អានតួអត្ថបទ
កម្ពុជា

អ្នក​វិភាគ៖ លោក សម រង្ស៊ី ដាក់​វិន័យ​តឹង​រឹង​ដល់​បក្ស ដើម្បី​វិល​ទៅ​រក​វប្បធម៌​សន្ទនា

លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ចុង​សប្តាហ៍​បាន​បញ្ចេញ​សារ​នយោបាយ​ចុងក្រោយ​ចំនួន​៥​ចំណុច​ស្តី​ពី​បញ្ហា​ព្រំដែន។ លោក​សម រង្ស៊ី​ប្រកាស​ឈប់​និយាយ និង​ឈប់​ចោទ​បក្សណា​បុគ្គល​ណា​ស្តី​ពី​បញ្ហា​ព្រំដែន​ទៀត​ហើយ។ ទន្ទឹម​នឹង​នេះ​អ្នក​វិភាគ​មើល​ឃើញ​ថា មេ​បក្ស​ប្រឆាំងកំពុង​បន្ទន់​ជំហរ​ដើម្បី​ងាក​មក​រក​វប្បធម៌​សន្ទនា​ជាមួយ​បក្សកាន់​អំណាច​វិញ។ ប៉ុន្តែ​គណបក្ស​ប្រឆាំងថា ជាការ​ស្តា​ស្ថាន​ការណ៍​នយោបាយ។

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក​សម រង្ស៊ី​នឹង​ដាក់​វិន័យ​តឹង​រឹង​ទៅ​ដល់​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ឱ្យ​បញ្ឈប់​រិះគន់​លើ​រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​ក្នុង​គោល​បំណង​វិល​ទៅ​រកវប្បធម៌​សន្ទនាជាមួយ​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន។ នេះគឺជាការ​បញ្ជាក់​ពី​លោក អ៊ូ វីរៈ។ ការលើក​ឡើង​ពី​អ្នកវិភាគ​សង្គម​នយោបាយ​កម្ពុជា​រូប​នេះ គឺ​ចំពេល​ដែល លោក​សម រង្ស៊ី​បាន​កោះប្រជុំ​ផ្ទៃ​ក្នុង​គណបក្ស​នៅថ្ងៃ​ទី​១៤ កញ្ញា​នេះ និង​ក្រោយ​ការ​បញ្ចេញសារ​នយោបាយ​ចំនួន​៥​ចំណុច​កាល​ពី​ថ្ងៃ​ទី​១២ មុន​ពេលដែល​លោក​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា សារ​នយោបាយ​របស់​ប្រធានបក្ស​គឺ​ជា​ការ​ធ្វើ “ម៉េច​ឱ្យ​ស្ថានការណ៍​នយោបាយ​កុំឱ្យ​អាប់អួរ និង​មិន​ដែល​ហាម​គណបក្ស​ប្រឆាំង​មិនឱ្យ​រិះ​គន់​នោះ​ទេ”។ យ៉ាង​ណាក៏​ដោយ លោក​យឹម សុវណ្ណ​បាន​បញ្ជាក់​ថា​ការ​រិះគន់​គឺ​ការ​បែប​ស្ថាបនា។

ក្នុង​កិច្ច​ប្រជុំផ្ទៃ​ក្នុង​គណបក្ស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៤ កញ្ញា​នេះ លោក​យឹម សុវណ្ណ បាន​ឱ្យ​ដឹង​ថា គណបក្ស​បាន​ជជែក​ស្តី​ពី​ស្ថានការណ៍​នយោបាយ​ទូ​ទៅ ការ​រៀប​ចំ​រចនាសម្ព័ន្ធ​ថ្នាក់​ក្រោម​ជាតិ ការ​ទិញ​ដីបង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​ព្រះអាទិត្យ​ដែល​ត្រូវ​តែ​សម្រេច​នៅ​ក្នុង​សប្តាហ៍​នេះ។ លោក​យឹម សុវណ្ណ បាន​បន្តថា​ក្រៅ​ពី​បញ្ហា​ព្រំដែន នៅ​មាន​បញ្ហា​ដីធ្លី បញ្ហា​ព្រៃ​ឈើ និង​បញ្ហា​ជីវភាព​របស់​កម្មករ គ្រូបង្រៀន ដែលត្រូវ​ពិនិត្យ​មើល។  

សូម​បញ្ជាក់​ថា លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា បាន​បញ្ចេញ​សារ​នយោបាយ​ចំនួន​៥​ចំណុច។ ចំណុចទាំង​នោះ​រួម​មាន មិន​ចោទ​ប្រកាន់​បុគ្គល​ណា ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ ស្តី​ពី​បញ្ហា​ព្រំដែន មិន​ឆ្លើយតប​ការ​ចោទ​ប្រកាន់ ខិត​ខំ​ពង្រឹង​សាមគ្គី​ជាតិ ឈប់​ឈ្លោះ​គ្នា​រវាង​ខ្មែរ និង​ខ្មែរ និង​បង្ហាញ​ការពិត​ពី​បញ្ហា​ព្រំដែន និង​បូរណភាព​ទឹក​ដី​ខ្មែរ និង​ប្រទេស​ជិត​ខាង។

លោក សុខ ទូច​អ្នកវិភាគ​សង្គមនយោ​បាយ បាន​អប​អរសាទរ​ចំពោះ​សារ​នយោបាយ​ចំនួន​៥​ចំណុច​របស់​លោក សម រង្ស៊ីថា ជា​សារ​ដែលខ្មែរ​គ្រប់​រូប​ចង់​បាន។ ប៉ុន្តែ​ថា​សារ​របស់​ប្រធាន​បក្ស​នេះ គឺ​បង្ហាញ​ពី​ការ​អស់​ផ្លូវ​ដើរ​របស់​បក្ស​ប្រឆាំង​ស្តីពី​បញ្ហ​ព្រំ​ដែន។ បើ​ទោះ​បីជា​បែបណា​ក៏​ដោយ លោក​ អ៊ូ វីរៈ បាន​អះអាង​ថា ការ​បន្ទន់​ឥរិយាបទ​នេះ​គឺជា​អ្វី​ដែល​ប្រ​មុខ​បក្ស​កាន់​អំណាច​ចង់​បាន​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ