អានតួអត្ថបទ
កម្ពុជា

GMAC​ ប្ដេជ្ញា​ចិត្ត​បន្ត​ប្រយុទ្ធ​ប្រឆាំង​ពលកម្ម​កុមារ

ដើម្បី​អបអរ​ទិវា​កុមារ​អន្ដរជាតិ ០១​មិថុនា សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា GMAC ​បាន​បង្ហាញ​ពី​មោទនភាព​របស់​ខ្លួន ​ក្នុង​ការ​សហការ​​ ដើម្បី​លុប​បំបាត់​ពលកម្ម​កុមារ​ឲ្យ​អស់ ​ពី​វិស័យ​កាត់​ដេរ​កម្ពុជា។ ពលកម្ម​កុមារ​នៅ​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា ដែល​បើ​តាម GMAC​ គឺ​មាន​ការ​ថយ​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជាមួយ​គ្នា​នេះ GMAC ក៏​បាន​ប្ដេជ្ញា​ចិត្ត​ និង​អំពាវនាវ​ឲ្យ​មាន​ការ​ចូល​រួម​​ប្រយុទ្ធ​ប្រឆាំង​ពលកម្ម​កុមារ ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ផង​ដែរ​។

កុមារក្នុង​ទិវាពិភពលោក​ប្រឆាំង​នឹង​ពលកម្ម​កុ​មារ​ខួប​លើក​ទី១១ នា​ឆ្នាំ​២០១២ នៅ​ខេត្ត​ព្រះ​សីហនុ
កុមារក្នុង​ទិវាពិភពលោក​ប្រឆាំង​នឹង​ពលកម្ម​កុ​មារ​ខួប​លើក​ទី១១ នា​ឆ្នាំ​២០១២ នៅ​ខេត្ត​ព្រះ​សីហនុ ©Lida/RFI
ផ្សាយពាណិជ្ជកម្ម

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា GMAC បាន​កត់​សម្គាល់​ឃើញ​ថា ពលកម្ម​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ថយ​ចុះ ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ GMAC ​បាន​លើក​ឡើង​ពី​ការ​ត្រួត​ពិនិត្យ​របស់​អង្គការ​ពលកម្ម​អន្ដរជាតិ ILO នៅ​ឆ្នាំ​២០១៤ ដែល​រក​ឃើញ​ថា មាន​កម្មករ​មិន​ទាន់​គ្រប់​អាយុ​ចំនួន​៣៤​នាក់ នៅ​ក្នុង​រោង​ចក្រ​ចំនួន​១៥​កន្លែង។ ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ពី​៦៧នាក់ នៅ​ក្នុង​រោងចក្រ​ចំនួន​២៤​កន្លែង កាល​ពី​ឆ្នាំ​២០១៣។

បើ​ទោះ​បី​ជា​មាន​មោទនភាព​ចំពោះ​ការ​បោះ​ជំហាន​ទៅ​មុខ ក្នុង​ការ​លុប​បំបាត់​ពលកម្ម​កុមារ ​នៅ​ក្នុង​ឧស្សាហកម្ម​សម្លៀក​បំពាក់ និង​ស្បែក​ជើង​នៅ​កម្ពុជា​ក៏​ដោយ ក៏ GMAC បាន​ទទួល​ស្គាល់​ថា មាន​ការងារ​បន្ថែម​ទៀត​ដែល​ត្រូវ​ធ្វើ។ ក្នុង​នោះ GMAC បាន​ក្រើន​រំលឹកដល់​រោងចក្រ​ជា​សមាជិក​របស់​ខ្លួន ឲ្យ​ចាត់​វិធានការ​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​ធានា​ដល់​ការ​គោរព​ច្បាប់។ ច្បាប់​ស្ដី​ពី​ការងារ​របស់​កម្ពុជា ដែល​ចែង​ថា ការ​ទទួល​យក​កម្មករ​ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ​មក​ធ្វើ​ការ គឺ​ជា​អំពើ​ខុស​ច្បាប់។

GMAC ក៏​បាន​អំពាវនាវ​ឲ្យ​រោងចក្រ​ជា​សមាជិក​របស់​ខ្លួន បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ជ្រើស​រើស​យក​កម្មករ​មក​ធ្វើ​ការ ព្រោះ​បើ​តាម​ការ​រក​ឃើញ​របស់​អង្គការ ILO ​ក្នុង​ករណី​ភាគ​ច្រើន កម្មករ​បាន​កុហក តាម​រយៈ​ការ​ប្រើ​ប្រាស់​ឯកសារ​ក្លែង​បន្លំ ឬ​គូស​លុប​ប្ដូរ ឬ​ក្លែង​ឯកសារ​អ្នក​ដទៃ​ដែល​មាន​អាយុ​ច្រើន​ជាង​ខ្លួន ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​បាន​ការងារ​ធ្វើ​។

សមាគម​រោង​ចក្រ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា GMAC ក៏​បាន​ប្ដេជ្ញា​ចិត្ត​ ក្នុង​ការ​បន្ត​ប្រយុទ្ធ​ប្រឆាំង​ពលកម្ម​កុមារ​ឲ្យ​អស់ ​ពី​វិស័យ​កាត់​ដេរ​កម្ពុជា​។ ប៉ុន្តែ​បើ​តាម​សមាគម​នេះ រោងចក្រ​តែ​ម្នាក់​ឯង មិន​អាច​ទទួល​ជោគជ័យ ក្នុង​ការ​លុប​បំបាត់​ពលកម្ម​កុមារ​បាន​ឡើយ​។ វា​ត្រូវ​ការ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា ពី​មនុស្ស​គ្រប់​រូប និង​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំង​អស់ រាប់​តាំង​ពី​រដ្ឋាភិបាល អង្គការ ILO សង្គម​ស៊ីវិល និង​កម្មករ​ខ្លួន​ឯង​ផ្ទាល់​ ដើម្បី​ធានា​ថា កុមារអាច​បន្ត​ការ​សិក្សា​នៅ​សាលា​រៀន មិន​មែន​ចូល​ធ្វើ​ការ​នោះ​ទេ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ