អានតួអត្ថបទ
កម្ពុជា-នយោបាយ

កម្ពុជា​ស្នើ​វៀតណាម ​ចាត់​វិធាន​ការ​ម៉ឹង​ម៉ាត់​លើ​កម្មាភិបាល​ ដែល​រំខាន​មេដឹក​នាំ​​ប្រទេស​​កម្ពុជា​

អ្នក​នាំ​ពាក្យ​​ក្រសួង​ការបរទេស​​កម្ពុ​ជា​នៅ​ល្ងាច​ថ្ងៃ​ទី​២៧​សីហា ​​បាន​​ចេញ​​​សេចក្តី​ថ្លែង​ការណ៍​​អំពាវ​នាវ​​ឲ្យ​​អាជ្ញា​ធរ​មាន​​សមត្ថកិច្ច​​វៀតណាម ​ចាត់​វិធានការ​​ផ្លូវ​ច្បាប់ ​យ៉ាង​​ម៉ឹង​ម៉ាត់​​បំផុត​​ទៅ​លើ​​កម្មាភិបាល ​និង​​ក្រុម​បុគ្គល ​ដែល​​បាន​​ប្រព្រឹត្ត​​អំពើ​​ប្រមាថ​​មក​លើ​​ប្រមុខ​​រដ្ឋា​ភិ​បាល​​កម្ពុជា​។ ​គួរ​​ជំរាប​ជូន​​ថា ​សេចក្តី​ថ្លែង​ការណ៍​​ផ្លូវ​ការ​​របស់​​ក្រសួង​ការបរទេស​​កម្ពុ​ជា ​បាន​ធ្វើ​​ឡើង ​បន្ទាប់​ពី​​មាន​​គណនី​យ​​ហ្វេ​ស​បុក ​(Facebook) ​មាន​ឈ្មោះ​​ជា​​ជន​ជាតិ​​វៀត​ណាម ​បាន​​ចូល​មក​​ខាំ​មិន​ត៍​​ (Comment) ក្នុង​​ហ្វេ​ស​​បុក​​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ដោយ​បាន​​ស្តី​បន្ទោស​​ពី​​ជំហរ​​របស់​​កម្ពុជា​​លើ​​បញ្ហា​​សមុទ្រ​​ចិន​​ខាង​ត្បូង ​ដែល​វៀតណាម ​គឺ​ជា​គូរ​ជម្លោះ​ជា​មួយ​ចិន។​​

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ចេញ​សេចក្តី​ថ្លែង​ការណ៍ ​ស្តីពី ​វិធានការ​លើ​កម្មាភិបាល​វៀតណាម ​ដែល​ចូល​រំខាន​ក្នុង​ Facebook​ មេដឹកនាំ​កម្ពុជា។​
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ចេញ​សេចក្តី​ថ្លែង​ការណ៍ ​ស្តីពី ​វិធានការ​លើ​កម្មាភិបាល​វៀតណាម ​ដែល​ចូល​រំខាន​ក្នុង​ Facebook​ មេដឹកនាំ​កម្ពុជា។​ @Facebook
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួង​កាបរទេស​កម្ពុជា ចុះ​ថ្ងៃទី ២៧ សីហា បាន​​កត់សំគាល់ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ មាន​កម្មាភិបាល និង​បុគ្គល​ជា​ជនជាតិ​វៀត​ណាម​​មួយក្រុម​បាន​ចូលក្នុង​ទំព័រ Facebook ផ្លូវការ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​​បានធ្វើការ​ជេរប្រមាថ​លើ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដោយ​ប្រើ​ពាក្យសំដីធ្ងន់ៗ និង​ព្រហើន​​ជាទីបំផុត។

បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​កម្ពុ​ជា​នេះ ការចូល​ខាំ​មិន​ត៍ (Comment) របស់​កម្មាភិបាល ឬ​បុគ្គល​ជា​ជនជាតិ​វៀតណាម​នេះ គឺ​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បានបង្ហាញ​ជំហរ​ដ៏​ច្បាស់លាស់​របស់​កម្ពុជា លើ​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង។ នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ និង​បាន​ហៅ​សកម្មភាព​នេះ​ថា គឺជា​អំពើ​អសីលធម៌​របស់​កម្មាភិបាល ឬ​ក្រុម​បុគ្គល​ជា​ជនជាតិ​វៀតណាម ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រមុខ​ដឹកនាំ​កំពូល​នៃ​ប្រទេសជាតិ​មួយ​ដែលមាន​ឯករាជ្យ និង​​អធិបតេយ្យភាព​ពេញលេញ។

គួរ​ជំរាបជូន​ថា សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ទៅកាន់​សម​ភាគី​វៀតណាម បានធ្វើ​ឡើង​នៅ​មួយថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន បាន​ឆ្លើយតប​ទៅនឹង​ខាំ​មិន​ត៏ (Comment) ឬ​ការបញ្ចេញ​មតិយោបល់រ​បស់​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ Nguyen Van Tai ថា លោក​មិនមែនជា​អាយ៉ង​របស់​វៀតណាម​នោះ​ទេ​។

សូមបញ្ជាក់ថា ចាប់តាំងពី​ចុងខែ​កក្កដា​មក មាន​ម្ចាស់​គណនី​យ Facebook ជា​ជនជាតិ​វៀត​ណាម​៣នាក់​ហើយ ដែល​បាន​ចូលមក​សរសេរ ខាំ​មិន​ត៏ (Comment) នៅក្នុង​ទំព័រ​ហ្វេ​ស​បុក Facebook ផ្លូវការ​របស់​មេដឹកនាំ​កម្ពុជា នឹង​បាន​ចោទប្រកាន់​លោក ហ៊ុន សែន ថា បាន​ក្បត់​នឹង​​វៀតណាម តាមរយៈ​ការបង្ហាញ​ជំហរ​របស់​កម្ពុជា លើ​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​​ដែល​វៀតណាម​គឺជា​គូភាគី​ជម្លោះ​ជាមួយនឹង​ប្រទេស​ចិន។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ក៏បាន​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​វៀតណាម ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ក្នុងការ​ស្រាវជ្រាវ និង​កំណត់​អត្តសញ្ញាណ​របស់​កម្មាភិបាល និង​ក្រុម​បុគ្គល​ជនជាតិ​វៀតណាម ដែល​បាន​ប្រព្រឹត្ត​អំពើ​ប្រមាថ​មកលើ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ជា​ធរមាន ដើម្បី​ថែរក្សា​ការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា ក៏ដូចជា ទំនាក់​ទំនងជា​ប្រពៃណី និង​ភាពជា​អ្នកជិតខាង​ល្អ​រវាង​កម្ពុជា​និង​វៀតណាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ