អានតួអត្ថបទ
កម្ពុជា

ក្រសួង​យុត្តិធម៌​នឹង​បញ្ជួន​លិខិត​របស់​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ ជុំវិញ​រឿងរ៉ាវ​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​លង់​ទឹក​ស្លាប់ ទៅ​កាន់​តុលាការ

ក្រសួង​យុត្តិធម៌​នឹង​បញ្ជួន​លិខិត​របស់​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង ជុំវិញ​រឿង​រ៉ាវ​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​លង់​ទឹក​ស្លាប់ ទៅ​កាន់​តុលាការ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត។ ការ​បញ្ជូន​លិខិត​នេះ​បន្ទាប់​ពី​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​ ១៩ មករា ឆ្នាំ២០១៦ បាន​ដាក់​លិខិត​ទៅ​កាន់​ប្រធាន​រដ្ឋសភា ដើម្បី​ស្នើ​សុំ​ឲ្យ​រដ្ឋ​មន្រ្តី​យុត្តិធម៌​ស៊ើប​អង្កេត និង​មាន​កិច្ច​អន្តរាគមន៍​លើ​ក្រុម​សន្តិសុខ​ខណ្ឌ​ដូន​ពេញ ដើម្បី​បញ្ចប់​វប្បធម៌​និទណ្ឌភាព​នៅ​កម្ពុជា។ ក៏ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់​ថា បើ​ទោះ​បី​ជា​មាន ឬ​គ្មាន​លិខិត​ពី​ក្រុម​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​នេះ​ក៏​ដោយ ក៏​អាជ្ញាធរ​មាន​សម្ថតកិច្ច​បាន​នឹង​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​រួច​ទៅ​ហើយ។

រូបភាពតំណាង៖ សេវាកម្ម​រក​ស៊ី​ផ្លូវ​ភេទ ​នា​ពេលរា​ត្រី​
រូបភាពតំណាង៖ សេវាកម្ម​រក​ស៊ី​ផ្លូវ​ភេទ ​នា​ពេលរា​ត្រី​ ©ណាវិន/RFI
ផ្សាយពាណិជ្ជកម្ម

ក្រសួង​យុត្តិធម៌ បាន​ទទួល​លិខិត​របស់​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ពី​ប្រធាន​រដ្ឋ​សភា លោកហេង សំរិន ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី ២៥ មករា ឆ្នាំ​២០១៦។ លិខិត​ដែល​ក្រុម​តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី ១៩ មករា ជូន​ទៅ​ក្រសួង​កិច្ចការ​នារី ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​អន្តរាគមន៍​រក​យុត្តិធម៌​ឲ្យ​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​ឈ្មោះ ប៉ែន សុគន្ធា ដែល​បាន​លង់​ទឹក​ស្លាប់ កាល​ពី​ថ្ងៃ​ទី​ ១ មករា​កន្លង​ទៅ។ ក្រសួង​យុត្តិធម៌​បាន​ប្រាប់​វិទ្យុ​បារំាង​ថា នឹង​បញ្ជូន​សំណើ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ទៅ​កាន់​តុលាការ ក្នុង​ពេល​ឆាប់​ៗ​នេះ។

នៅ​ក្នុង​លិខិត​នោះ ក្រុម​តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី ០១ ខែ​មករា ឆ្នាំ​២០១៧ ក្រុម​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​បាន​ចុះ​បង្ក្រាប និង​ចាប់​ប្រមូល​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ផ្តុំ​ទន្លេសាប ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ។ ខណៈ​ចុះ​ចាប់​ដើម្បី​បង្ក្រាប​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​នោះ ក្រុម​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​បាន​ដេញ​ចាប់​ឃាត់​ខ្លួន​ស្រ្តី​មួយ​ចំនួន រួច​ក៏​ព្យាយាម​លោត​ពី​ទូក​មួយ​ទៅ​ទូក​មួយ​ទៀត ដើម្បី​គេច​ចេញ​ពី​ការ​តាម​ចាប់​ខ្លួន ខណៈ​ដែល​លោត​នោះ​បាន​រអិល​ជើង​ដួល​បោក​ក្បាល​ធ្លាក់​ចូល​ទឹក​ទន្លេ​នៅ​ត្រង់​ចំនុច​សួន​ខាង​ក្រោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ ហើយ​តាម​សាក្សី​នៅ​កន្លែង​បាន​អះអាង​ថា សន្តិសុខ​បាន​ដេញ​តាម​ស្ត្រី​រូប​នោះ រហូត​ធ្លាក់​ចូល​ក្នុង​ទឹក​ទន្លេ ហើយ​រារាំង​មិន​ឳ្យ​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​ជួយ​សង្គ្រោះ​នារី​ម្នាក់​នោះ​ទេ បើ​ទោះ​បី​ជា​នាង​បាន​ស្រែក​ហៅ​ឱ្យ​ជួយ​សង្គ្រោះ​ក៏​ដោយ។

អ្នក​តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ បាន​ចោទ​ប្រកាន់ ក្រុម​សន្តិសុខ​ដែល​ចុះ​បង្រ្កាប​ស្រី​រក​ស៊ី​ផ្លូវ​ភេទ ថា​មាន​ចេតនា​ទុក​ឲ្យ នារី​ម្នាក់​ឈ្មោះ ប៉ែន សុគន្ធា លង់​ទឹក​ស្លាប់​ពិត​ប្រាកដ ដោយ​សារ​ពួក​គេ​មិន​បាន​ផ្តល់​មធ្យោបាយ​ណាមួយ​ ដើម្បី​ជួយ​សង្រ្គោះ​ជង​រង​គ្រោះ​ឡើយ ហើយ​ថែម​ទាំង​បាន​រារាំង​ការ​ជួយ​សង្រ្គោះ​ទៀត​ផង។ ក្នុង​លិខិត​នោះ ក្រុម​តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ បាន​ស្នើ​ឲ្យ​ រដ្ឋ​មន្រ្តី​យុត្តិធម៌ អន្តរាគមន៍​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ទៅ​លើ​ក្រុម​សន្តិសុខ​ខណ្ឌ​ដូន​ពេញ ដើម្បី​បញ្ចប់​វប្បធម៌​និទណ្ឌភាព​នៅ​កម្ពុជា និង​ជា​ពិសេស​អំពើ​ហិង្សា​ ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​សន្តិសុខ​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ។

ក៏​ប៉ុន្តែ​លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់​ថា ការ​ស្នើ​សុំ​របស់​ក្រុម​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់ និង​មួយ​វិញ​ទៀត បើ​ទោះ​បី​ជា​មាន ឬ​គ្មាន​លិខិត​ពី​ក្រុម​តំណាង​រាស្រ្ត​ក៏​ដោយ ក៏​អាជ្ញាធរ​មាន​សម្ថតកិច្ច​បាន​នឹង​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​រួច​ទៅ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ