អានតួអត្ថបទ
កម្ពុជា-នយោបាយ

អង្គការ​លើកលែង​ទោស​អន្តរជាតិ​អំពាវនាវ​ឲ្យ​កម្ពុជា​បញ្ចប់​យុទ្ធនាការ​បំភ័យ​អ្នក​នយោបាយ​ប្រឆាំង​

នៅ​ក្នុង​​ថ្ងៃ​​តែ​មួយ​​​ដែល​​​តុលាការ​ក្រុង​​ភ្នំពេញ​​កាត់​​ទោស​​លោក ​កឹម សុខា ​ប្រធាន​ស្តីទី​​គណ​បក្ស​​ស​ង្គ្រោះ​​ជាតិ ​ឲ្យ​​ជាប់​ពន្ធនាគារ​៥​ខែ​​និង​​ពិន័យ​​ជា​​ប្រាក់​៨០​ម៉ឺន​​រៀល​​មក ​អង្គការ​​លើក​លែង​​ទោស​​​អន្តរជាតិ​ ​(Amnesty​ ​International)​ បាន​​អំពាវ​នាវ​​ឲ្យ​​កម្ពុជា​​​បញ្ចប់​​​យុទ្ធនាការ​​បំភ័យ​​​ដល់​​​អ្នក​​នយោបាយ​​ប្រឆាំង។​ លោក​ ផៃ ស៊ី​ផាន ​បាន​​​ចាត់​​ទុក​​​ការ​​​អំពាវ​​នាវ​​​របស់​​អង្គការ​​​​អន្តរជាតិ​​​នេះ​​ថា​​ កំពុង​​ដើរ​តួ​​ជា​​ប៉ូលីស​​អន្តរជាតិ ​ហើយ​​បំពាន​​លើ​​អធិបតេយ្យភាព​​របស់​​ក​ម្ពុ​ជា។

តុលាការ​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​មិញ​នេះ​ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​លោក​កឹម សុខា ​ទាំង​ដែល​ម្ចាស់​ខ្លួន​ និង​ក្រុម​មេធាវី​មិន​បាន​ចូល​រួម​សវនាការ​។
តុលាការ​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​មិញ​នេះ​ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​លោក​កឹម សុខា ​ទាំង​ដែល​ម្ចាស់​ខ្លួន​ និង​ក្រុម​មេធាវី​មិន​បាន​ចូល​រួម​សវនាការ​។ @Kem Sokha
ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍​រប​ស់​អង្គការ​លើកលែងទោស​អន្តរជាតិ(Amnesty International) ដែល​មាន​​​មូល​ដ្ឋាន​​នៅ​ប្រទេស​អង់គ្លេស បាន​ធ្លា​ក់មក បន្ទាប់ពី​តុលាការ​ក្រុងភ្នំពេញ​បាន​កាត់​ទោស​​​លោក កឹម សុខា ដោយ​កំបាំងមុខ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល៥ខែ​និង​ពិ​និ​យ​ជា​ប្រាក់​៨០​ម៉ឺន​​រៀល ពីបទ “បដិសេធ​ក្នុងការ​ចូលខ្លួន” តាម​មាត្រា៥៣៨នៃ​ក្រមព្រហ្មទណ្ឌ​កាលពី​ថ្ងៃ​ទី​៩កញ្ញា ។

          លោក Josef Benedict អនុប្រធាន​អង្គការ​លើកលែងទោស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​បាន​លើកឡើងថា “កម្ពុជា​កំពុង​ធ្លាក់​ក្នុង​វិបត្តិ បន្ទាប់ពី​រដ្ឋាភិបាល​ប្រទេស​នេះ បាន​បើក​យុទ្ធនាការ​បំភិតបំភ័យ​ប្រឆាំងនឹង​សកម្មជន​សិទ្ធិមនុស្ស និង​អ្នកនយោបាយ​បក្សប្រឆាំង ដោយ​ប្រើប្រាស់​ប្រព័ន្ធតុលាការ។ លោក​បាន​ចាត់ទុកថា ករណី​កាត់ទោស​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺជា​ឧទាហរណ៍​ចុងក្រោយ​មួយ​នៃ​យុទ្ធនាការ​នេះ។ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​បាន​ថ្លែងការណ៍​ជា​សាធារណៈ​លើកដំបូង​កាលពី​ថ្ងៃ​ម្សិលមិញ ក៏បាន​ចាត់ទុក​ដំណើរការ​កាត់ទោស​លោក​កាលពី​ថ្ងៃ៩កញ្ញា​ថា គឺ​ដើម្បី​បញ្ចប់ជីវិត​នយោបាយរ​បស់​លោក​ផងដែរ។

យ៉ាង​ណាក៏ដោយ​នៅ​ចុងក្រោយ​នៃ​សេចក្តីថ្លែងការណ៍​នេះ អង្គការ​លើកលែងទោស​អន្តរ​ជាតិ (Amnesty International) បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​យុទ្ធនាការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​លើ​គណបក្សប្រឆាំង​និង​សកម្មជន​សិទ្ធិមនុស្ស ហើយ​ងាក​មក​គោរព​សិទ្ធិ​នយោបាយ និង​​សិទ្ធិ​មនុស្ស​​ទាំងអស់គ្នា និង​ធានា​ឡើងវិញ​នូវ​ឯករាជ្យភាព​របស់​តុលាការ។ ប៉ុន្តែ លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ចាត់​ទុក​ការអំពាវនាវ​របស់​​អង្គការ​អន្តរជាតិ​មួយ​នេះ​ថា កំពុង​ដើរតួ​ជា​ប៉ូលីស​អន្តរជាតិ និង​កំពុង​​បំពាន​លើ​អធិប​តេយ្យ​ភាព​​រ​បស់​ប្រទេសមួយ។ លោក​ផៃ ស៊ី​ផាន ក៏បាន​ច្រានចោល​ចំពោះ​​ការ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​កំពុងបើក​យុទ្ធនាការ​បំភិតបំភ័យ ឬ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​សកម្មជន​សិទ្ធិ​មនុស្ស​​និង​អ្នកនយោបាយ​ប្រឆាំង ដែល​លោក​ហៅថា ជា​គណបក្ស​សំលេង​ភាគតិច​នៅ​រដ្ឋ​សភា​​នោះ។

          គួរ​ជំរាបជូន​ថា នៅមុន​ការកាត់ទោស​ដោយ​តុលាការក្រុង​ភ្នំពេញ​លើ​លោក កឹម សុខា កាល​​ពី​​​ថ្ងៃ​ទី​៩កញ្ញា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ដែល​មាន​​មូល​ដ្ឋាន​​​​​នៅ​​​សហរដ្ឋ​អាមេរិក ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ទ​ទួ​ច​ឲ្យ​រដ្ឋាភិបាល​ទំលាក់​​​​ចោល​ការចោទប្រកាន់​លើ​លោក កឹម សុខា នេះដែរ នឹង​​បាន​ចាត់ទុកថា ការកាត់​ទោស​​​​​លោក កឹម សុខា នេះ គឺជា​ផ្នែក​មួយ​នៃ​អំពើហិង្សា​មុន​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​​​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ