អានតួអត្ថបទ
កម្ពុជា

ក្រសួង​វប្បធម៌​ រៀបចំ​កម្មវិធី​ចំនួន​៣ ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ ​ដើម្បី​ផ្សព្វផ្សា​យសិល្បៈ​វប្បធម៌​ជាតិ​

កម្មវិធី​ចំនួន៣ ​ត្រូវ​បាន​ក្រសួង​វប្បធម៌​រៀបចំ​ធ្វើ​នៅ​តាំង​ពី​ព្រលឹម​ ដល់​ព្រលប់ ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​១២​វិច្ឆិកា​នេះ ​ក្នុង​គោល​ដៅ​ផ្សព្វផ្សា​យ​សិល្បៈ​វប្បធម៌​ជាតិ។ ​កម្មវិធី​ទាំង​៣​នោះ​ មាន​ជា​អាថិ៍ ​មហោស្រព​បង្ហើរ​ខ្លែង​ខ្មែរ​ ដែល​រៀបចំ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រ​ ព្រម​ទាំង​មហោស្រព​សិល្បៈ​ដណ្ដាំ​ស្ល​ម្ហូប​អាហារ​ខ្មែរ​ និង​ការ​បង្ហាញទ​ម្រង់​ម៉ូដ​សម្លៀក​បំពាក់​ខ្មែរ​ ដែល​ត្រូវ​រៀបចំ​នា​ពេល​រសៀល ​នៅ​សាលសន្និសីទ​ចតុមុខ។​

ក្រសួង​​វប្បធម៌ បាន​រៀបចំ​កម្មវិធី​ចំនួន​៣ ​រួមមា​ន​ការ​បង្ហោះ​ខ្លែង​ខ្មែរ​ ដែល​ធ្វើ​ឡើង​ក្នុ​ង​ទីលាន​​មជ្ឈ​មណ្ឌល​ពិព័រណ៍​កោះពេជ្រ​
ក្រសួង​​វប្បធម៌ បាន​រៀបចំ​កម្មវិធី​ចំនួន​៣ ​រួមមា​ន​ការ​បង្ហោះ​ខ្លែង​ខ្មែរ​ ដែល​ធ្វើ​ឡើង​ក្នុ​ង​ទីលាន​​មជ្ឈ​មណ្ឌល​ពិព័រណ៍​កោះពេជ្រ​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ ខែ​វិច្ឆិកា​នេះ​ ខ្លែង​ចម្រុះ​ពណ៌​ជា​ច្រើ​ន​ បាន​បង្ហើរ​ឡើង​ព្រោង​ព្រាត​​ពេញ​ផ្ទៃ​អាកាស ​នៅ​លើ​ទីលាន​មជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រ។​ ការ​បង្ហើរ​ខ្លែង​ដែល​មាន​រូបរាង ​និង​ពណ៌​ខុស​ៗ​គ្នា​នេះ ​ធ្វើ​ឡើងក្នុ​ងឱកាស​មហោស្រព​បង្ហើរ​ខ្លែង​ខ្មែរ​។ មហោ​ស្រព​​បង្ហើរ​ខ្លែង​ខ្មែរ​ ដែល​រៀបចំ​ធ្វើ​ឡើង​ជា​រៀងរាល់ឆ្នាំ​ ហើយ​ឆ្នាំ​នេះ ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​មក​ពី២​២​រាជធានី-ខេត្ត។​

លោក​ សំរាំង កំសាន្ត អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ថ្លែង​ថា ​បច្ចុប្បន្ន​ ខ្លែងខ្មែរ​កំពុង​ជះ​ឥទ្ធិពល​​យ៉ាង​ខ្លាំងក្លា​ដល់​គ្រប់​មជ្ឈដ្ឋាន​ជាតិ​ និង​អន្ដរជាតិ។ ​ដោយ​ក្នុង​នោះ ​ក្រៅ​ពី​បង្អួត​ខ្លួ​ននៅ​ក្នុង​មហោស្រព​បង្ហើរ​ខ្លែង​ខ្មែរ​នៅ​ក្នុង​ប្រទេស​ជា​រៀង​រាល់​ឆ្នាំ​ហើយ ​ខ្លែង​ខ្មែរ​បាន​ចូលរួម​មហោស្រព​អន្ដរជាតិ​ចំនួន​៦៥​លើក ​នៅ​១៣​ប្រទេស​ផ្សេង​ៗ​គ្នា។

​លោក ​សំរាំង កំសាន្ត ​ក៏​បាន​បន្ត​លើក​ឡើង​ពី​ជោគជ័យ​របស់​ខ្លែងខ្មែរ​ ដែល​បាន​ទទួល​ជ័យ​លាភី​នៅ​ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ​អន្ដរជាតិ​ផង​ដែរ។​ ជា​ពិសេស​ក្នុង​មហោស្រព​ខ្លែង​នៅ​ប្រទេសចិ​ន ​ក្នុង​ឆ្នាំ​២០០៧។ ​មហោស្រព​ខ្លែង​នៅ​ប្រទេស​ម៉ាឡេស៊ី ​ក្នុង​ឆ្នាំ​២០០៨​ និង​២០០៩​។ ព្រម​ទាំង​មហោស្រព​ខ្លែង​អន្ដរជាតិ​ នៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​២០០៨។

​តាម​គម្រោង ​បន្ទាប់​ពី​មហោស្រព​បង្ហើរ​ខ្លែងខ្មែរ​លើក​ទី​១៩​ ប្រចាំ​ឆ្នាំ​២០១៥ ​បិទ​បញ្ចប់​នៅ​វេលា​ព្រឹក​ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ត្រូវ​បន្ត​រៀបចំ​កម្មវិធី​បន្ទាប់​របស់​ខ្លួន​ គឺ​មហោស្រព​សិល្បៈ​ដណ្ដាំ​ស្ល​ម្ហូប​អាហារ​ខ្មែរ​លើក​ទី​១៦ ​និង​ការ​បង្ហាញ​ទម្រង់​ម៉ូដ​សម្លៀក​បំពាក់​ខ្មែរ​លើក​​ទី​១៥។ ​កម្មវិធី​ពីរ​ចុង​ក្រោយ​នេះ​ រៀបចំ​ធ្វើ​នៅ​សាលសន្និសីទ​ចតុមុខ ​នា​វេលា​រសៀល ​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​វិច្ឆិកា។​

មហោស្រព​សិល្បៈ​ដណ្ដាំ​ស្ល​ម្ហូប​អាហារ ​រៀបចំ​ឡើង​ដើម្បី​ជ្រើសរើស​យក​បេក្ខជ​ន​ដែល​មាន​ស្នាដៃ​ខ្ពស់​ខាង​ដណ្ដាំ​ស្ល​ សម្ល​ម្ជូរព្រៃ​ មុខ​ម្ហូប​ពិសេស​តាម​តំបន់​ និង​ទ្រាប​បាយ។ ​ចំណែក​ការ​បង្ហាញ​ទម្រង់​ម៉ូដ​សម្លៀកបំពាក់ ​ផ្ដោត​លើ​ការ​បង្ហាញ​ម៉ូដសក់​សម័យ​អង្គរ​ សម័យ​លង្វែក ​សម័យ​ចតុមុខ ​និង​សម័យ​បច្ចុប្បន្ន​ ព្រម​ទាំង​សម្លៀក​បំពាក់​ដែល​សមស្រប​សម្រាប់​ម៉ូដសក់​តាម​សម័យ​កាល​នីមួយៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ