​ទាមទារ​របស់​លោក​ស្រី វាន់ ហេលី តំណាង​ការិយាល័យ​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​កម្ពុជា​ជា​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ ក្រសួង​ការ​បរទេស​ក៏​បាន​ចាត់​ទុក​ការ​លើក​ឡើងរបស់​លោក​ស្រី វាន់ ហេលី ជា​ការ​សម្ដែង​នូវ​ទស្សនៈ​លំអៀង​។

លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​នៅ​ថ្ងៃ​ទី​៤​វិច្ឆិកា​ថា ការ​អធិប្បាយ​របស់​លោកស្រី វាន់ ហេលី បាន​ធ្វើ​ហួស​ពីដែន​កំណត់​នៃ​រដ្ឋធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​មាត្រា​២​កថាខណ្ឌ​៧​ដែល​បញ្ជាក់​ពីការ​គោរព​អធិបតេយ្យ​និង​ការ​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​សមាជិក​និង​អនុសញ្ញា​ទីក្រុង​វ្យែន​ស្ដី​ពី​ទំនាក់​ទំនង​ការ​ទូត​ឆ្នាំ​១៩៦១។ បើ​តាម​លោក ប្រាក់ សុខុន រាល់ទំនាក់​ទំនង​ផ្លូវការ​ជាមួយ​នឹង​រដ្ឋាភិបាល​ត្រូវ​ធ្វើ​តាម​រយៈ​ក្រសួង​ការ​បរទេស​ឬ​ស្ថាប័ន​ផ្សេងៗ​ពុំ​មែន​តាម​ប្រព័ន្ធ​សារព័ត៌មាន​នោះ​ទេ​។

តែ​យ៉ាង​ណា​មិញ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ជំហរ​ជាថ្មី​ក្នុង​ការ​កែលម្អ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​មាន​ភាព​រលូន​និង​មាន​ប្រសិទ្ធិភាព​ថែម​ទៀតជាមួយ​ការិយាល័យ​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ តាម​រយៈ​ការបញ្ចប់​កិច្ច​ចរចា​អំពី​អនុស្សារណៈ​នៃ​ការ​យោគ​យល់​ថ្មី​ឲ្យ​បាន​ឆាប់​ដោយ​ឈរ​លើ​គោលការណ៍​នៃ​ការគោរព​អធិបតេយ្យ​និង​ការ​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា។

សូម​បញ្ជាក់​ថា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ បង្គាប់​ឲ្យ អគ្គនាយក និង និង នាយកដ្ឋាន​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុកដាក់ ពង្រឹង​ការ​ត្រួត​ពិនិត្យ នៅ​តាម​ច្រក​ទ្វារអាកាសយានដ្ឋាន​ទាំ​ងបី នៅ​ភ្នំពេញ សៀមរាប និង ក្រុង​ព្រះសីហនុ ក៏​ដូច​ជា នៅ​តាម​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ នានា និង រាយការណ៍​ជា​បន្ទាន់​ក្នុង​ករណី លោក សម​ រង្ស៊ី ចាក​ចេញ​ផុត​ពី​យន្ត​ហោះ តាម​ច្រក​សំខាន់​ទាំង​នោះ។
 
លិខិត​របស់​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​បាន​លិខិត​ពី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី ស្នើ​សុំ​អន្តរាគមន៍​ពី​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចាត់​វិធាន​ការ​បង្ការ​ទុក​មុន ចំពោះ​ការ​ប៉ុន​ប៉ងណា​មួយ ពី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​ចង់​វិល​មក​កម្ពុជា​វិញ​។

កន្លង​មក​មន្ត្រី​ជាន់​ខ្ពស់​នៃ​ទីស្ដី​ការ​គណៈ​រដ្ឋមន្ត្រី​ធ្លាប់​បាន​លើក​ឡើង​ថា មូល​ហេតុ​ដែល​រដ្ឋាភិបាល​ទប់​ស្កាត់​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​ស្រុក​ដើម្បី​ការ​សុវត្ថិភាព​ព្រលាន​យន្ត​ហោះ​ព្រោះ​បើ​ថា​កាល​ណា​លោក​សម រង្ស៊ីអញ្ជើញ​មក​នោះ​អ្នក​គាំទ្ររបស់​លោក​នឹង​សម្រុក​ទៅ​ទទួល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រលាន​យន្តហោះ​ដែល​មានតម្លៃ​រាប់​លាន​ដុល្លារ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ