អានតួអត្ថបទ
កម្ពុជា

ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​យល់​ព្រម​បញ្ចុះ​តម្លៃ​តាម​ទីផ្សារ​អន្តរជាតិ

ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ភាគច្រើន បាន​យល់ព្រម​តាម​ការ​ស្នើ​សុំ របស់​ក្រសួង​ពាណិជ្ជកម្ម ឲ្យ​ពិចារណា​លើ​លទ្ធភាព​ក្នុង​ការ​បញ្ចុះ​តម្លៃ​ប្រេងឥន្ធនៈ ដែល​មាន​លក្ខណៈ​រលាស់ ទាន់​ពេល​វេលា និង​ឆ្លើយ​តប​នឹង​ទីផ្សារ​នាំ​ចូល​ប្រេង​ឆ្អិន។ ការ​ឆ្លើយ​តប​នេះ បន្ទាប់​ពី​ជំនួប​រវាង ក្រសួង​ពាណិជ្ជកម្ម ក្រសួង​រ៉ែ​ និងថាមពល ក្រសួង​សេដ្ឋកិច្ច និង​តំណាង​ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ ទី ៣ កញ្ញា កន្លង​ទៅ​នេះ។

តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​
តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ភាគ​ច្រើន បាន​ឆ្លើយតប​ជា​វិជ្ជមាន​តាម​សំណើរ​របស់​ក្រសួង​ពាណិជ្ជកម្ម​ កម្ពុជា អំពី​លទ្ធភាព​នៃ​ការ​បញ្ចុះ​តម្លៃ​ប្រេង​ឥន្ធនៈ ដែល​មាន​លក្ខណៈ​រលាស់ ទាន់​ពេល​វេលា​ និង​បាន​ឆ្លើយ​តប​នឹង​តម្លៃ​ទីផ្សារ​ក្នុង​ការ​នាំ​យក​ប្រេង​ឆ្អិន​មក​កាន់​ទីផ្សារ​កម្ពុជា។

បើទោះជា​មាន​ការ​យល់​ព្រម​បញ្ចុះ​តម្លៃ​ប្រេង​ឥន្ធនៈ ឲ្យ​សមស្រប​ទៅ​តាម​ទីផ្សារ​ដែល​ខ្លួន​នាំ​ចូល​មក​ក្តី ក៏​ប៉ុន្តែ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ទាំង​នោះ មិន​បាន​បញ្ជាក់​អំពី​តួរលេខ​ពិត​ប្រាកដ​នៃ​តម្លៃ​ប្រេង​ដែល​ពួកគេ​នឹង​បញ្ចុះ​តម្លៃ​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី លោក កែន រដ្ឋា អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម។

យ៉ាង​ណា​ក៏​ដោយ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​រូប​នេះ​បញ្ជាក់​ថា ក្រសួង​នឹង​បន្ត​ត្រួត​ពិនិត្យ​មើល នូវ​ការ​កំណត់​តម្លៃ​ប្រេង​ឥន្ធនៈ​របស់​ក្រុមហ៊ុន​ទាំង​នោះ ថា​តើ​ក្រុមហ៊ុន​ទាំង​នោះ បាន​អនុវត្តន៍​ដូច​អ្វី​ដែល ពួកគេ​បាន​យល់​ព្រម​ទៅ​នឹង​សំណើរ​របស់​ក្រសួង​ពាណិជ្ជកម្ម​ឬ​ទេ។ មិន​តែ​ប៉ុណ្ណោះ​ក្រសួង ក៏​នឹង​មាន​យន្តការ​បន្ថែម​ទៀត ប្រសិន​បើ​បណ្តា​ក្រុមហ៊ុន​នោះ​មិន​បាន​អនុវត្តន៍​ដូច​អ្វី​ដែល​ខ្លួន​បាន​សន្យា។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ធំ​ៗ ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន​តូច​មិន​ទាន់​បាន​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ក្រសួង​ពាណិជ្ជកម្ម​បាន​ស្នើរ​សុំ​នៅ​ឡើយ​ទេ។

អ្នកនាំពាក្យ​ដដែល បាន​គូស​បញ្ជាក់​ថា ក្រសួង​ពាណិជ្ជកម្ម ក៏​នឹង​មាន​គម្រោង​បើក​កិច្ច​ប្រជុំ​បន្ថែម​ទៀត​ដែរ ជាមួយ​នឹង​តំណាង​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ដែល​កំពុង​ប្រតិបត្តិការណ៍​នៅ​កម្ពុជា​ ប្រសិន​បើ​ការ​អនុវត្ត​នៃ​ការ​កំណត់​តម្លៃ​ប្រេង​ឥន្ធនៈ​ មិន​ទទួល​បាន​នូវ​ប្រសិទ្ធិភាព។

ជា​ការ​កត់​សម្គាល់ តម្លៃ​ប្រេងសាំង​ជា​មធ្យម​នៅ​តាម​បណ្តា​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​នានានៅ​កម្ពុជាមាន​តម្លៃ​ចន្លោះ​ពី ៣៨០០ រយ រៀល ទៅ ៤១០០ រយរៀល ក្នុង​មួយ​លីត្រ​សម្រាប់​សាំង​ធម្មតា។

គួរ​ជម្រាប​ជូនថា កាល​ពី​ថ្ងៃ​ទី​ ៣ កញ្ញា ក្រសួង​ពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និង ក្រសួង​រ៉ែ​និង​ថាមពល បាន​បើក​កិច្ច​ប្រជុំ​ជាមួយ​នឹង​តំណាង​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ ស្តីពី​ស្ថាន​ភាព​ថ្លៃ​ប្រេង​ឥន្ធនៈ​បច្ចុប្បន្ន ទាក់ទង​នឹង​ទីផ្សារ​ពិភពលោក និង​ថ្លៃ​នាំ​ចូល​ពី​ប្រទេស​សឹង្ហបុរី។ ជា​កិច្ច​ប្រជុំ ដើម្បី​បន្ត​ពិនិត្យ​ និង​ពិភាក្សា​ឡើង​វិញ អំពី​ស្ថានភាព​ថ្លៃ​ប្រេង​ឥន្ធនៈ​បច្ចុប្បន្ន​នៅ​កម្ពុជា ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​លក្ខណៈ​រលាស់ និង​ទាន់​ពេល​វេលា​ឆ្លើយ​តប​នឹង​ទីផ្សារ​ពិភពលោក ​និង​ថ្លៃ​នាំ​ចូល​នៃ​តម្លៃ​ប្រេង​ឆ្អិន​មក​កម្ពុជា៕ 

អត្តបទដោយ៖ ចាន់ ជីវ៉ា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ