អានតួអត្ថបទ
កម្ពុជា

ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​កាត់ដេរ​ត្រូវ​បាន​លើក​មក​ពិភាក្សា​បន្ត

ក្រុមការងារ​បច្ចេក​ទេស​ត្រីភាគី ដែល​រួមមាន​ភាគី​សហជីព ភាគី​និយោជក និង​រដ្ឋាភិបាល​ បាន​ប្រជុំ​គ្នា​ជា​ថ្មី នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ពិភាក្សា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០១៦ ក្នុង​វិស័យ​វាយនភណ្ឌ​ និង​ផលិត​ស្បែក​ជើង។ នេះ​ជា​កិច្ច​ប្រជុំ​ដែល​ធ្វើ​បន្ត​ពី​សប្ដាហ៍​មុន។

ក្រុម​មេដឹកនាំ​សហជីព​ចូល​រួម​ស្តាប់​បទបង្ហាញ​របាយការណ៍​ស្រាវ​ជ្រាវ​ស្តីពី​ប្រាក់​ខែ​គោល​របស់​កម្មករ​កាលពីពេលថ្មីៗនេះ។
ក្រុម​មេដឹកនាំ​សហជីព​ចូល​រួម​ស្តាប់​បទបង្ហាញ​របាយការណ៍​ស្រាវ​ជ្រាវ​ស្តីពី​ប្រាក់​ខែ​គោល​របស់​កម្មករ​កាលពីពេលថ្មីៗនេះ។ @/Facebook
ផ្សាយពាណិជ្ជកម្ម

កិច្ច​ប្រជុំ​ស្តីពី​ប្រាក់​ឈ្នួល​អប្បរមា​ឆ្នាំ​២០១៦​សម្រាប់​កម្មករ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែក​ជើង​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ នៅ​មិន​ទាន់​សម្រេច​បាន​លទ្ធផល​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ទេ។ បញ្ហា​នៅ​ត្រង់​ថា ភាគី​កម្មករ​និយោជិត ដែល​តំណាង​ដោយ​ក្រុម​សហជីព​រក​ពុំទាន់​ឃើញ​តួលេខ​រួម​នៃ​ប្រាក់​ឈ្នួល​ទាប​បំផុត​សម្រាប់​ឆ្នាំ​២០១៦។

សហជីព​ខ្លះ​ស្នើ​ឱ្យ​កំណត់​យក​១៦៧​ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ​សហជីព​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដែល​មាន​ចំនួន​ភាគ​ច្រើន​ក្នុង​ចំណោម​សហជីព​ដែល​ចូលរួម​ប្រជុំ បាន​កំណត់​ត្រឹម​១៥៨​ដុល្លារ។ ការណ៍​នេះ​ធ្វើ​ឱ្យ​អ្នកស្រី យ៉ាង សោភ័ណ្ឌ ដែល​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​«ព្រួយ​បារម្មណ៍» បន្ទាប់​ពី​ការ​ស្រាវជ្រាវ​ចុង​ក្រោយ​មួយ​បង្ហាញ​ថា ប្រាក់​ឈ្នួល​សមរម្យ​ប្រចាំ​ខែ​សម្រាប់​កម្មករ​កម្ពុជា​គឺ​២០៧​ដុល្លារ។

ការ​ប្រជុំ​របស់​ក្រុម​ការងារ​បច្ចេក​ទេសត្រី​ភាគី​ដែល​មាន​តំណាង​កម្មករ តំណាង​ថៅកែ​រោងចក្រ​ និង​តំណាង​រដ្ឋាភិបាល ចូលរួម​នេះ នឹង​បន្ត​ពិភាក្សា​គ្នា​រហូត​ដល់​ការ​ព្រមព្រៀង​គ្នា​លើ​ចំនួន​ប្រាក់​ឈ្នួល​តិច​បំផុត​ថ្មី​មួយ សម្រាប់​កម្មករ​ក្នុង​វិស័យ​វាយភណ្ឌ មុន​នឹង​ដាក់​ស្នើ​ឱ្យ​គណៈកម្មការ​ប្រឹក្សា​ការងារ​ពិនិត្យ​សម្រេច នៅ​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​២០១៥។

តាម​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្តាល​វិជ្ជាជីវៈ​កម្ពុជា ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ត្រូវ​តែ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម​មួយ​ចំនួន​ដូច​ជា៖ ស្ថាន​ភាព​គ្រួសារ​ អត្រា​អតិផរណា និង​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ។ ទន្ទឹម​នឹង​នេះ​ដែរ ក្រសួង​នេះ​ក៏​តម្រូវ​ឱ្យ​គ្រប់​ភាគី​ប្រើ​លក្ខណៈ​វិនិច្ឆ័យ​បែប​សេដ្ឋកិច្ច​ផង​ដែរ ក្នុ​ងនោះ​មាន​ផលិតភាព ភាព​ប្រកួត​ប្រជែង ស្ថានភាព​ទីផ្សារ​ការងារ និង​កម្រិត​តម្លៃ​បន្ថែម​នៃ​វិស័យ​វាយនភណ្ឌ ក៏​ដូចជា​បន្ទាត់​ភាព​ក្រីក្រ។

ប្រាក់​ឈ្នួល​ទាប​បំផុត​សម្រាប់​កម្មករ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែក​ជើង​ កម្ពុជា​ក្នុង​ឆ្នាំ​២០១៥ គឺ​១២៨​ដុល្លារ​ក្នុង​មួយ​ខែ។ រួម​ជា​មួយ​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ កម្មករ​កម្ពុជា​ក្នុង​វិស័យ​វាយភណ្ឌ មាន​ចំណូល​មធ្យម​ប្រចាំ​ខែ​ចាប់​ពី​១៤៧​ដុល្លារ​ទៅ​១៥៦​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ