អានតួអត្ថបទ
កម្ពុជា

របាយការណ៍៖ សាលារៀន​មិន​បាន​ផ្តល់​បរិយា​កាស​សុវត្ថិភាព​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា

មជ្ឈមណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​ទី១៧ ខែធ្នូ បាន​ដាក់​សម្ពោធ​របាយការណ៍​មួយ​ស្តីពី​ការ​សម្លុត​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ​នៅ​តាម​សាលារៀន​ក្នុង​ប្រទេស​កម្ពុជា។​ តាម​រយៈ​ទិន្នន័យ​ក្នុង​របាយការណ៍​នោះ ​បាន​បង្ហាញ​ថា​សាលារៀន​បាន​ខកខាន​ក្នុង​ការ​ផ្តល់​បរិយាកាស​សុវត្ថិភាព​ និង​នៅ​ពេលខ្លះ​បាន​ចូលរួម​ក្នុង​សកម្មភាព​សម្លុត​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ផង​ដែរ។​​

របាយការណ៍របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​បង្ហាញ​ពី​ការ​រើស​អើង​ចំពោះ​អ្នក​បង្ហាញ​អត្ត​សញ្ញាណ​ភេទ​នៃ​អ្នក​ស្រឡាញ់​ភេទ​​ដូចគ្នា​ ​តាម​សាលា​រៀន​ក្នុង​ប្រទេស​កម្ពុជា
របាយការណ៍របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​បង្ហាញ​ពី​ការ​រើស​អើង​ចំពោះ​អ្នក​បង្ហាញ​អត្ត​សញ្ញាណ​ភេទ​នៃ​អ្នក​ស្រឡាញ់​ភេទ​​ដូចគ្នា​ ​តាម​សាលា​រៀន​ក្នុង​ប្រទេស​កម្ពុជា @RFI/Phearak
ផ្សាយពាណិជ្ជកម្ម

របាយ​ការណ៍​កម្រាស់​៥៥ទំព័រ​ របស់​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​បង្ហាញ​ថា​ការ​រើស​អើង​ចំពោះ​អ្នក​បង្ហាញ​អត្ត​សញ្ញាណ​ភេទ​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ តាម​សាលារៀន​ក្នុង​ប្រទេស​កម្ពុជា​ភាគ​ច្រើន ​បាន​កើត​ឡើង​​ជា​ទ​ម្រង់ ​សម្តី ​ផ្លូវកាយ ​ផ្លូវ​ភេទ ​ការ​រើស​អើង​ចេញ​ពី​គ្រូបង្រៀន ​និង​ការ​ផាត់​ចេញ​ពី​សង្គម​ មិត្ត​រួម​ថ្នាក់​ជា​ដើម។​ ​ការ​ស្រាវ​ជ្រាវ​របស់​របាយការណ៍​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​ចំនួន​ ១១​ ទូទាំង​ប្រទេស​កម្ពុជា​ ដោយ​មាន​អ្នក​ចូល​រួម​ឆ្លើយ​សំនួរ​ប្រមាណ​២៤៥នាក់​ ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ ​រហូត​ដល់​អាយុ​៧​​២ឆ្នាំ​។​

នៅ​ក្នុង​សិក្សា​ស្រាវ​ជ្រាវ​នោះ ​បាន​ឲ្យ​ដឹង​ទៀត​ថា​អ្នក​ដែល​បាន​បង្ហាញ​អត្ត​សញ្ញាណ​ភេទ​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ​ហើយ​ត្រូវ​បាន​គេ​សម្លុត​ធ្វើ​បាប​ដោយ​សារ​ពាក្យ​សម្តី​ គឺ​មាន​ប្រមាណ​៨៨.៤៦​ភាគ​រយ។​ នេះ​ ​គឺ​ជា​ភាគ​រយ​ខ្ពស់​មួយ​នៅ​ក្នុង​ចំណោម​រូប​ភាព​ផ្សេងៗ​ទៀត។​ ក្រៅ​ពី​នោះ ​ការ​ផាត់​ចេញ​ពី​សង្គម​ ឬ​គ្មាន​អ្នក​រាប់​អាន​ពី​សង្គម​ជុំវិញ​ មាន​ត្រឹម​តែ​៤៦​ភាគ​រយ​ប៉ុណ្ណោះ។​ អ្នក​ដែល​សម្លុត​ធ្វើ​បាប ​ភាគ​ច្រើន​ជា​សិស្ស​ប្រុស ​អ្នក​រស់​នៅ​តាម​សហគមន៍​ ប៉ូលីស ​គ្រូ​បង្រៀន ​និង​សិស្ស​ស្រី​។​

ក្រោយ​ពី​មា​​ន​ការ​សម្លុត​ ធ្វើ​បាប​នៅ​ក្នុង​សាលារៀន​ពួក​គេ​ទាំង​នោះ ​ភាគ​ច្រើន​មិន​បាន​បញ្ចប់​ការ​សិក្សា​នៅ​កម្រិត​ថ្នាក់​វិទ្យាល័យ​នោះ។​ របាយការណ៍​បាន​បង្ហាញ​ទៀត​ថា ​ការ​សម្លុត​ធ្វើ​បាប ​ដោយ​មូល​ហេតុ​និន្នាការ​ភេទ ​និង​​អត្តសញ្ញាណ​ភេទ ​មាន​ប្រមាណ​ជិត​១៣​ភាគ​រយ ​ដែល​ជា​ភាគ​រយ​ខ្ពស់​មួយ ​បើ​ប្រៀប​ធៀប​នឹង​មូល​ហេតុ​នៃ​ការ​មិន​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ។​

លោក​ស្រី​ ចក់ សុភាព ​នាយិកា​ប្រតិបត្តិ​នៃម​ជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​អំពាវ​នាវ​ឲ្យ​គ្រឹះ​ស្ថាន​សិក្សា​ទូទាំង​ប្រទេស​កម្ពុជា​គួរ​តែ​ដាក់​ចេញ​នូវ​គោល​នយោបាយ​ណា​មួយ ​ដែល​អាច​មាន​វិធាន​ការ​លើ​បុគ្គល​ទាំង​ឡាយ​ណា ​ដែល​សម្លុត​លើ​អ្នក​ដែល​បង្ហាញ​ទំនោរ​ភេទ។​ ក្រៅ​ពី​នេះ​របាយការណ៍​ខាង​លើ​ក៏​បាន​ដាក់​ចេញ​ជា​មតិ​យោបល់​មួយ​ចំនួន​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ គណបក្ស​នយោបាយ ​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ ​សាលារៀន ​និង​គ្រូ​បង្រៀន​ផង​ដែរ។​ អ​នុសាសន៍​ទាំង​នោះ ​គឺ​សំ​ដៅ​ជម្រុញ​ឲ្យ​បញ្ឈប់​ការ​រើស​អើង​លើ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ​និង​ជម្រុញ​ឲ្យ​មាន​ការ​ដាក់​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ការរើស​អើង​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​។​

ជុំវិញ​ការ​ចេញ​របាយការណ៍​បែប​នេះ ​លោក​ រស់ ​សាលីន ​អ្នក​នាំពាក្យ​ក្រសួង​អប់រំ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិថា​ ក្រសួង​អប់រំ​បាន​ដាក់​មេរៀន​សិក្សា​មិន​ឲ្យ​មាន​ការរើស​អើង​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ ​នៅ​ក្នុង​កម្ម​វិធី​សិក្សា​សង្គ​ម ​ហើយ​លោក​គ្រូអ្នក​គ្រូតែង​តែ​ពន្យល់​ពី​សិទ្ធិ​មូល​ដ្ឋាន​ ដូច្នេះ​ចំណុច​នេះ​ហើយ​ដែល​បញ្ជាក់​ថា​មិន​មាន​ការរើស​អើង​ដល់​អ្នក​ណា​ទាំង​អស់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ