អានតួអត្ថបទ
កម្ពុជា

សម្តេច​ក្រុម​ព្រះ ​នរោត្តម ​រណឫទ្ធិ​ លើក​ដៃ​សំពះ​អង្វរករ​សមាជិក​ កុំ​យក​ហ្វ៊ុនស៊ិនប៉ិច​ ទៅតថ្លៃ​ដូច​មុន

ក្នុង​ពិធី​ជួបជុំ​ថ្នាក់​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ នៅ​តាម​បណ្តា​ខេត្ត​ទូទាំង​ប្រទេស ​នៅ​ជិត​ផ្ទះ​លោក​ញឹកប៊ុនឆៃ​ នៅ​សង្កាត់​ជ្រោយ​ចង្វារ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពីព្រឹក​ថ្ងៃសៅរ៍​ ទី​១០ ​មករា​នេះ ​សម្តេច​ក្រុមព្រះ ​នរោត្តម​ រណឫទ្ធិ ​បាន​លើក​ដៃ​សំពះ​ អង្វរករ​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ តាម​មូលដ្ឋាន​ កុំ​ឲ្យ​យក​ហ្វ៊ុនស៊ិនប៉ិច​ ទៅ​តថ្លៃ​ ទោះ​ជា​អំណាច​ក្តី​ ទោះ​ជា​លុយ​កាក់​ក្តី​ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ដូចគ្រា​មុន​ទៀត។​ ក្នុង​ពេល​ជួប​មុខ​អតីត​អ្នក​ដង្ហែ​តាម​ព្រះអង្គ​ជា​ថ្មី​ឡើង​វិញ ​ពេល​នេះ​ សម្តេច​ក្រុម​ព្រះ ​ក៏​បាន​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ចុះ​មូលដ្ឋាន​ ប្រមែ​ប្រមូល​អ្នក​រាជានិយម​ឲ្យ​បោះឆ្នោត​គាំទ្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ដើម្បី​ការពារ​កេរ្តិ៍ដំណែល​សម្តេច​ព្រះមហាវីរក្សត្រ​ នរោត្តម​ សីហនុ។

សម្តេច​ក្រុម​ព្រះ កំពុង​ធ្វើ​សន្និសីទ​កា​សែត​នៅ​ព្រះ​រាជ​តំណាក់​របស់​ព្រះ​អង្គ​ ក្នុង​បុរី​ទន្លេ​បាសាក់​។
សម្តេច​ក្រុម​ព្រះ កំពុង​ធ្វើ​សន្និសីទ​កា​សែត​នៅ​ព្រះ​រាជ​តំណាក់​របស់​ព្រះ​អង្គ​ ក្នុង​បុរី​ទន្លេ​បាសាក់​។ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពេល​ជួប​មុខថ្នាក់​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ដែល​ជា​តំណាង​តាម​បណ្តា​ខេត្ត​រាជធានី​ ថ្នាក់​ស្រុក​ខណ្ឌ​ក្រុង​នៅ​ទូទាំង​ប្រទេស​ នា​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​១០​មករា​នេះ ​សម្តេច​ក្រុម​ព្រះ ​នរោត្តម​ រណឫទ្ធិ​ បាន​លើក​ដៃ​សំពះ​ អង្វរករ​ដល់​សមាជិក​ ថ្នាក់​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ កុំ​យក​ហ្វ៊ុនស៊ិនប៉ិច​ ទៅ​តថ្លៃ ​ទោះ​ជា​ដើម្បី​អំណាច​ ឬ​ក៏​ដើម្បី​លុយកាក់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដូច​ពេល​មុន​ទៀត។

ចំពោះ​មុខ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ ​ដែល​រួមមាន​ លោក​ញឹក ប៊ុនឆៃ ​លោក​ឈឹម សៀកឡេង​ លោក​កែវ ពុទ្ធរស្មី​ លោក​យូ ហុកគ្រី​ ព្រម​ទាំង​ថ្នាក់​ដឹកនាំ​តាម​បណ្តា​ខេត្ត​រាជធានី ​ក្រុង​ស្រុក​ខណ្ឌ​ សរុប​ជាង​ ៣០០ នាក់ ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ​សម្តេច​ក្រុម​ព្រះ ​នរោត្តម ​រណឫទ្ធិ ​ក៏​បាន​លើក​បទ​ពិសោធន៍​របស់​ហ្វ៊ុនស៊ិនប៉ិច​ ក្នុង​រយៈ​កាល​កន្លង​មក។ ​ជា​បទពិសោធន៍​ រវាង​ហ្វ៊ុនស៊ិនប៉ិច​ និង​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ព្រះអង្គ ​បាន​ចាត់​ទុក​ដូច​សម្លរ​ម្ជូរ​ស្លឹក​អំពិល​ ដែល​សមាជិក​ថ្នាក់​ដឹកនាំ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ បាន​ភ្លក់​រួច​ហើយ ​ដោយ​អ្នក​ខ្លះ ​យល់​ថា​ មាន​រសជាតិ​សាប​ ប្រៃ ​ជូរ ​និង​ផ្អែម​ ជា​ដើម។ ​ប៉ុន្តែ​សម្រាប់​ព្រះអង្គ ​រស់ជាតិ​សម្លរ​ម្ជូរ​ស្លឹក​អំពិល​នោះ​ មិន​ត្រូវ​បាន​ព្រះអង្គ​ លើក​ឡើង​ទេ។

ក្នុង​ឱកាស​ជួប​ថ្នាក់​ដឹកនាំ​តាម​បណ្តា​ខេត្ត​រាជធានី​ ក្រុង​ស្រុក​ខណ្ឌ​ទាំង​នោះ ​សម្តេច​ក្រុម​ព្រះ​ ក៏​បាន​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​ចុះ​មូលដ្ឋាន​ប្រមែប្រមូល​អ្នក​រាជានិយម​ ឲ្យ​បោះឆ្នោត​គាំទ្រ​ហ្វ៊ុនស៊ិនប៉ិច​ ដើម្បី​ការពារ​កេរ្តិ៍​តំណែល​សម្តេច​ព្រះមហាវីរក្សត្រ​ នរោត្តម​ សីហនុ​ ដែល​ជា​ព្រះបិតា។

នៅ​ព្រឹកមិញ​ សម្តេច​ក្រុម​ព្រះ ​ក៏​បាន​ឆ្លើយ​តប​នឹង​ការ​រិះគន់​ព្រះអង្គ​ តាម​ហ្វេសប៊ុក​ ក្នុង​ពេល​ព្រះអង្គ​យាង​មក​ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ​ នៅ​ពេល​នេះ ​ព្រម​ទាំង​តប​នឹង​ការ​លើក​ឡើង​របស់​លោក​សមរង្ស៊ី ​អតីត​ជា​សហការី​របស់​ព្រះអង្គ។ ​តាម​សម្តេច​ក្រុម​ព្រះ លោក​សមរង្ស៊ី ​ក៏​អាច​យក​ព្រះនាម​ព្រះមហាវីរក្សត្រ ​សម្តេច​ព្រះ​ នរោត្តម​ សីហនុ​ ឬ​ក៏ឈ្មោះ​ឪពុក​លោក​សមរង្ស៊ី ​គឺ​លោក​សមសារី​ ទៅ​ប្រើ​ ដើម្បី​ឃោសនា​រក​សំឡេង​ឆ្នោត​ ដូចការ​រិះគន់​របស់​លោក​សមរង្ស៊ី​ លើ​ព្រះ​អង្គថា​ យក​តែ​ឈ្មោះ​ឪពុក​មក​ប្រើ។

មុននឹង​ដើរ​ចេញ​ពី​សាលប្រជុំ ​សម្តេច​ក្រុមព្រះ ​នរោត្តម​ រណឫទ្ធិ ​ក៏​បាន​ផ្តាំទៅ​លោកកឹម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ឲ្យ​មក​រួបរួម​ជាមួយ​ព្រះអង្គ​ ព្រោះ​ថា​ តាម​សម្តេច​ក្រុម​ព្រះ ​ទាំង​លោក​សមរង្ស៊ី ​និង​ទាំង​លោក​កឹម សុខា ​ធ្លាប់​ត្រូវ​បាន​ព្រះអង្គ​ជួយ​ទំនុក​បំរុង​ក្នុង​ជីវិត​នយោបាយ​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ