អានតួអត្ថបទ
កម្ពុជា

មួយ​ម៉ោង​សម្រាប់​កម្ពុជា និង​ពិភព​លោក ​គឺ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​

នៅ​ល្ងាច​នេះ ​ក្រុម​យុវ​ជន​ខ្មែរ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ដែល​ធ្វើ​ការ​ងារ​ផ្នែក​បរិស្ថាន ​បាន​សហការ​រៀប​ចំ​«ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែន​ដី​ និង​ប្រទេស​កម្ពុជា​» ដើម្បី​ចូល​រួម​ចំណែក​កាត់​បន្ថយ​ការ​​ប្រើ​ប្រាស់​ភ្លើង​អគ្គិ​សនី​ និង​ជួយ​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។​ ក្នុង​រាជ​ធានី​ភ្នំពេញ ​ពិធី​នេះ​នឹង​ចាប់​ពី​ម៉ោង​ ៥ និង៣០នាទី ​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ​ក្នុង​បរិវេណ​ទី​លាន​បាល់​ទាត់។​ គួរ​ជម្រាប​ជូន​ថា ​ក្រៅ​ពី​ធ្វើ​សិក្ខា​សាលា​ជា​ច្រើន​ដើម្បី​ពិភាក្សា​រឿង​បម្រែ​បម្រួល​អា​កាស​ធាតុ ​ថ្មីៗ​នេះ ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ លោក​ សាយ ​សំអាល់ ​ក៏​បាន​អំពាវនាវតាម​បណ្តាញ​ព័ត៌​មាន​ឲ្យ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ផ​ង​ដែរ​។​​

រូប​ភាព​ផ្សព្វ​ផ្សាយ​ពី​ការ​ចូល​រួម​បិទ​ភ្លើង​ ដើម្បី​បរិស្ថាន​របស់​កម្ពុជា​ឆ្នាំ​២០១៥។​​
រូប​ភាព​ផ្សព្វ​ផ្សាយ​ពី​ការ​ចូល​រួម​បិទ​ភ្លើង​ ដើម្បី​បរិស្ថាន​របស់​កម្ពុជា​ឆ្នាំ​២០១៥។​​ @WWF
ផ្សាយពាណិជ្ជកម្ម

ល្ងាច​​ថ្ងៃ​ទី២៨​ ​ខែមីនា ​​ជា​​ពេល​​វេលា​ ដែល​​ពិភព​លោក​​កំណត់​​យក​​ ដើម្បី​​ចូល​​រួម​​បិទ​​ភ្លើង​​អគ្គិសនី​​រយៈ​ពេល​​មួយ​​ម៉ោង​ ​ដើម្បី​​បរិស្ថាន​ ​ទប់​​ទល់​​នឹង​​ការ​ប្រែប្រួល​អាកាស​ធាតុ ​និង​រក្សា​លំនឹង​ភព​ផែនដី។ ថ្ងៃ​សៅរ៍ ទី២៨ ​ឆ្នាំ​២០១៥នេះ​ គឺ​ជា​លើក​ទី៩​ហើយ ​ដែល​អង្គការ​មូល​និធិ​សកល​សម្រាប់​ធន​ធាន​ធម្មជាតិ(WWF)​ បាន​ប្រារព្ធ​ទិវា​នេះ​នៅ​ទូទាំង​ពិភព​លោក។ ​ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា ​អង្គការ​មួយ​នេះ ​បាន​ផ្តួច​ផ្តើម​ធ្វើ ​ជា​គម្រប់​លើក​ទី៣​ហើយ។

 
គួរ​បញ្ជាក់​ដែរ​ថា ​ជា​រៀង​រាល់​ឆ្នាំ ​«ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែន​ដី»​ មាន​អ្នក​ចូល​រួម​រាប់​រយ​លាន​នាក់​ នៅ​ក្នុង​រដ្ឋ​ធានី ​និង​ក្រុង​ចំនួន​ជាង ​៧ ០០០ ​និង ១៦២​ ប្រទេស​នៅ​ពាស​ពេញ​ពិភព​លោក។

ក្នុង​រាជ​ធានី​ភ្នំពេញ ​«ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី ​និង​កម្ពុជា»​ នឹង​ចាប់​ផ្តើម​ធ្វើ​ពី​ម៉ោង​៥និង៣០នាទីល្ងាច។ ​យុវជន​ខ្មែរ​ប្រមាណ​ជាង​៧០០​នាក់​ ត្រូវ​គេ​រំពឹង​ទុក​ថា​នឹង​ចូល​រួម​ដោយ​ផ្ទាល់​នៅ​បរិ​វេណ​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​អង្គការ​សង្គម​ស៊ីវិល​ ក្រុមហ៊ុន​ឯក​ជន​ និង​តំណាង​ពី​ក្រសួង​បរិស្ថាន​របស់​កម្ពុជា​ផង​ដែរ។
លោក​ ឈិត​ សំអាត​ នាយក​អង្គការ​ WWF​ ប្រចាំ​នៅ​កម្ពុជា ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI ​ថា ប្រជា​ពលរដ្ឋ​ទូទៅ​អាច​ចូល​រួម​កម្មវិធី​នេះ​បាន​ដោយ​សេរី​។

គួរ​កត់​សម្គាល់​ផង​ដែរ​ថា​ តាម​បណ្តាញ​សង្គម​និង​ប្រព័ន្ធ​ព័ត៌​មាន​ផ្សេងៗ ​លោក​ សាយ​ សំ​អាល់ រដ្ឋ​មន្ត្រី​វ័យ​ក្មេង​នៃ​ក្រសួង​បរិស្ថាន​ ក៏​បាន​អំ​ពាវ​នាវ​ឲ្យ​សាធារណជន​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​នេះ និង​ត្រូវ​ចូល​រួម​សន្សំ​សំចៃ​ថាមពល​ដើម្បី​បរិស្ថាន។

ទោះ​យ៉ាង​ណា​ក្តី ​ការ​បិទ​ភ្លើង​តែ​រយៈពេល​មួយ​ម៉ោង​ ដើម្បី​សន្សំ​សំចៃ​ថាមពល​អគ្គិស​នី ​ គឺ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ ព្រោះ​នេះ​គ្រាន់​តែ​ជា​ព្រឹត្តិ​ការណ៍​​និមិត្ត​រូប ​ដើម្បី​ដាស់​ស្មារតី​ពញ្ញាក់​អារម្មណ៍​ប្រជា​ជន​ឲ្យ​ចូល​រួម​សន្សំសំចៃ​តែ​ប៉ុណ្ណោះ។

លោក​ ឈិ​ត​ សំអាត​ បាន​សង្កត់​ធ្ងន់​ទៀត​ថា​ ការ​សំខាន់​គឺ​ពល​រដ្ឋ​ទាំង​អស់​គ្រប់​ជាន់​ថ្នាក់​ ត្រូវ​ប្តូរ​ឥរិយាបថ​ចំពោះ​ការ​ប្រើ​ប្រាស់​ភ្លើង​អគ្គិសនី​ និង​ប្រុង​ប្រយ័ត្ន​ចំពោះ​ប្រើ​ប្រាស់​ភ្លើង​ ​ខ្ជះ​ខ្ជាយ​ឥត​ប្រយោជន៍។​ ហើយ​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ការ​ងារ​នេះ​ ប្រកប​ដោយ​ស្មារតី​ភ្ញាក់​រលឹក​ពី​បុគ្គល​ម្នាក់ៗទៅ​ ដើម្បី​អនាគត​របស់​កម្ពុជា និង​ពិភព​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ