អានតួអត្ថបទ
កម្ពុជា-នយោបាយ

​ឧត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ចេញ​មក​ប្រកាស​ថា មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ទង្វើ​អតីត​មេ​បក្ស​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​

លេខា​ធិការ​ដ្ឋាន​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ចេញ​មក​ប្រកាស​ថា ខ្លួន​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ទង្វើ​ពិរុទ្ធភាព​របស់​អតីត​ប្រធាន និង​អនុ​ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​នោះ​ទេ​។ ការ​ចេញ​មុខ​ការពារ​ខ្លូន​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អតីត​ថ្នាក់​ដឹក​នាំ​បក្ស​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ទាំង​ពីរ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​រំដោះ​អ្នក​ជាប់​ឃុំ​​ចេញ​ពី​ពន្ធនា​គារ​។ 

រូបភាព៖ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
រូបភាព៖ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

លេខា​ធិការ​ដ្ឋាន​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ បាន​ចាត់​ទុក​សកម្មភាព​របស់​លោក​ស្រី សុខ រ័ត្នសុវណ្ណ​បច្ចៈ​សីលា ដែល​ជា​អតីត​ប្រធាន និង​លោក ច័ន្ទ ភាព ដែល​ជា​អតីត​អនុ​ប្រធាន​នៃ​គណបក្ស​សាធារ​ណរដ្ឋ​ប្រជា​ធិបតេយ្យ ថា​ជា​ការ​ប្រព្រឹត្ត​របស់​បុគ្គល​សុទ្ធ​សាធ ពុំ​មាន​ជាប់​ពាក់​ព័ន្ធ​ការ​បំពេញ​ភារកិច្ច​ក្នុង​នាម​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នោះ​ទេ​។ តាម​រយៈ​សេច​ក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី១៩ មេសា​នេះ លេខា​ធិការ​ដ្ឋាន​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ បាន​អះ​អាង​ថា អ្នក​ទាំង​ពីរ​នេះ​បាន​បាត់​បង់​នូវ​សិទ្ធិ​ចុះ​បំពេញ​បេសក​កម្ម ក្នុង​នាម​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ តាំង​ពី​ខែធ្នូ ឆ្នាំ២០១៨ ដោយ​សារ​តែ​ពួក​គេ​លែង​ជា​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​នេះ​ទៀត​ហើយ​។

ការ​ចេញ​មក​ប្រកាស​របស់​លេខា​ធិកា​រដ្ឋាន​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​នេះ ធ្វើ​ឡើង​បន្ទាប់​លោក​ស្រី សុខ រ័ត្ន​សុវណ្ណ​បច្ចៈ​សីលា និង​លោក ច័ន្ទ ភាព ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះ​វិហារ​ចាប់​ឃុំ​ខ្លួន​ដោយ​ចោទ​ប្រកាន់​ថា ​ប៉ុនប៉ង​រំដោះ​អ្នក​ជាប់​ឃុំ​ចំនួន​១៤​នាក់​ចេញ​ពី​ពន្ធនា​គារ​ដែល​អ្នក​ទាំង​នោះ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​ នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព​។​ ការចាប់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៩។

លេខា​ធិកា​រដ្ឋាន​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​បាន​បញ្ជាក់​ថា ខ្លួន​បាន​ឈប់​ចេញ​លិខិត​បេស​កកម្ម​ដល់​ពួក​គេ​ទាំង​ពីរ​នេះ​តាំងពី​ខែ​ធ្នូ ឆ្នាំ​២០១៨​មក​ម្លេះ ព្រោះ​សមាសភាព​ដឹក​នាំ​នៃ​គណបក្ស​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ថ្មី​តាម​រយៈ​សមាជ​របស់​គណបក្ស​។ គណបក្ស​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ បាន​ធ្វើ​សមាជ​កាល​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយ​ផ្លាស់​ប្តូរ​ឈ្មោះ​ទៅ​ជា​គណបក្ស​នគរ​ប្រជា​ធិបតេយ្យ និង បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ថ្មី​។ គ្រា​នោះ លោកស្រី សុខ រ័ត្ន​សុវណ្ណ​បច្ចៈ​សីលា និង​លោក ច័ន្ទ ភាព មិន​បាន​ជាប់​ឆ្នោត​ជា​ប្រធាន និង​អនុ​ប្រធាន​នៃ​គណបក្ស​ប្តូរ​ឈ្មោះ​ថ្មី​នេះ​ទេ​។ ត្រង់​ចំណុច​នេះ លេខា​ធិកា​រដ្ឋាន​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​បញ្ជាក់​ថា អ្នក​ទាំង​ពីរ​លែង​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ទៀត​ហើយ​គឺ​ជំនួស​ដោយ​ថ្នាក់​ដឹក​នាំ​ថ្មី​នៃ​គណបក្ស​នេះ​វិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ