អានតួអត្ថបទ
កម្ពុជា

អ្នក​គំរាម​សម្លាប់​តាម​ហ្វេស​ប៊ុក​លើ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ និង​បក្ស​ប្រឆាំង មាន​វាសនា​ខុស​គ្នា

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​ឲ្យ​យុវជន​ម្នាក់​ជាប់​ពន្ធនាគារ ២​ឆ្នាំ​ពី​បទ​គំរាម​សម្លាប់​លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន តាម​ហ្វេស​ប៊ុក។ ជា​ការ​កត់​សម្គាល់ អ្នក​គំរាម​សម្លាប់​លើ​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត ក៏​មិន​សូវ​ជា​រួច​ខ្លួន​ពី​គុក​ច្រវ៉ាក់​ដែរ។ តែ​ដោយ​ឡែក សម្រាប់​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​វិញ អ្នក​គំរាម​សម្លាប់​ដែល​បាន​ធ្វើ​ឡើង​តាម​ហ្វេស​ប៊ុក​ដូច​គ្នា​មែន តែ​វាសនា​ពួក​គេ​មិន​ដូច​គ្នា​ទាល់​តែ​សោះ និយាយ​ឲ្យ​ខ្លី គឺ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ​ឡើយ។

យុវ​ជន​គង់ ​រ៉ៃយ៉ា ដែល​​ត្រូវ​បាន​​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ក្រោយ​បញ្ចេញ​សារ​បដិវត្តន៍​លើ ​Facebook កាលពីពេលកន្លងទៅ។។
យុវ​ជន​គង់ ​រ៉ៃយ៉ា ដែល​​ត្រូវ​បាន​​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ក្រោយ​បញ្ចេញ​សារ​បដិវត្តន៍​លើ ​Facebook កាលពីពេលកន្លងទៅ។។ @Soriya Koko
ផ្សាយពាណិជ្ជកម្ម

លោក​វ៉ែន សុភាព អាយុ ២៧​ឆ្នាំ ដែល​ជា​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ត្រូវ​រស់​នៅ​ក្នុង​ពន្ធនាគារ ២​ឆ្នាំ​ដោយ​សារ​តែ​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​តាម​អារម្មណ៍​របស់​ខ្លួន​គំរាម​សម្លាប់​លោក​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​អំឡុង​ឆ្នាំ ២០១៦​កន្លង​ទៅ។ ការ​កាត់​ទោស​របស់​តុលាការ​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​យុវជន​គង់ រ៉ៃយ៉ា ទើប​តែ​ចេញ​ពី​ពន្ធនាគារ ក្រោយ​ពី​បាន​ជាប់​ទោស​អស់​រយៈ​ពេល ១៨​ខែ​ទៅ​តាម​ទម្ងន់​ទោស​ដែល​អំពាវ​នាវ​ឲ្យ​មាន​បដិវត្ត​ពណ៌​នៅ​កម្ពុជា។

កាល​ពី​ឆ្នាំ ២០១៥​កន្លង​ទៅ រឿង​រ៉ាវ​គំរាម​សម្លាប់​នេះ ក៏​កើត​មាន​លើ​លោក​ស ខេង ដែល​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​ផង​ដែរ​។ យុវជន​ម្នាក់​ឈ្មោះ​តៅ សាវឿន បាន​គំរាម​បោក​គ្រាប់​បែក​សម្លាប់​លោក​ស ខេង តាម​ហ្វេស​ប៊ុក។ យុវជន​រូប​នេះ ដូច​ជា​មាន​សំណាង​ជាង​គេ​ដោយ​ជាប់​ពន្ធនាគារ​តែ​ ១​ខែ​ប៉ុណ្ណោះ ខណៈ​ទម្ងន់​ទោស​ជាប់​ពន្ធនាគារ​កំណត់​រហូត​ដល់​ទៅ ១៥​ខែ។ នេះ អាច​ដោយ​សារ​តែ​គាត់​បាន​សរសេរ​លិខិត​សូម​ទោស​ទៅ​កាន់​លោក​ស ខេង។

នៅ​ក្នុង​ឆ្នាំ​ដូច​គ្នា​នេះ លោក​សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ច​ការ​ព្រំដែន​នៃ​រាជ្យ​បណ្ឌិត្យ​សភា​កម្ពុជា ក៏​ត្រូវ​បាន​យុវជន​ឈ្មោះ​ផង់ សីហា ដែល​ជា​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​គំរាម​សម្លាប់​តាម​ហ្វេស​ប៊ុក។ ជា​លទ្ធផល យុវជន​រូប​នេះ​ត្រូវ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ៦​ខែ។ ជា​ការ​កត់​សម្គាល់ បន្ទាប់​ពី​ត្រូវ​បាន​ឃាត់​ខ្លួន យុវជន​ទាំង​នេះ​សុទ្ធ​តែ​បាន​សារភាព​ទោស​កំហុស​ដោយ​លើក​ឡើង​ថា ពួក​គេ​ធ្វើ​ឡើង​ដោយ​ខ្វះ​ការ​ពិចារណា និង​មិន​បាន​យល់​ដឹង​អំពី​ច្បាប់។

ដោយ​ឡែក ក្រៅ​ពី​តែ​ថ្នាក់​ដឹក​នាំ និង​មន្រ្តី​រដ្ឋាភិបាល ការ​គំរាម​កំហែង​សម្លាប់​តាម​ហ្វេស​ប៊ុក​នេះ ក៏​បាន​កើត​មាន​លើ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ផង​ដែរ។ លោក​កឹម សុខា ដែល​ជា​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្ន ត្រូវ​បាន​កញ្ញា​ធី សុវណ្ណថា ដែល​ធ្លាប់​ជា​អ្នក​គាំទ្រ​ងប់​ងល់​ហើយ​បែរ​មក​ប្រឆាំង​ដាច់​ខាត​វិញ​នោះ បាន​គំរាម​សម្លាប់​តាម​រយៈ​រូប​ភាព​កាំ​ភ្លើង​និង​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក។ គេ​ក៏​នៅ​ចាំ​ថា​ កាល​ពី​ពីរ​បី​ឆ្នាំ​មុន បុរស​ម្នាក់​ឈ្មោះ​ផែង វណ្ណៈ ដែល​ជា​មន្ត្រី​នៅ​ក្រសួង​មហាផ្ទៃ ក៏​បាន​គំរាម​កំហែង​សម្លាប់​លោក​កឹម សុខា ក្រោម​រូប​ភាព​ស្រដៀង​គ្នា​នឹង​កញ្ញា​ធី សុវណ្ណថា​ដែរ។

តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ទង្វើ​របស់​ពួក​គេ​នេះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ខ្មែរ​មាន​វិធានការ​គួរ​ឲ្យ​កត់​សម្គាល់​ណា​មួយ​នោះ​ទេ គឺ​មិន​ដូច​ករណី​ដែល​កើត​ឡើង​លើ​ថ្នាក់​ដឹក​នាំ និង​មន្រ្តី​រដ្ឋា​ភិបាល​ទាល់​តែ​សោះ។ ចំណែក​ឯ​ខាង​តុលាការ​វិញ ក៏​មិន​បាន​អើ​ពើ​អ្វី​ដែរ​ចំពោះ​ទង្វើ​អស់​ទាំង​នេះ​រហូត​មក​ដល់​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ