អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជ្រើស​រើស​អនុប្រធាន​នៅ​សប្តាហ៍​ទី ៣​នៃ​ខែ​ឧសភា

ក្រសួង​មហាផ្ទៃ​នៅ​ក្នុង​សប្តាហ៍​នេះ បាន​ទទួល​ស្គាល់​លក្ខន្តិកៈ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្មី​ដែល​ទើប​តែ​ធ្វើ​វិសោធនកម្ម​កាល​ពី​ថ្ងៃ​ទី ២៥​មេសា​ខែ​មុន​នេះ។ ទន្ទឹម​នឹង​នេះ គណបក្ស​នឹង​សម្រេច​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​អនុប្រធាន​ទាំង​បី​នៅ​សប្តាហ៍​ទី ៣​ខែ​ឧសភា​ដើម្បី​រៀប​ចំ​ឱ្យ​រួច​រាល់​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដែល​នៅ​មិន​ដល់ ​១​ខែ​ទៀត​នោះ។

គណបក្ស​​សង្គ្រោះ​​ជាតិ​​នឹង​​ជ្រើស​​រើស​​អនុប្រធាន​​នៅ​​សប្តាហ៍​​ទី ៣​​នៃ​​ខែ​​ឧសភា
គណបក្ស​​សង្គ្រោះ​​ជាតិ​​នឹង​​ជ្រើស​​រើស​​អនុប្រធាន​​នៅ​​សប្តាហ៍​​ទី ៣​​នៃ​​ខែ​​ឧសភា @Kem Sokha Facebook
ផ្សាយពាណិជ្ជកម្ម

លោក​អេង ឆៃអ៊ាង បេក្ខជន​អនុប្រធាន​គណបក្ស​បាន​បញ្ជាក់​ថា​ការ​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​អនុប្រធាន​ទាំង​បី​ឱ្យ​បាន​មុន​ថ្ងៃ​ទី ២០​ឧសភា​ដែល​ជា​ថ្ងៃ​ចុះ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ សូម​បញ្ជាក់​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​មាន​អនុប្រធាន​គណបក្ស​ជា​ផ្លូវ​ការណ៍​ឡើយ​ទេ​បើ​ទោះ​បី​ជា​គណបក្ស​ធ្លាប់​បាន​ជ្រើស​រើស​អនុប្រធាន​ម្តង​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​ទី ២ មីនា។ ប៉ុន្តែ​ការ​ជ្រើស​រើស​នេះ​គឺ​បាន​ផ្ទុយ​ទៅ​នឹង​លក្ខន្តិកៈ​ដែល​បាន​តម្កល់​ក្នុង​ក្រសួង​មហាផ្ទៃ ទើប​តែ​ថ្ងៃ​ទី ០៣ ខែ​ឧសភា នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​ទទួល​ស្គាល់ និង​សុំ​តម្កល់​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្វើ​វិសោធនកម្ម​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មេសា។

បើ​តាម​ការ​បញ្ជាក់​ពី​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​នៅ​តែ​បន្ត​រក្សា​ជំហរ​ឱ្យ​មាន​ប្រធាន ១​រូប និង​អនុប្រធាន​ចំនួន ៣​នាក់​ដដែល។ បេក្ខភាព​ទាំង​បី​គឺ លោក​អេង ឆៃអ៊ាង លោកស្រី​មូរ សុខហួរ និង​លោក​ប៉ុល ហំម​ដែល​ត្រូវ​បាន​គណៈកម្មាធិការ​នាយក​គណបក្ស​បាន​សម្រេច​ដោយ​សំឡេង​ភាគ​ស្ទើរ​តែ​ជា​ឯកច្ឆន្ទ។ លោក​អេង ឆៃអ៊ាង បាន​លើក​ឡើង​ពី​ហេតុ​ផល​នៃ​ការ​ភាព​មមាញឹក​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ដែល​ពុំ​ទាន់​អាច​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ឱ្យ​បាន​ឆាប់​រហ័ស​ដោយ​ពេល​នេះ លោក​កឹម សុខា​ដែល​ជា​ប្រធាន​គណបក្ស​កំពុង​ធ្វើ​ដំណើរ​នៅ​សហរដ្ឋ​អាមេរិក និង​កិច្ចការ​រវល់​មួយ​ចំនួន​ផ្សេង​ទៀត​របស់​សមាជិក​ជាន់​ខ្ពស់​ជា​ដើម។ លោក​បាន​បន្ត​ទៀត​ថា ការ​ជ្រើស​រើស​យក​សប្តាហ៍​ទី ៣ ឱ្យ​បាន​មុន​ថ្ងៃ ២០ ឧសភា​នេះ គឺ​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ដែល​តម្រូវ​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​ត្រូវ​បញ្ចប់​នីតិវិធី​រៀប​ចំ​ទាំង​អស់​ឱ្យ​បាន​មុន​ថ្ងៃ​ទី ០៤ ខែ​មិថុនា​ខាង​មុខ៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ