អានតួអត្ថបទ
កម្ពុជា

អាជីវករ​ផ្សារ​ដើម​គរ ស្នើ​ឲ្យ​លោក នាយករដ្ឋមន្តី្រ​អន្តរាគមន៍​ចំពោះ​គម្រោង​សាងសង់​ផ្សារ​ថ្មី

តំណាង​អាជីវករ​ផ្សារ​ដើមគរ​ប្រមាណ​ជា ២០០នាក់ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​ស្វែង​រក​អន្តរាគមន៍​នៅ​មុខ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី​ជុំវិញ​គម្រោង​សាងសង់​ផ្សារ​ដើមគរ​ថ្មី។ ញ្ញត្តិ​របស់​ក្រុម​អាជីវករ​ បាន​ស្នើ​ឲ្យ លោក​នាយក​រដ្ឋ​មន្ត្រី​និង​ភរិយា អន្តររាគមន៍​កុំ​ឲ្យ​មាន​ការ​រុះរើ​និង​សាងសង់​ផ្សារ​ដើមគរ​ថ្មី​រហូត​ដល់​អាណត្តិ​ផ្សារ​ថ្មី​ឆ្នាំ ២០២១។

ពលករ​លក់ដូរ​នៅ​ផ្សារ​ដើមគរ​ បាន​ធ្វើ​ការ​តវ៉ា​ពន្យាពេល​រឿង​ធ្វើ​ផ្សារ។​
ពលករ​លក់ដូរ​នៅ​ផ្សារ​ដើមគរ​ បាន​ធ្វើ​ការ​តវ៉ា​ពន្យាពេល​រឿង​ធ្វើ​ផ្សារ។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ទល់​ថ្ងៃ​ទី ១៧ សីហានេះ ក្រុម​អាជីវករ​ផ្សារ​ដើម​គរ នៅ​តែ​បន្ត​ប្រឆាំង​នូវ​គម្រោង​អភិវឌ្ឍន៍​ផ្សារ​ដើមគរ ដោយ​ពួកគេ បាន​យក​ញ្ញត្តិ​ដាក់​ជូន លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​ស្វែង​រក​កិច្ច​អន្តរាគមន៍​កុំ​ឲ្យ​មាន​ការ​រុះរើ និង​ សាងសង់​ផ្សារ​ដើមគរ រហូត​ដល់​អាណត្តិ​ផ្សារ​ថ្មី​នៅ​ឆ្នាំ ២០២១។

ក្រុម​អាជីវករ​ដែល​ឈរ​លើក​បដា​អស់​មួយ​រយៈ​ពេល​ខ្លី បាន​រំសាយ​ទៅ​វិញ នៅ​វេលា​ម៉ោង ​៩ ព្រឹក បន្ទាប់​ពី លោក ប៉ាល់ ច័ន្ទតារា តំណាង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្រ្តី បាន​ចេញ​មក​ទទួល​ញត្តិ និង​សន្យា​នាំ​យក​ញត្តិ​ទៅ​ប្រគល់​ជូន លោក នាយករដ្ឋមន្រ្តី ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​សម​ស្រប។

សូម​រំឮក​ថា កន្លង​មក​សាលា​រាជ​ធានី​ភ្នំពេញ​មាន​គម្រោង គិត​គូរ​កែរ​លម្អ​ផ្សារ​ដើម​គរ​ ដើម្បី​ឲ្យ​​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន មាន​ភាព​ទាក់​ទាញ និង មាន​សណ្តាប់​ធ្នាប់​ជា​ទូទៅ។ លោក ប៉ា សុជាតិវង្ស បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​រួច​មក​ហើយ​ថា បើ​សិន​ជា​អាជីវករ​ផ្សារ​ដើម​គរ​យល់​ព្រម​ឲ្យ​មាន​ការ​អភិវឌ្ឍន៍ គឺ​ក្រោយ​ការ​សាងសង់​រួច អាជីវករ អាច​ចូល​លក់​ក្នុង​តូប​ថ្មី ដោយ​គ្មាន​ការ​តម្រូវ​ឲ្យ​បង់លុយ ទិញ ឬ​ជួល​តូប​ឡើង​វិញ​ទេ។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ក្រុម​អាជីវករ នៅ​តែ​ព្រួយបារម្ភ​ជា​ខ្លាំង​ថា សាលា​ក្រុង​អាច​នឹង​កែ​ប្រែ​ផ្សារ​ដែល​ជា​របស់​រដ្ឋ​នេះ ទៅ​ជា​ផ្សារ​ឯកជន​ដែល​តម្រូវ​ឲ្យ​អាជីវករ​ជួល​តូប​និង​បង់​ប្រាក់​ជា​ប្រចាំ​ខែ​បន្ទាប់ពី​សាង​សង់​ជា​ថ្មី​រួច។​ កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ​នេះ ក្រុម​អាជីវករ​ផ្សារ​ដើម​គរ ធ្លាប់​បាន​លើក​គ្នា​ទៅ​តវ៉ា​ម្តងរួច​មក​ហើយ នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ បន្ទាប់​ពី​មាន​ការ​ចុះ​វាស់​វែង​តូប​ក្នុង​បំណង​ធ្វើ​ផ្សារ​ថ្មី ដែល​មាន​កម្ពស់​ច្រើន​ជាន់​៕  

អត្តបទដោយ៖ សរ ពិសី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ