អគ្គិសនី១០មេហ្គាវ៉ាត់ដំបូង បានមកពីពន្លឺព្រះអាទិត្យបានលេចរូបរាងក្នុងខេត្តស្វាយរៀង
ឧទ្យានថាមពលដើរដោយពន្លឺព្រះអាទិត្យដំបូង ដែលអាចផលិតថាមពលអគ្គិសនីប្រមាណ១០ មេហ្គាវ៉ាត់នោះ បានលេចរូបរាងហើយ ក្នុងខេត្តស្វាយរៀង។ ស្ថានីយថាមពលនេះ នឹងផលិតថាមពលស្អាតដោយ មិនមានផលប៉ះពាល់ដល់បរិស្ថាននោះឡើយ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥០
អត្ថបទដោយ៖ ជក់ សុភា
លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអគ្គិសនីជាតិកម្ពុជា ថ្លែងប្រាប់វិទ្យុបារាំងថា ថាមពលអគ្គិសនីលើកទី១ ដែលបានមកពីពន្លឺព្រះអាទិត្យនេះ មិនត្រឹមតែបម្រើក្នុងខេត្តស្វាយរៀងប៉ុណ្ណោះទេ តែវាបម្រើឲ្យបណ្តាញអគ្គិសនីជាតិផងដែរ។ លោកបន្តថា គំរោងឧទ្យានសូឡានេះ ប្រើប្រាស់ផ្ទាំងសូឡាចំនួន ៣៣០០ផ្ទាំងកញ្ចក់ ដែលនាំចូលមកពីប្រទេសកាណាដា។
ថាមពលអគ្គិសនីដែលបានមកពី ពន្លឺព្រះអាទិត្យនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Sunseap Asset មកពីសឹង្ហបុរីដែលចំណាយអស់ទឹកប្រាក់១២.៥លានដុល្លារក្នុង រយៈពេលកិច្ចសន្យា២០ឆ្នាំ នៅក្រុងបាវិត ខេត្តស្វាយរៀង ។
លោក កែវ រតនៈ បានឲ្យដឹងថា តាមរយៈផែនការមេរបស់ជាតិ កម្ពុជាត្រូវការថាមពលពីផ្ទាំងសូឡានេះប្រមាណ៣០ មេហ្គាវ៉ាត់បន្ថែមទៀតក្នុងជំហានទី២។ លោកបញ្ជាក់ថា អគ្គិសនីកម្ពុជាបាននឹងកំពុងពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី លើឯកសារពាក់ព័ន្ធនឹងការដេញថ្លៃផ្គត់ផ្គង់ប្រព័ន្ធថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យនេះ ជាលក្ខណៈអន្តរជាតិ។ នៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០១៨ គម្រោងបន្តគឺមានលក្ខណៈធំជាងទីតាំងទីមួយនេះ។ គំរោងនេះនៅជិតទីក្រុងភ្នំពេញ ដែលវាអាចជួយលើកគុណភាពតង់ស្យុងក្នុងទីក្រុងភ្នំពេញផងដែរ។ នេះបើតាមអគ្គនាយកអគ្គិសនីជាតិកម្ពុជា។
ឆ្លើយតបទៅនឹងការព្រួយបារម្ភពីផលប៉ះពាល់នេះដែរ លោក កែវ រតនៈ អះអាងថា សូឡានេះជាថាមពលស្អាតមួយ ដែលប្រទេសលើពិភពលោកមានការចាប់អារម្មណ៍ប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ ឧទ្យានសូឡានេះ អាចជួយបង្កើតការងារដល់កសិករជាង២៥០នាក់និងក្រុមហ៊ុនមានផែនការបណ្តុះបណ្តាលនិស្សិតខ្មែរប្រមាណ១ពាន់នាក់សម្រាប់កម្មវិធីថាមពលសូឡានេះ។
សូមបញ្ជាក់ផងដែរថា តម្រូវការអគ្គិសនីនៅក្នុងខេត្តស្វាយរៀងទាំងមូល ត្រូវការថាមពលអគ្គិសនីប្រមាណ៤០ មេហ្គាវ៉ាត់ ហើយ២០មេហ្គាវ៉ាត់ កម្ពុជាបានទិញថាមពលអគ្គិសនីពីប្រទេសវៀតណាមមកបំពេញ។ រីសម្រាប់ប្រទេសកម្ពុជាទាំងមូល ការផ្គត់ផ្គង់ថាមពលអគ្គិសនីមានប្រមាណជាង ២ពាន់មេហ្គាវ៉ាត់។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ