អានតួអត្ថបទ
កម្ពុជា-សង្គម

​គ្រួសារ​ជន​រង​គ្រោះ​ស្លាប់​និង​របួស​ក្នុង​ហេតុ​ការណ៍​រលំ​អគារ​ប្ដឹង​ទារ​សំណង​ពី​ក្រុម​ហ៊ុន​ចិន​

បន្ថែម​ពី​លើ​សំណង​ផ្ដល់​ជូន​ដោយ​រដ្ឋាភិបាល ពោល​គឺ​រំលង​ផុត​មួយ​ខែ​ក្រោយ​ហេតុការណ៍​រលំអគារ​កម្ពស់​៧​ជាន់​ក្នុង​ខេត្តព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៤​ខែ​មិថុនា ជនរង​គ្រោះ​៤៨​គ្រួសារ​បាន​ប្ដឹងទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ក្រុម​ហ៊ុន​ចិន ក្នុង​ទំហំ​ទឹក​ប្រាក់​ចន្លោះ​ពី​២​ម៉ឺន​ដល់​១២​ម៉ឺន​ដុល្លារ។ ក្នុងនោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​អះអាង​រួម​គ្នា​ថា ការ​ប្ដឹង​របស់​ពួកគេ​ដើម្បី​យក​ថវិកា​មក​ទ្រទ្រង់ជីវភាព ខណៈ​ពួក​គេ​អស់​ទីពឹង។ 

អ្នកជួយសង្គ្រោះកំពុងធ្វើកំណាយរុករកជនរងគ្រោះ បន្ទាប់ពីអគាររលំ (រូបភាពឯកសារ)
អ្នកជួយសង្គ្រោះកំពុងធ្វើកំណាយរុករកជនរងគ្រោះ បន្ទាប់ពីអគាររលំ (រូបភាពឯកសារ) @REUTERS
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​ជន​រងគ្រោះ​៤៨​គ្រួសារ​ដែល​បាន​ប្ដឹង​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ចិន​ក្នុង​ទំហំ​ទឹកប្រាក់​ចន្លោះ​ពី​២ម៉ឺន​ដល់​១២​ម៉ឺន​ដុល្លារ ពួកគេ​ទាំងនោះ​បាន​បាត់បង់​សមាជិក​គ្រួសារ​ដូចជាៈ​ ឱពុក ម្ដាយ និងកូន ក្នុង​ចំណោម​អ្នក​រង​គ្រោះ​សរុប​៥៤នាក់។ ថ្លែង​តាម​ប្រព័ន្ធ​តេឡេ​ក្រាម​មកកាន់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៥​ខែ​កក្កដា​នេះ លោក គី តិច ​ប្រធាន​ក្រុម​មេធាវី​ស្ម័​គ្រ​ចិត្ត​រប​ស់​លោក ​ហ៊ុន សែន ​ពន្យល់ថា ជនរង​គ្រោះ​ដែល​ដាក់​ពាក្យ​បណ្ដឹង​ចែក​ជា​៣ក្រុម ​គឺ​ក្រុម​គ្រួ​សារ​អ្នកស្លាប់ ​និង​អ្នករបួស ​ខណៈ​បីគ្រួសារទៀត​ជា​អ្នករងគ្រោះ​ជុំវិញ​អគារ​ដោយ​ការខូចខាត​ទ្រព្យ​សម្បត្តិ​។

ខណៈ​មាន​ជន​រង​គ្រោះ​ប្ដឹង​ទៅ​តុលាការ​ព្រះសីហនុ​ទាមទារ​សំណង​បន្ថែម ជនរង​គ្រោះ​មួយចំនួន​ក៏​បាន​បញ្ឈប់​ការទាមទារ​របស់​ពួកគេ ​ដោយ​មិន​ចង់​ទាមទារ​សំណង​អ្វី​បន្ថែម​ទៀត​នោះទេ ​ក្រោយ​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ពី​លោក​នាយក​រដ្ឋមន្ត្រី។ ​តែទោះជាបែបនេះក្ដី ក្រុម​មេធាវីនៅតែ​បន្ត​ចុះទៅ​ដល់​មូលដ្ឋាន​របស់​សាច់ញាតិ ​និង​ជន​រងគ្រោះ​ដទៃទៀត​ ដែល​មិនទាន់​បាន​ដាក់ពាក្យ​បណ្តឹង​ទាមទារ​សំណង់។

សូមជម្រាជូនថា មុន​ជន​រងគ្រោះ​ប្ដឹង​ទាមទារ​សំណង់​បន្ថែម​ពី​ក្រុម​ហ៊ុន​ចិន គឺ​ក្រុម​គ្រួសារ​អ្នកស្លាប់​២៨នាក់ ទទួល​បាន​ថវិកា​ក្នុង​មួយ​សព​ជាង​៩ម៉ឺន​ដុល្លារ​ឬ​ជិត​៤០០លានរៀល។ ថវិកា​នេះប្រមូល​បាន​ពី​សប្បុរស​ជន​តាមរយៈ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ចំនួន​ជាង ២.៥លានដុល្លារ​អាមេរិក។ រីឯ​ថវិកាជាតិ រដ្ឋាភិបាល​ផ្ដល់​ជូន​១ម៉ឺន​ដុល្លារ​ដល់​គ្រួសារ​អ្នក​ស្លាប់​និង​ជាង​១ពាន់​ដុល្លារ​ផ្ដល់​ជូន​អ្នករបួស។ បន្ថែម​លើ​នេះ ព្រះមហាក្សត្រកម្ពុជា​បាន​ប្រទាន​ព្រះរាជ​អំណោ​យ​១ម៉ឺន​ដុល្លារ ខណៈ​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​ឧបត្ថម្ភ​ថវិកា​១១​ម៉ឺន​ដុល្លារ។

ក្រោយ​ករណី​បាក់​រលំ​អគារ​កម្ពស់​៧ជាន់ មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង​ព្រះសី​ហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ម្ចាស់​សំណង់, ថៅកែម៉ៅ​ការសាងសង់ និង​អ្នក​ពាក់ព័ន្ធ​ចំនួន​២នាក់ សរុប​៤នាក់ យក​ទៅ​កាន់​ស្នងការនគរ​បាល​ខេត្ត ដើម្បី​សាកសួរ ធ្វើ​កំណត់​ហេតុ និង​បន្ដ​ចាត់​ការ​តាម​នីតិវិធី​ច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ