អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណៈ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ​CPP ​ច្រាន​ចោល​សំណើ​សុំ​បញ្ចប់​ក្តី​ដោយ​ការ​សូម​ទោស​

សមាជិក​​គណៈកម្មាធិកា​រ​​អចិន្ត្រៃយ៍​​ព្រឹទ្ធ​សភា​​​ចំនួន​​១៣​​រូប​​​បាន​​​បើក​​​កិច្ច​​ប្រជុំ ​​នៅ​​​ថ្ងៃ​​ទី​​៣១ ​​ខែ​​សីហានេះ ​​ដើម្បី​​​ពិនិត្យ​​​និង​​​សម្រេច ​​លើក​​​អភ័យ​​ឯក​សិទ្ធិ​​​សមាជិក​​​ព្រឹទ្ធសភា​​​គណបក្ស​​​សម ​រង្ស៊ី ​​និងលោក​​ស្រី ​​ថាក់ ​ឡា​នី​​។ ​​នៅ​​ក្នុង​​​កិច្ច​​ប្រជុំ​​​នេះ ​​សមាជិក​​​គណៈ​អចិ​ន្ត្រៃយ៍​​​​នៃ​​​​ព្រឹទ្ធ​ស​ភា​​​មិន​​​ទាន់​​​សម្រេច​​នៅ​​ឡើយ​​ទេ ​​តែ​​បាន​​​សម្រេច​​​បញ្ជូន​​​ករ​ណី​​​លើក​​​អភ័យ​​ឯកសិទ្ធិ​សភា​​​រប​ស់​​លោក​​​ស្រី ​​ថាក់ ឡា​នី ​​ទៅ​​​ប្រជុំ​​​សម្រេច​​​នៅ​​​ថ្ងៃ​ទី​​ ១​​កញ្ញា​​​ស្អែក​​​នេះ ​​និង​​បាន​​​​ច្រាន​​​ចោល​​​​សំណើ​​​សុំ​​​បញ្ចប់​​​ក្តី​​​ដោយ​​​ត្រឹម​​​ការ​​​​សូម​​អភ័យ​ទោស​។​​ សម្រាប់​​​គណបក្ស​​កាន់​​អំណាច​ការ​​ប្រ​ជុំ​​​ដក​​​អភ័យ​​ឯក​​​សិទ្ធ​​សភា​​​របស់​​​សមាជិក​​​ព្រឹទ្ធសភា​​​គណបក្ស​​ប្រឆាំង​​​រូប​​នេះ ​​គឺ​​​មិន​​​ពិបាក​​​នោះ​​ទេ​។

លោក​ សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​ព្រឹទ្ធសភា​ដើម្បី​ពិនិត្យ​និង​សម្រេច​លើក​អភ័យ​ឯកសិទ្ធិ​លោក​ស្រី ​ថាក់​ ឡានី​ ថ្ងៃទី​ ៣១​ សីហា​ ឆ្នាំ​២០១៦​។​
លោក​ សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​ព្រឹទ្ធសភា​ដើម្បី​ពិនិត្យ​និង​សម្រេច​លើក​អភ័យ​ឯកសិទ្ធិ​លោក​ស្រី ​ថាក់​ ឡានី​ ថ្ងៃទី​ ៣១​ សីហា​ ឆ្នាំ​២០១៦​។​ @សហការី
ផ្សាយពាណិជ្ជកម្ម

សំណើ​​សុំ​បញ្ចប់​ក្តីក្តាំ​ដោយ​ការ​សូម​អភ័យទោស ត្រូវបាន​លើកឡើង​ដោយ​លោក ទាវ វណ្ណុល សមាជិក​​ព្រឹទ្ធ​សភា​​គណបក្ស ​សម រង្ស៊ី ​តែ​​ម្នាក់​​គត់ ​ដែល​​បាន​​ចូល​រួម​​នៅ​ក្នុង​​កិច្ច​ប្រជុំ​​គណៈក​​ម្មាធិការ​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធសភា​នៅ​ព្រឹក​ថ្ងៃទី ៣១សីហា​ ឆ្នាំ២០១៦នេះ​។​ ប៉ុន្តែ​​សំណើ​​​នេះ ត្រូវ​​បា​ន​​​ច្រាន​ចោល​ភ្លាមៗ ​ដោយ​​សមាជិក​​គណៈកម្មា​ធិកា​រ​​អចិន្ត្រៃយ៍​​ព្រឹទ្ធសភា​​មក​ពី​​គណបក្ស​កាន់​អំណាច​ចំនួន១២រូប ដែល​ធ្វើឡើង​នៅ​ចំពោះមុខ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភា។

លោក ម៉ម ប៊ុននាង អ្នកនាំពាក្យ​ព្រឹទ្ធសភា បាន​ប្រាប់​ក្រុមអ្នកកាសែត​កាលពី​ព្រឹក​មិញ​ថា ការ​ច្រាន​ចោល​​គឺ​​ដោយ​សារ​តែ៖

ទី១.តុលាការ​បាន​រកឃើញ​នូវ​ពិរុទ្ធភាព​ ឬ​ភាព​ដែលមាន​កំហុស​របស់លោក​ស្រី​ថាក់ ឡា​នី ដែល​​បាន​​ថ្លែង​​ចោទ​ប្រកាន់​​តាម​រយៈ​ខ្សែ​វីដេអូ​​ខ្លី​ប​​មួយ​​ថា ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​​អ្នក​​នៅ​​ពី​ក្រោយ​​នៃ​​ឃាត់​កម្ម​​បាញ់​សម្លាប់​លោក កែម ឡី អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា ដោយមាន​ការបញ្ជាក់​ពី​សាក្សី​ចំនួន៤រូប និង​ទី២. គឺ​ដោយសារតែ​កន្លងមក លោកស្រី​ថាក់ ឡា​នី ខ្លួនឯង​តែម្តង ដែល​បាន​ថ្លែង​បដិសេធ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា មិនបាន​និយាយ​ដូច​ការចោទប្រកាន់​នោះទេ និង​ថែមទាំង​បាន​អះអាងថា សំឡេង​​នៅក្នុង​វីដេអូ​ខ្លី​ប​នោះ គឺជា​ការ​កាត់​ត ឬ​ប្រឌិត​ឡើង​ប៉ុណ្ណោះ។ ប៉ុន្តែ​​យ៉ាង​ណា​ក៏​ដោយ​ លោក ម៉ម ប៊ុននាង បាន​ចោទ​ជា​សំ​ណួរ​​​ថា ​តើ​មាន​អ្វី​គួរ​ត្រូវ​សូមទោស បើ​លោកស្រី​មិន​ទទួលស្គាល់​កំហុស​ផង?

សូមបញ្ជាក់​ថា ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​​ព្រឹទ្ធ​សភា បានកំណត់​យក​ថ្ងៃទី ១ ខែកញ្ញា​ស្អែក​នេះ ដើម្បី​ប្រជុំ​លើក​អភ័យ​ឯក​សិទ្ធិ​សភា​​រប​ស់​លោក​​ស្រី ថាក់ ឡា​នី នៅក្នុង​​សម័យ​ប្រជុំ​ព្រឹទ្ធសភា លើក​ទី៩ នីតិកាល​ទី៣។ ហើយ​ចំពោះ​​​​ដំណើរ​​ការ​ដក​​អភ័យ​ឯក​សិទ្ធិ​​សមាជិក​​ព្រឹទ្ធ​សភា​​រូប​នេះ​​វិញ​ ទំនង​ជា​​មិន​​ពិបាក​នោះទេ សម្រាប់​​​​គណបក្ស​កាន់​អំណាច​។ ​ព្រោះ​​បើ​​យោង​តាម​​មាត្រា​១​០៤​ថ្មី នៃ​​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​​នៃ​​ព្រះ​​រាជា​ណាចក្រ​កម្ពុជា ​និង​ប្រការ​ទី៧​ និង​ទី៨​នៃ​​លក្ខន្តិកៈ​​សមាជិក​​ព្រឹទ្ធសភា​​បាន​ចែង​​​ពី​​ការ​ដក​​​អភ័យឯកសិទ្ធិ​សភាសមាជិក​ព្រឹទ្ធសភា គឺ​​តម្រូវ​​ឲ្យ​មាន​សំឡេង​​បោះឆ្នោត​តែ ​២​​ភាគ​៣ ​ប៉ុណ្ណោះ​។ ​ហើយ​បើ​ផ្អែក​តាម​ចំនួន​សមាជិក​ព្រឹទ្ធសភា​​របស់​​គណបក្ស​​ប្រជាជន​​កម្ពុជា​​បច្ចុប្បន្ន​​​​​ចំនួន​​​ ៤៦​​រូប​​ បូករួម​​នឹង​សមាជិក​ព្រឹទ្ធសភា​តំណាង​ព្រះបរមរាជវាំង ២រូប និង​សមាជិក​ព្រឹទ្ធ​សភា​​តំណាង​​រដ្ឋសភា ​២​រូប ​គឺ​មិន​​ពិបាក​​នោះ​ទេ​​ក្នុង​​ការ​រក​​សម្លេង​ ២​ភាគ​៣ ​ទល់​​នឹង​សម្លេង​​​​​​សមាជិក​​​ព្រឹទ្ធសភា​​របស់​​គណបក្ស​ប្រឆាំង​​តែ​​១១​​រូប​​នោះ​​។​

សូម​​បញ្ជាក់ដែរថា ការប្រជុំ​ដក​អភ័យ​ឯក​សិទ្ធ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី លោក​ស្រី ថាក់ ឡា​នី គឺធ្វើឡើង​តាម​សំណើ​របស់​អគ្គ​ព្រះរាជ​អា​ជ្ញ​អម​តុលាការ​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃទី២៦សីហា និង​បន្ទាប់ពី​លោកស្រី ថាក់ ឡា​នី បាន​បដិសេធ​ចូលខ្លួន​តាម​ដីកា​កោះ​ហៅ​​របស់​តុលាការ​សាលាដំបូង​ក្រុងភ្នំពេញ​ចំនួន២លើក​រួចមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ