អានតួអត្ថបទ
កម្ពុជា

សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​១៤នាក់​ ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់​ឧកញ៉ា ​អ៊ឹង ម៉េងជឺ

ក្រោយពី​ប្រតិបត្តិការ​ពេញ​មួយ​យប់​ ថ្ងៃ​ពុធ​ទី៣ធ្នូ ​ឈានដល់​ថ្ងៃ​ព្រហស្បត្តិ៍​នេះ ​សមត្ថកិច្ច​កម្ពុជា​បាន​សម្រេច​ឃាត់ខ្លួន​មនុស្ស​សរុប១៤នាក់​ ក្នុងនោះ​រួមមាន​ឱពុកម្តាយ​ អង្គរក្ស​ រួមទាំង​ប្រពន្ធ​ និង​អ្នកបំរើ​របស់លោក​ឧកញ៉ា ​ថោង សារ៉ាត់​ផងដែរ។ ​ លោក​ឧកញ៉ា  ​ថោង​ សារ៉ាត់​ ​ដែល​​សមត្ថកិច្ច​​អះអាង​​ថា​ ​ជា​​មេខ្លោង​​បាញ់​សម្លាប់​​លោក​​ឧកញ៉ា ​អ៊ឹង ម៉េងជឺ​​នោះ​​ បាន​​រត់​គេច​ខ្លួន​​បាត់​​ហើយ​។ ​ហើយ​​នៅ​​រសៀល​​ថ្ងៃ​នេះ ​​អាជ្ញាធរ​​នឹង​​បញ្ជូន​​ខ្លួន​​អង្គរក្ស​​៤​នាក់​​ ដែល​ជា​​អ្នក​ធ្វើ​​សកម្មភាព​​និង​​ជា​ជន​ដៃដល់​​ ទៅ​កាន់​​តុលាការ​​ ដើម្បី​​ចោទ​ប្រកាន់​។​

ប៉ូលិស​បាន​ចុះ​ទៅ​ឃាត់​ខ្លួន​ជន​ពាក់ព័ន្ធ​នៅ​ភូមិ​គ្រឹះ​របស់​លោក​ឧកញ៉ា​ ថោង សារ៉ាត់​ ក្នុង​រឿង​សំលាប់​លោក​ឧកញ៉ា ​អ៊ឹង ម៉េងជឺ​ ។
ប៉ូលិស​បាន​ចុះ​ទៅ​ឃាត់​ខ្លួន​ជន​ពាក់ព័ន្ធ​នៅ​ភូមិ​គ្រឹះ​របស់​លោក​ឧកញ៉ា​ ថោង សារ៉ាត់​ ក្នុង​រឿង​សំលាប់​លោក​ឧកញ៉ា ​អ៊ឹង ម៉េងជឺ​ ។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ពេញ​មួយ​យប់​ថ្ងៃទី៣ខែធ្នូ​ឈានចូល​ដល់​ថ្ងៃ​ព្រហស្បត្តិ៍​ទី៤ខែធ្នូ​នេះ​ កងកម្លាំង​សមត្ថកិច្ច​កម្ពុជា​បាន​បើក​ប្រតិបត្តិ​ការចាប់ខ្លួន​ឧកញ៉ា​ ថោង សារ៉ាត់​ ដែល​សមត្ថកិច្ច​បាន​អះអាងថា​ ជា​មេខ្លោង​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ ​កាលពី​ថ្ងៃទី​២២វិច្ឆិកា។ ​កាលពី​យប់​មិញ​ សមត្ថកិច្ច​បាន​ចុះ​ឡោមព័ទ្ធ​ភូមិគ្រឹះ​ចំនួន​២​កន្លែង​របស់លោក​ឧកញ៉ា ​ថោង សារ៉ាត់​ ស្ថិតនៅ​ទីស្នាក់ការ​បុរី​៩៩៩ ​សង្កាត់​ចាក់អង្រែក្រោម​ ​និង​នៅ​ភូមិគ្រឹះ​នៅ​ត្នោតជ្រុំ​ ក្នុង​សង្កាត់​បឹងទំពុន​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​អាជ្ញាធរ​រក​មិនឃើញ​លោក​ឧកញ៉ា​ ថោង សារ៉ាត់​ នោះទេ។​ ប៉ុន្តែ​ជាមួយគ្នានេះ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បានសម្រេច​ឃាត់ខ្លួន​មនុស្ស​ចំនួន​ ១៤នាក់​ ក្នុងនោះ​រួមមាន​ទាំង ​ឪពុកម្តាយ​ឧកញ៉ា ​ថោង សារ៉ាត់​ ប្រពន្ធ​ អង្គរក្ស៤នាក់​ និង​អ្នកបម្រើ​មួយចំនួន​ផងដែរ។

លោក​ឧត្តម​សេនីយ៍ត្រី​ ជួន ណារិន ​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ថ្លែងថា​ ពួកគេ​មួយចំនួន​នឹងត្រូវ​ដោះលែង​វិញ​ ក្រោយ​ការសាកសួរ។​ ចំណែកឯ​អង្គរក្ស​៤នាក់​របស់លោក​ឧកញ៉ា​ ថោង សារ៉ាត់​ នឹងត្រូវ​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចោទប្រកាន់​ជា​ផ្លូវការ​ ក្នុងនោះ​រួមមាន​ ឈ្មោះ​សៀង​ វាសនា​ ជា​ជនដៃដល់​ ទី២ឈ្មោះ ​លី សៅ ​ជា​អ្នកបើក​ម៉ូតូ​ឱ្យ​ជនដៃដល់​ធ្វើ​សកម្មភាព​ ទី៣ឈ្មោះ មាស សម្បត្តិ​ ជា​អ្នកបើក​ម៉ូតូ​សម្រាប់​ការពារ​ពីក្រោយ ​និង​ទី៤ឈ្មោះ​ កូយ ចាន់ថល​ ជា​អ្នកជិះ​ម៉ូតូ​ពីក្រោយ​ហើយ​មក​ពិនិត្យមើល​សព​របស់​ជន​រងគ្រោះ។ ​នៅក្នុង​ប្រតិបត្តិការ​កាល​ពី​យប់​ម៉ិ​ញ​ សមត្ថកិច្ច​ក៍បាន​រក​ឃើញ ម៉ូតូ​ដែល​ពួក​អង្គរក្ស​ទាំងនេះ​ជិះ​ធ្វើ​សកម្មភាព​ រួមទាំង​កាំភ្លើង​ចំនួន​៦ដើម។​  ប៉ុន្តែ​ឪពុកម្តាយ​របស់​ឧកញ៉ា​ថោង សារ៉ាត់​ គឺ​លោក ថោង ចំរើន​ និង​លោកស្រី ​កែវ សារី​  កំពុង​សួរ​នាំនៅ​ស្នងការដ្ឋាន​នគរបាល​ជាតិ​នៅឡើយ។

លោក​ ជួន ណារិន​ បាន​បញ្ជាក់ថា ​ចំណែក​មេខ្លោង​ឧកញ៉ា ថោង សារ៉ាត់​ បាន​រត់​គេចខ្លួនបាត់។​
.....................សំឡេង.......................

លោក ​ជួន ណារិន​ បាន​ឱ្យ​ដឹងថា​ លោក​ឧកញ៉ា​ ថោង សារ៉ាត់​ ម្ចាស់​បុរី​៩៩៩​ និង​ជា​មេខ្លោង ​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​ថា​ ជា​អ្នករៀបចំ​គម្រោង​យ៉ាង​លម្អិត ​តាំងពីដើម​រហូតដល់​ចប់​ ដើម្បី​សម្លាប់​ឧកញ៉ា ​អ៊ឹង ម៉េងជឺ​ ថៅកែ​ស៊ីម៉ងតិ៍​ពេជ្រ​ និង ហាង​ពេជ្រ ហុងកុង​ ប៉ុន្តែ​លោក​ណារិន​ មិនទាន់​បញ្ជាក់​នៅឡើយ​ទេ​ថា​ តើ​មូលហេតុ​អ្វីដែល​នាំអោយមាន​ការបាញ់​សម្លាប់​លោក​ឧក​ញ៉ា ​អ៊ឹង ម៉េងជឺ​នេះ។​ ក្រោយពី​ការ​វែកមុខ​រកឃើញថា​ លោក ថោង សារ៉ាត់​ ជា​អ្នក​បញ្ជា​នៅ​ពី​ក្រោយខ្នង​ នៃ​ការបាញ់​សម្លាប់​ ឧកញ៉ា ​អ៊ឹង ម៉េងជឺ​នោះ ​សមត្ថកិច្ច​បាន​ទម្លាយ​អាថ៌កំបាំង​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​លោក​ ថោង សារ៉ាត់ ​បាន​បង្កើត​ ក្រុម​អង្គរក្ស​ជាច្រើន​នាក់ ​ក្នុង​គោលបំណង​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ផង​ និង​ដើម្បី​ប្រព្រឹត្ត​បទល្មើស​លើ​ជន​ដែល​រារាំង​​​ជំនួញ​របស់គេ​ផង។​ ថោង សារ៉ាត់ ​ក៍​ត្រូវបាន​គេ​ដឹងថា​ ពាក់​ផ្កាយ​ពីរ​នៅ​ក្រសួង​ការពារ​ជាតិ​ផងដែរ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ