អានតួអត្ថបទ
កម្ពុជា

មេបក្ស​ប្រឆាំង​ព្រមាន​សកម្ម​ជន​របស់​ខ្លួន មិន​ឲ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​នាយករដ្ឋ​មន្ដ្រី​កម្ពុជា​ នៅ​អាមេរិក​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមាន​ទៅ​ដល់​សកម្មជន​របស់​ខ្លួន​នៅ​អាមេរិក មិន​ឲ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ដែល​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក នៅ​ខែ​ពាក់កណ្ដាល​ខែ​កុម្ភៈ​ខាង​មុខ​នេះ​ឡើយ​។ ថ្លែង​នៅ​ក្នុង​ពិធី​ជួប​ជុំ​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​​កន្លង​ទៅ ប្រមុខ​គណបក្ស​ប្រឆាំង បាន​ចាត់​ទុក​ការ​ធ្វើ​បាតុកម្ម​នោះ​ថា នឹង​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​វិញ​ទេ​។

ប្រជាជន​ខ្មែរ​ធ្វើ​បាតុកម្មប្រឆាំង​លោក​ហ៊ុន សែន នៅ​ក្បែរ Maison de la Chimie ជាទី​ដែលលោក​ហ៊ុន​ សែន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាជន​ខ្មែរ​នៅបារាំង ថ្ងៃអាទិត្យ​ទី ២៥ តុលា ២០១៥
ប្រជាជន​ខ្មែរ​ធ្វើ​បាតុកម្មប្រឆាំង​លោក​ហ៊ុន សែន នៅ​ក្បែរ Maison de la Chimie ជាទី​ដែលលោក​ហ៊ុន​ សែន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាជន​ខ្មែរ​នៅបារាំង ថ្ងៃអាទិត្យ​ទី ២៥ តុលា ២០១៥ ©CHHEANG BOPHA
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​អំពាវ​នាវ​ដល់​សកម្មជន​របស់​ខ្លួន មិន​ឲ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន នៅ​អាមេរិក លោក សម រង្ស៊ី ក៏​បាន​ព្រមាន​ធ្ងន់​ៗ​ផង​ដែរ​ថា អ្នក​ដែល​មានះ​ធ្វើ​បាតុកម្ម ត្រូវ​ចាត់​ទុក​ខ្លួន​ឯង​ថា មិន​មែន​ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ​។ និង​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​គាំទ្រ មិន​ទទួល​ស្គាល់​ទង្វើ​អ្នក​ដែល​ធ្វើ​បាតុកម្ម​នោះ​ឡើយ​។

ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​នៅ​សហរដ្ឋ​អាមេរិក ប្រកាស​ពី​គម្រោង​ធ្វើ​បាតុកម្ម​តវ៉ា ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន នៅ​អាមេរិក​ នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ​ខាង​មុខ​នេះ។

ជុំ​វិញ​គម្រោង​ធ្វើ​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​គូស​បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក បើ​មាន​ប្រយោជន៍​ក៏​ធ្វើ​តាម​ចិត្ត​ទៅ​ចុះ ព្រោះ​វា​ជា​មុខ​ជំនាញ​របស់​ពួក​គេ​ទៅ​ហើយ​។ លោក ហ៊ុន សែន ក៏​បាន​ផ្ដាំ​ទៅ​បុគ្គល​ដែល​គ្រោង​រៀបចំ​បាតុកម្ម​នោះ​ឲ្យ​ប្រាប់​ទៅ​មេ​ដឹក​នាំ​របស់​ខ្លួន ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ថា ត្រូវ​ទទួល​ស្គាល់​សិទ្ធិ​បាតុកម្ម​របស់​អ្នក​គាំទ្រ​លោក ប្រឆាំង​មេ​ដឹក​នាំ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ផង​ដែរ​។

សូម​រំលឹក​ជូន​ថា កាល​ពី​ថ្ងៃទី​២៦​ខែ​កញ្ញា​ឆ្នាំ​២០១៥​កន្លង​ទៅ ប្រមុខ​រដ្ឋាភិបាលកម្ពុជា ធ្លាប់​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ធ្វើ​បាតុកម្ម​ប្រឆាំង នៅ​ពេល​ដែល​លោក​ធ្វើ​​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​។ ​លោក​ហ៊ុន សែន បាន​ចោទ​ប្រកាន់​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​អ្នក​នៅ​ពី​ក្រោយ​បាតុកម្មប្រឆាំង​រូប​លោក​នៅ​ខែ​កញ្ញា​នោះ ព្រោះ​ថា​របាយការណ៍​ហិរញ្ញវត្ថុ​របស់​បក្ស​ប្រឆាំង​នៅ​រដ្ឋ​មួយ បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ការ​ចំណាយ​ធ្វើ​បាតុកម្ម​នេះ​។

យ៉ាង​ណា​ក៏​ដោយ គណបក្ស​ប្រឆាំង​បាន​ប្រកែក​ពី​ការ​ពាក់ព័ន្ធ​នានា​ និង​បាន​គូស​បញ្ជាក់​ពី​ជំហ​របស់​ខ្លួន​ថា មិន​គាំទ្រ​ដល់​ការ​ធ្វើ​បាតុកម្ម​ណាមួយ​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន នៅ​អាមេរិក នៅ​ពាក់កណ្ដាល​ខែ​កុម្ភៈ​នេះ​ជា​ដាច់​ខាត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ