អានតួអត្ថបទ
កម្ពុជា

ក្រសួងការ​បរទេស​អាមេរិក​ចេញ​ផ្សាយ​របាយការណ៍​ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា​ឆ្នាំ​២០១៥​

ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក ទើបតែ​បានចេញផ្សាយ​របាយការណ៍​មួយ ស្តីពី បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០១។ ជា​របាយការណ៍​ទៀងទាត់​មួយ ដែល​សហរដ្ឋអាមេរិក​តែងតែ​ធ្វើឡើង ដើម្បី​វាយតម្លៃ​ទៅលើ​ស្ថានភាព​នៃ​ការគោរព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេសមួយ​ចំនួន​នៅលើ​ពិភពលោក ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ។

អំពើហិង្សា រវាង​អាជ្ញាធរ និង​ពលរដ្ឋ នៅភ្នំពេញ នៅ​ថ្ងៃទី១៦ កក្កដា ឆ្នាំ ២០១៤។
អំពើហិង្សា រវាង​អាជ្ញាធរ និង​ពលរដ្ឋ នៅភ្នំពេញ នៅ​ថ្ងៃទី១៦ កក្កដា ឆ្នាំ ២០១៤។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​ក្រសួងការបរទេស​អាមេរិក ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី១៣ខែមេសា បាន​​​រៀបរាប់​យ៉ាង​លំអិត​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ដោយបាន​បែងចែក​ជា​៧​​ផ្នែក​សំខាន់។ នៅក្នុង​របាយការណ៍​ជា​ភាសា​អង់គ្លេស ដែលមាន​កម្រាស់​ចំនួន៣៤ទំព័រ​នេះ បានលើកឡើង​ពី​បញ្ហា​ប្រឈម​នានា​ដែល​កើតឡើង​ពី​បញ្ហានយោបាយ និង​ប្រព័ន្ធ​យុត្តិ​ធម៌​​នៅ​កម្ពុជា ក្នុងនោះ​រួមមាន ការកើនឡើង​នៃ​ការរំលោភ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ, សេរី​ភាព​​នៃ​ការប្រមូលផ្ដុំ  និង​ការចូលរួម​ក្នុងការ​បង្កើតជា​សមាគម, ការប្រើប្រាស់​អំពើហិង្សា និង​​ការ​គំរាមកំហែង​ខាង​ផ្នែក​នយោបាយ​ទៅលើ​គណបក្សប្រឆាំង​ជាដើម។ ក្រៅពីនោះ របាយ​​ការណ៍​​នេះ ក៏បាន​លើកឡើង​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ជាច្រើន​ទៀត​ដូចជា ការ​រំលោភ​​​សិទ្ធិ​របស់​អ្នកទោស​នៅក្នុង​ពន្ធនាគា, ការជ្រៀតជ្រែក​ទៅលើ​សិទ្ធិសេរីភាព​របស់​អ្នក​សារព័ត៌មាន, ការបរាជ័យ​ក្នុងការ​អនុវត្ត​ដោយ​សមភាព​និង​ត្រឹមត្រូវ​ទៅលើ​សិទ្ធិ​ជនភៀស​ខ្លួន ការ​រីក​រាលដាល​​នៃ​​អំពើពុករលួយ និង​​ការរត់ពន្ធ​មនុស្ស​ផងដែរ។

 
នៅក្នុង​របាយការណ៍​នេះ​បាន​បញ្ជាក់ថា បើទោះបីជា​រដ្ឋាភិបាល​ក​ម្ពុ​ជា បាន​កាត់ទោស​ទៅ​លើ​​មន្ត្រី​មួយចំនួន​របស់ខ្លួន​ដែល​ធ្វើ​ខុស​ក្តី ក៏ប៉ុន្តែ​បញ្ហា​និ​ទណ្ឌ​ភាព​ចំពោះ​អំពើពុករលួយ និង​ការប្រព្រឹត្ត​កំហុសឆ្គង​ធ្ងន់ធ្ងរ​នានា នៅតែ​បន្ត​កើតមាន​នៅក្នុង​ប្រទេស​នេះ។

លោក ច​ន ឃែ​រី រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​ថ្លែង​នៅក្នុង​សេចក្តី​ផ្តើម​នៃ​របាយការណ៍​នេះ​ថា ការចេញផ្សាយ​នូវ​របាយការណ៍​ទៀងទាត់​ដែល​សហរដ្ឋ​អាម​រិ​ក​តែងតែ​ធ្វើឡើង​នេះ គឺ​ដើម្បី​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​បង្កើន​ការគោរព​សិទ្ធិ​មនុស្ស​​នៅក្នុង​ប្រទេស​របស់ខ្លួន រួមទាំង​សហរដ្ឋអាមេរិក​ខ្លួនឯង​ផង។ លោក​បន្តថា “ពិន្ទុ​ដែល​​​យើង​​បាន​ដាក់​​នៅ​ក្នុង​​របាយ​ការណ៍​​ម្តង​ហើយ​ម្តងទៀត​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​មានការ​គោរព​​សិទ្ធិមនុស្ស​កាន់តែ​ប្រសើរឡើង​នៅក្នុង​ប្រទេស​ទាំងនោះ។

          របាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិក​នេះ បានកត់សំគាល់​ទៅលើ​ព្រឹត្តិ​ការណ៍​​​នៅ​ក្នុង​​ប្រទេស​កម្ពុជា ចាប់ពី​​ក្រោយ​ការបោះឆ្នោតជាតិ​នៅ​ឆ្នាំ២០១៣មក ពិសេស​ព្រឹត្តិការណ៍​​​នៃ​​​ការ​បាញ់​សម្លាប់​​បាតុករ​​៤នាក់​​នៅផ្លូវ​​វេ​ង​ស្រេង​​នៃ​​សួន​ឧស្សាហកម្ម​កា​ណាឌី​យ៉ា​​​​​ក្នុង​​​បាតុកម្ម​​ឆ្នាំ២០១៤ ដែល​រហូតមក​ទល់នឹង​​ពេលនេះ មិនមាន​ជនដៃដល់​ណា​ម្នាក់​​ត្រូវ​បាន​​​ចាប់ខ្លួន​នោះទេ។ បន្ថែម​លើ​នេះ ដំណឹង​នៃ​​ការ​បាត់​ខ្លួន​​របស់​​យុវជន​​ម្នាក់​​ឈ្មោះ ខឹម សុផាត នៅ​ក្នុង​​បាតុកម្ម​​ដើម្បី​​ទាមទារ​​ការ​​តម្លើង​​ប្រាក់​ខែ​​របស់​​កម្មករ​​នៅ​ខែ​មករា​​ឆ្នាំ​​២០១៤​នោះ ក៏ត្រូវ​បាន​បញ្ចូល​ទៅក្នុង​របាយការណ៍​នេះដែរ។

សូមបញ្ជាក់ថា រហូតមក​ទល់នឹង​ពេលនេះ នៅ​មិនទាន់មាន​ប្រតិកម្ម​ជា​ផ្លូវការ​ទៅនឹង​របាយ​ការណ៍​នេះ​នៅឡើយ​ទេ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ