អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

ប្រមុខ​បក្ស​កាន់​អំណាច​ចេញ​មុខ​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​រើស​អើង​ពលរដ្ឋ​មិន​ទៅ​បោះ​ឆ្នោត

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២​សីហា​នេះ ​​បាន​​ចេញ​មុខ​ជា​លើក​ទី​២ ក្រោយ​ការ​បោះ​ឆ្នោត ក្នុង​ការ​​ជួប​កម្មករ ​កម្មការិនី នៅ​​ខណ្ឌ​មានជ័យ។ នៅ​ចំពោះ​មុខ​កម្មករ​រាប់​ពាន់​នាក់ ប្រមុខ​បក្ស​កាន់​អំណាច លោក ហ៊ុន​ សែន ចេញ​មុខ​អំពាវនាវ​ជា​លើក​ដំបូង​ក្រោយ​ការ​បោះ​ឆ្នោត កុំ​ឲ្យ​មាន​ការ​រើស​អើង​ពលរដ្ឋ​មិន​ទៅ​បោះ​ឆ្នោត នៅ​តាម​មូលដ្ឋាន​ក៏​ដូច​ជា​នៅ​តាម​បណ្ដា​រោង​ចក្រ​ ជា​ដើម។ ទន្ទឹម​នឹង​នេះ​អ្នក​វិភាគ​​រំពឹង​ថា អាជ្ញាធរ​នឹង​អនុវត្ត​តាម​លោក​ ហ៊ុន សែន ឲ្យ​មាន​ប្រសិទ្ធភាព។

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

«សុំ​កុំ​ឲ្យ​មាន​ការ​រើស​អើង​នៅ​តាម​មូលដ្ឋាន​រវាង​អ្នក​បាន​បោះ​ឆ្នោត​ និង​អ្នក​ពុំ​បាន​បោះ​ឆ្នោត»នេះ​គឺ​ជា​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ថ្លែង​នៅ​ក្នុង​ឋានៈ​ជា​អនាគត​នាយក​រដ្ឋមន្ត្រី ដែល​គ្រោង​នឹង​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២០​ខែ​កញ្ញា​ខាង​មុខ លោក ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា ​ការ​អំពាវនាវ​របស់​លោក​ធ្វើ​ឡើង​ ដើម្បី​បញ្ចៀស​រូបភាព​រើស​អើង ស្អប់​ខ្ពើម គុំ​គួន នៅ​តាម​ភូមិ​ឃុំ និង​តាម​បណ្ដា​រោងចក្រ​ជា​ដើម។

ជា​ការ​កត់​សម្គាល់​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ធ្វើ​ឡើង​ក្រោយ​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក ស ខេង អនុប្រធាន​បក្ស និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បាន​ចេញ​មុខ​អំពាវនាវ​ស្រដៀង​គ្នា​នេះ​ដែរ។ តាម​រយៈ​សំណេរ​លើ​បណ្ដាញ​សង្គម លោក ស ខេង អំពាវនាវ ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ និង​គ្រប់​គណបក្ស​នយោបាយ មេត្តា​កុំ​ធ្វើ​ការ ចោទ​ប្រកាន់ ឬ​លាប​ពណ៌ គ្នា​ទៅ​វិញ​ទៅ​មក រវាង​អ្នក​បាន​ទៅ​បោះ​ឆ្នោត និង​អ្នក​មិន​បាន​ទៅ​បោះ​ឆ្នោត។ ហើយ​ត្រូវ​ចាត់​ទុក​ថា ជោគ​ជ័យ​នេះ ​គឺ​ជា​ជោគ​ជ័យ​របស់​ជាតិ​ខ្មែរ​ទាំង​មូល។

លោក មាស នី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម ស្វាគមន៍​ចំពោះ​ការ​អំពាវនាវ​នេះ ​ព្រោះ​លោក​មើល​ឃើញ​ថា រូបភាព​នៃ​ការ​រើស​អើង​ចំពោះ​អ្នក​បោះ​ឆ្នោត និង​មិន​ទៅ​បោះ​ឆ្នោត​កំពុង​តែ​កើត​មាន​ទាំង​នៅ​មូលដ្ឋាន និង​តាម​បណ្ដាញ​សង្គម។ ទន្ទឹម​នឹង​ការ​អំពាវនាវ​នេះ លោក មាស នី រំពឹង​ថា អាជ្ញាធរ​នឹង​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាម​អនុសាសន៍​ថ្នាក់​លើ​ឲ្យ​មាន​ប្រសិទ្ធភាព បើ​ពុំ​ដូចោ្នះ​ទេ​ការ​អំពាវនាវ និង​ការ​អនុវត្ត​នឹង​ប៉ះ​ពាល់​ដល់​ប្រជាប្រិយភាព​បក្ស​កាន់​អំណាច​ដដែល។

តាម​រយៈ​អំណះ​អំណាង​នេះ ទាំង​លោក ហ៊ុន សែន និង លោក ​ស ខេង មាន​សុទិដ្ឋិនិយម​ដូច​គ្នា​ថា ការ​ចូល​រួម​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ច្រើន​ជាង​៨២​ភាគ​រយ នៃ​អ្នក​មាន​ឈ្មោះ​​បោះ​ឆ្នោត នា​ពេល​កន្លង​ទៅ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យល់​ដឹង​ច្បាស់​របស់​ប្រជាពលរដ្ឋ និងបាន​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​នយោបាយ​នានា ដែល​ខ្លួន​ពេញ​ចិត្ត​ដោយ​សេរី គ្មាន​ការ​កៀប​សង្កត់ ឬ​បង្ខិត​បង្ខំ​អ្វី​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ