អានតួអត្ថបទ
កម្ពុជា

លោក សុខ ឥសាន៖ រដ្ឋាភិបាល​និង​សភា​គ្មាន​សិទ្ធិ​​ដោះ​លែង​មន្ដ្រី​អាដហុក​​និង​អគ្គលេខាធិការ​រង គជប ទេ!

«រដ្ឋាភិបាល​និង​សភា​​គ្មាន​សិទ្ធិ​​ដោះ​លែង​មន្ដ្រី​អាដហុក​​និង​អគ្គលេខាធិការ​រង គជប ទេ»។ នេះ​គឺ​ជា​ការ​ឆ្លើយ​តប​របស់​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច បន្ទាប់​ពី​លោក សុន ឆ័យ មន្ដ្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ បានស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ដោះ​លែង​មន្ដ្រី​សិទ្ធិ​មនុស្ស​អាដហុក​និង​អគ្គលេខាធិការ​រង គជប នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​។

លោក ​សុខ ​ឥសាន ​សមាជិក​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នក​កាសែត
លោក ​សុខ ​ឥសាន ​សមាជិក​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នក​កាសែត RFI
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា សំណុំ​រឿង​មន្ដ្រី​សិទ្ធិ​មនុស្ស​អាដហុក​ទាំង​៤​រូប និង អគ្គលេខាធិការ​រង គជប ឥឡូវ​នេះ​ស្ថិត​នៅ​ក្នុងដែន​​សមត្ថកិច្ច​​របស់​តុលាការ​។ រដ្ឋាភិបាល​ ឬ​សូម្បី​តែ​រដ្ឋសភា​ក៏​ដោយ ក៏​គ្មាន​សិទ្ធិ​លូក​ដៃ​ចូល​ក្នុង​សំណុំ​រឿង​នេះ​ដែរ កុំ​ថា​ឡើយ​ស្នើ​ឲ្យ​មាន​ការ​ដោះ​លែង​​​។ នេះ​បើ​តាម​លោក សុខ ឥសាន​ ដែល​បាន​គូស​បញ្ជាក់​បន្ទាប់​ពី​​លោក សុន ឆ័យ មន្ដ្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ បានស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ដោះ​លែង​មន្ដ្រី​សិទ្ធិ​មនុស្ស​អាដហុក​និង​អគ្គលេខាធិការ​រង គជប នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​។

សម្រាប់​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច ប្រសិន​បើ​ចង់​ឲ្យ​មន្ដ្រី​សិទ្ធិ​មនុស្ស​និង​អគ្គលេខាធិការ​រង គជប ដែលជាប់​ចោទ​ក្នុង​សំណុំ​រឿង​សូក​ប៉ាន់​សាក្សី បាន​នៅ​ក្រៅឃុំ គេ​ត្រូវ​រក​មេធាវី​ពូកែ​ៗ​ទៅ​តតាំង​តាម​ផ្លូវ​ច្បាប់​នៅ​តុលាការ​។ ព្រោះ​មាន​តែ​តុលាការ​ទេ ទើប​មាន​សិទ្ធិ​សម្រេច​សេចក្ដី​លើ​សំណុំ​រឿង​នេះ​បាន​។ នេះ​បើ​តាម​លោក សុខ ឥសាន​។

សូម​ជម្រាប​ជូន​ថា រហូត​មក​ទល់​ពេល​នេះ មន្ដ្រី​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន​៤​រូប និង អគ្គលេខាធិការ​រង គជប ១​រូប បាន​ជាប់​ឃុំ​អស់​រយៈ​ពេល​ជាង​១០​ខែ​មក​ហើយ​។ ក្រុម​មេធាវី​ការពារ​ក្ដី​បាន​រក្សា​ការ​ព្យាយាម​របស់​ខ្លួន ក្នុង​ការ​ដាក់​ពាក្យ​សុំ​ទៅ​កាន់​តុលាការ ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​ក្ដី​ទាំង​៥​រូប បាន​រស់​នៅ​ក្រៅ​ឃុំ បើ​ទោះ​បី​ជា​ទទួល​បរាជ័យ​ចំនួន​៦​លើក​ជាប់​ៗ​គ្នា​មក​ហើយ​ក្ដី​។ កាល​ពី​ថ្ងៃ​អង្គារ​ទី​១៤​មីនា​កន្លង​ទៅ​នេះ ក្រុម​មេធាវី ទើប​តែ​បាន​ដាក់​បណ្ដឹង​សារទុក្ខ​ម្ដង​ទៀត​ទៅ​កាន់​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​មន្ដ្រី​អាដហុក​និង​មន្ដ្រី គជប ស្ថិត​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​តុលាការ​នៅ​មិន​ទាន់​សម្រេច​បើក​សវនាការ​លើ​បណ្ដឹង​នេះនា​ពេល​ណា​​នៅ​ឡើយ​។

គួរ​រំលឹក​ថា មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​ទាំង​៤​រូប រួម​មាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង​លោកស្រី លឹម មុនី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និងនាង​ ស្រីមុំ​។ រីឯ​លោក នី ចរិយា ដែល​ជា​អគ្គលេខាធិការ​រង គជប វិញ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ សម​គំនិត​សូកប៉ាន់​សាក្សី ក្នុង​សំណុំ​រឿង​ដូចគ្នា​។ បច្ចុប្បន្ន ករណី​របស់​ពួក​គេ​ទាំង​៥​រូប​ កំពុង​ស្ថិត​នៅ​ក្នុងដែន​សមត្ថកិច្ច​របស់​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ