អានតួអត្ថបទ
កម្ពុជា

បក្ស​សង្រ្គោះ​ជាតិ​អះ​អាង​ថា ទូរ​ទស្សន៍​ព្រះអាទិត្យ​មិន​ផ្សាយ​ពាណិជ្ជ​កម្ម​ស្រា​និង​បារី​ទេ

ថ្នាក់​ដឹក​នាំ​និង​មន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស​សង្គ្រោះ​ជាតិ​ទាំង​សុទ្ធ​តែ​ប្រកាស​ព្រម​គ្នា​ថា ទូរ​ទស្សន៍​ព្រះអាទិត្យ ជា​ទូរទស្សន៍​អប់រំ ផ្សាយ​ព័ត៌មាន​ពិត ហើយ​នឹង​មិន​ផ្សាយ​ពាណិជ្ជកម្ម​ស្រា​និង​បារី​នោះ​ទេ។ គឺ​ជា​ការ​ប្រកាស​នៅ​ក្នុង​ថ្ងៃ​ចាប់​ផ្តើម​ទទួល​វិភាគ​ទាន​ជា​ផ្លូវ​ការ សម្រាប់​គម្រោង​បង្កើត​ទូរទស្សន៍​ព្រះ​អាទិត្យ នៅ​ទី​ស្នាក់​កណ្តាល​ ក្នុង​ក្រុង​ភ្នំពេញ។ ទន្ទឹម​នឹង​នេះ អ្នក​ជំនាញ​សុខភាព​យល់​ឃើញ​ថា ការ​មិន​ផ្សាយ​ពី​បារី​និង​ស្រា គឺ​បាន​ចូលរួម​យ៉ាង​សំខាន់ ក្នុង​ការ​មិន​សម្លាប់​ពលរដ្ឋ​ខ្មែរ។

សកម្មភាព​ចូលរួម​វិភាគទាន​ដើម្បី​គម្រោង​ទូរទស្សន៍​ព្រះអាទិត្យ របស់បក្ស​សង្គ្រោះជាតិ នៅទីស្នាក់ការកណ្តាល ថ្ងៃទី​២៧ មិថុនា ២០១៥
សកម្មភាព​ចូលរួម​វិភាគទាន​ដើម្បី​គម្រោង​ទូរទស្សន៍​ព្រះអាទិត្យ របស់បក្ស​សង្គ្រោះជាតិ នៅទីស្នាក់ការកណ្តាល ថ្ងៃទី​២៧ មិថុនា ២០១៥ RFI@HENG Oudom
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​អ្នក​កាសែត​បន្ទាប់​ពី​បូក​សរុប​ថវិកា​វិភាគ​ទាន​និង​ប្រាក់​ចូលរួម​អាជីកម្ម​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍ថ្មី​ អ្នក​នាំ​ពាក្យ​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​អះ​អាង​ថា ចំណុច​ពិសេស​ខុសពី​គេ​របស់​ទូរទស្សន៍​​ព្រះ​អាទិត្យ​ គឺ​នឹង​មិន​ផ្សាយ​ពាណិជ្ជកម្ម​ស្រា​និង​បារី​នោះ​ឡើយ​។ លោក​បញ្ជាក់​ថា ទូរទស្សន៍​ព្រះ​អាទិត្យ​​ដែល​​គ្រោង​នឹង​ដំណើរ​ការ​នៅ​ចុង​ឆ្នាំ​នេះ គឺ​ជា​ប៉ុស្តិ៍​អប់រំ បញ្ជ្រាប​ចំណេះ​ដឹង​ទូ​ទៅ​ពី​សង្គម​និង​សុខភាព។ អ្នក​នាំ​ពាក្យ​រូប​នេះ ក៏​បាន​ដឹង​ច្បាស់​ដែរ​ថា ស្ថានីយ​ទូរទស្សន៍​ភាគ​ច្រើន​នៅ​ស្រុក​ខ្មែរ បាន​ប្រាក់​ចំណូល​មួយ​ភាគ​ធំ​សម្រាប់​ដំណើរ​ការ​ផ្សាយ​ រហូត​ដល់​៤០​ទៅ​៦០ភាគ​ឯណោះ គឺ​មក​ពី​ក្រុ​ម​ហ៊ុន​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​​ញៀន​​និង​គ្រឿង​ស្រវឹង​ ដូច​ជា​ស្រា​និង​បារីជា​ដើម​។

 
ទន្ទឹង​នឹង​នេះ​ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា លោក​វេជ្ជ​បណ្ឌិត មុំ គង់ បាន​ប្រាប់​វិទ្យុ​បារាំង​ថា ប្រសិន​បើ​មាន​ប៉ុស្តិ៍​ទូរ​ទស្សន៍​និង​វិទ្យុ ឬ​បណ្តាញ​ព័ត៌មាន ​មិន​ផ្សាយ​ពី​ស្រា​និង​បារី គឺ​បាន​ចូល​រួម​ចំណែក​យ៉ាង​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​មិន​សម្លាប់​ប្រជា​ពល​រដ្ឋ​​ខ្មែរ និង​បង្ក​ទុក្ខ​វេទនា​ដល់​ប្រជាជន។ លោក​បាន​គូស​បញ្ជាក់​ដែរ​ថា កន្លង​មក​មាន​ទូរ​ទស្សន៍​​ជាតិ​កម្ពុជា (ទ.ទ.ក.) វិទ្យុ​ស្ត្រី​ FM​១០២, វិទ្យុ​FM​១០៥ និង​ FM​៩២ ជា​ដើម ក៏​មិន​ផ្សាយ​ពី​គ្រឿង​ស្រវឹង​និង​ថ្នាំ​ជក់ដែរ​។

នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន​​យ៉ាង​កក​កុញ​ពេញ​ទី​ស្នាក់​ការ​កណ្តាល​របស់​បក្ស​សង្គ្រោះ​ជាតិ​ លោកអនុប្រធាន កឹម សុខា ប្រកាស​ក្នុង​សន្ទរ​កថា​ដ៏​ខ្លី​ថា​ ទូរទស្សន៍​សង្រ្គោះ​ជាតិ​ ជា​ទូរទស្សន៍​អប់រំ ផ្តោត​លើ​ការ​លើក​កម្ពស់​ចំណេះ​ដឹង​ អប់រំ​ឲ្យ​សីលធម៌ និង​គុណធម៌។ ចំណែក​លោក​ប្រធាន​ សម រង្ស៊ី វិញ ​បាន​ថ្លែង​បន្ទាប់​ពី​អនុប្រធាន​ខ្លួន​ថា ទូរទស្សន៍​ថ្មី​ក្រោម​ការ​គ្រប់​គ្រង់​របស់​បក្ស​នេះ គឺ​ជា​ទូរទស្សន៍​ឯករាជ អព្យាក្រឹត្យ​ ផ្សាយ​តែ​រឿង​ពិត​ រឿង​ដែល​ទូរ​ទស្សន៍​ស្និទ​នឹង​បក្ស​កាន់​មិន​បាន​ផ្សាយ​ពី​មុន​មក​ទេ​ ដូច​ជា​រឿង​កាប់​បំផ្លាញ​ព្រៃឈើ រឿង​ពុក​រលួយ រឿង​ជម្លោះ​ព្រំ​ដែន និង​ជីវភាព​វេទនា​របស់​កម្មករ​ជា​ដើម។
 

ទោះ​យ៉ាង​ណា​ក្តី ការ​បង្កើត​ស្ថានីយ​និង​ប៉ុស្តិ៍​ទូរទស្សន៍​ព្រះអាទិត្យ គឺ​ស្ថិត​នៅ​ក្នុង​គម្រោង​រ៉ៃ​អង្គាស​ថវិកា​ពី​អ្នក​គាំទ្រ​និង​អ្នក​ចូលរួម​អាជីវកម្ម​នៅ​ឡើយ។ បើ​តាម​គម្រោង បក្សសង្គ្រោះ​ជាតិ​ នឹង​ជួល​ទី​តាំង​ស្ថានីយ​នៅ​ខណ្ឌ​ទួល​គោល ហើយ​អាច​ដំណើរ​ការ​ផ្សាយ​នៅ​ចុង​ឆ្នាំ​២០១៥​ខាង​មុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ