អានតួអត្ថបទ
កម្ពុជា

សាលា​ក្តី​​ខ្មែរ​ក្រហម​ មិន​មាន​​សំណុំ​រឿង​​ថ្មី​ ក្រៅ​ពី​ ០០៣ ​និង​ ០០៤​ ទេ​

សហ​​ព្រះរាជអាជ្ញា​​អន្តរជាតិ​ លោកនី​កូ​ឡាស ​កូ​មចាន់​ ( Nicholas Koumjian )​ បាន​ប្រកាស​ថា​ នៅ​​សាលា​ក្តី​​ខ្មែរក្រហម ​មិន​មាន​​សំណុំ​រឿង​​ក្តី​ណា​​បន្ថែម​ទៀត ​ក្រៅ​ពី​​សំណុំ​រឿង ​០០៣​ និង ​០០៤​ នោះ​ទេ​។​ សេចក្តីប្រកាស​​ជា​​លាយលក្ខណ៍​អក្សរ​រប​ស់​​សហ​​ព្រះរាជ​អាជ្ញា​​អន្តរជាតិ​ ដើម្បី​​ឆ្លើយ​តប​​នឹង​​របាយការណ៍​​ព័ត៌មា​ន​នានា​ ដែល​​លើក​ឡើង​ថា​ មាន​​សំណួរ​​មួយ​ចំនួន​ ត្រូវ​បាន​​ចោទ​សួរ​​នៅ​ក្នុង​​ព្រឹត្តិការណ៍​​ផ្សព្វផ្សាយ​ កាល​ពី​ពេល​ថ្មីៗ​នេះ ​ថា​​តើ​​នៅ​មាន​​សំណុំ​រឿង​​បន្ថែម​ទៀត​​ដែរ ​ឬ​ទេ ​បន្ទាប់​ពី​​សំណុំ​រឿង​០០៣ និ​ង០០៤។

សាលាក្តីខ្មែរក្រហម។
សាលាក្តីខ្មែរក្រហម។ @Google
ផ្សាយពាណិជ្ជកម្ម

សហ​ព្រះរាជអាជ្ញា​អន្តរជាតិ លោក Nicholas Koumjian បានបញ្ជាក់​ឡើងវិញ​ម្តង​ទៀតថា ការិយាល័យ​របស់លោក នៅតែ​មិន​ប្រែប្រួល​គោលនយោបាយ​របស់ខ្លួន ដូចដែល​ធ្លាប់​បានប្រកាស​ពី​លើកដំបូង ដោយ​សហ​ព្រះរាជអាជ្ញា​មុន កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០០៩ ថា គ្មាន​សំណុំរឿង​ផ្សេងទៀត នឹងត្រូវ​ដាក់ជូនទៅ​សហ​ចៅក្រម​ស៊ើបអង្កេត​នោះទេ។

សេចក្តីប្រកាស​ព័ត៌មាន​របស់លោក​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ Nicholas Koumjian នៅ​ថ្ងៃទី២៦វិច្ឆិកា បាន​បញ្ជាក់ថា “ការយកចិត្តទុកដាក់​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ និង​បុគ្គលិក​របស់ខ្លួន គឺ​ការបញ្ចប់​សំណុំរឿង​នានា ដែល​បច្ចុប្បន្ននេះ កំពុង​ស្ថិតនៅ​ដំណាក់កាល​បណ្តឹងឧទ្ធរណ៍ នៅក្នុង​ការជំនុំជម្រះ​ក្តី និង​នៅក្រោម​ការស៊ើបអង្កេត​យ៉ាង​ត្រឹមត្រូវ និង​ដោយ​ឆាប់រហ័ស ដើម្បី​ទទួលបាន​យុត្តិធម៌ និង​យុត្តិធម៌ ត្រូវបាន​មើលឃើញ ព្រមទាំង​វិធានការ​ទទួលខុសត្រូវ​ទាំងឡាយ ដែល​ត្រូវ​សម្រេច​ចំពោះ​ឧក្រិដ្ឋកម្ម​នានា ដែល​បាន​ប្រព្រឹត្ត​នៅក្នុង​អំឡុងពេល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ចាប់ផ្តើម​នៅ​ឆ្នាំ២០០៦ តុលាការ​ចម្រុះ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម បង្កើតឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ បានបញ្ចប់​សំណុំរឿង០០១ កាត់ទោស​លើ​លោក​កាំ​ង​ហ្គេ​ក​អ៊ា​វ ហៅ​ឌុ​ច ព្រមទាំង​បន្ត​សំណុំរឿង០០២ ដែលមាន​ជនជាប់ចោទ​លោក​នួន​ជា និង​លោក​ខៀវ​សំផន។

ដោយឡែក​សំណុំរឿង០០៣ និង ០០៤ កំពុងស្ថិត​នៅក្នុង​ដៃ​សហ​ចៅក្រម​ស៊ើបអង្កេត។ ជនជាប់ចោទ​ក្នុង​សំណុំរឿង​ថ្មី​ទាំងពីរ​នោះ មិន​ត្រូវបាន​សាលាក្តី​ប្រកាស​ជា​ផ្លូវការ​ទេ តែមាន​ការផ្សព្វផ្សាយ​ថា មាន​អតីត​មេដឹកនាំ​ខ្មែរក្រហម ៥ រូប ដែល​នឹងត្រូវ​ជាប់ចោទ ក្នុង​សំណុំរឿង០០៣ និង០០៤។

សំណុំរឿង​ថ្មី​នេះ មិន​ត្រូវបាន​គាំទ្រ​ដោយ​ភាគី​ជាតិ រួមមាន សហ​ព្រះរាជអាជ្ញា និង​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ នៅ​សាលាក្តី​ខ្មែរក្រហម​ទេ។ រដ្ឋាភិបាល​កម្ពុជា ក៏​មិន​ចង់​ឲ្យ​មានការ​កាត់ទោស​បន្ថែម​លើ​អតីត​មេ​ខ្មែរក្រហម ក្រៅពី​សំណុំរឿង០០១ និង​សំណុំរឿង០០២ នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ