អានតួអត្ថបទ
កម្ពុជា-នយោបាយ

សង្គ្រោះ​ជាតិ​ជ្រើស​យក​ជម្រើស​ទី​២​របស់​សាលា​ក្រុង តែ​សុំ​ដូរ​ការ​ជួប​ជុំ​មក​វត្ត​ចាស់

ទី​បំផុត​គណបក្ស​សង្គ្រោះ​ជាតិ​និង​សាលា​រាជធានី​ភ្នំពេញ បាន​យល់​ស្រប​គ្នា ក្នុង​ការ​កំណត់​ទី​តាំង​ជួប​ជុំ​សកម្មជន​នៅ​វត្ត​ចាស់។ ការ​កំណត់​ទី​តាំង​ជួប​ជុំ​ដើម្បី​ដង្ហែ​ក្បួន​ឃោសនា​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី​២​ខែ​មិថុនា ស្អែក​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី តំណាង​សាលា​រាជធានី​ភ្នំពេញ និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ការ​ជជែក​គ្នា​យ៉ាង​តាន​តឹង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ប្តូរ​ទី​តាំង​ជួប​ជុំ​និង​ហែ​ក្បួន​ពី​ទី​លាន​ប្រជាធិបតេយ្យ​ថ្មី​មក​វត្ត​ចាស់។

លោក យឹម សុវណ្ណ អ្នក​​នាំ​ពាក្យ​​គណបក្ស​​សង្គ្រោះ​ជាតិ។
លោក យឹម សុវណ្ណ អ្នក​​នាំ​ពាក្យ​​គណបក្ស​​សង្គ្រោះ​ជាតិ។ @RFI
ផ្សាយពាណិជ្ជកម្ម

ភាព​តានតឹង​ទាក់​ទង​ទៅ​នឹង​ផែន​ការ​ហែ​ក្បួន​ឃោសនា​រក​សម្លេង​ឆ្នោត​ចុង​ក្រោយ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​សាលា​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ដោះ​ស្រាយ ដោយ​សម្រេច​ថា​ការ​ជួប​ជុំ​របស់​សមាជិក​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​កំណត់​នៅ​ឯ​វត្ត​ចាស់ ទល់​មុខ​ព្រះ​បរម​រាជ​វាំង​ត្រើយ​ខាង​កើត តែ​ត្រូវ​កែ​សម្រួល​តម្រាយ​ផ្លូវ​ហែ​ក្បួន​ខ្លះ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​នេះ​ថា គណបក្ស​កំពុង​តែ​គូស​វាស​តម្រាយ​ផ្លូវ​ហែ​ក្បួន ដែល​មាន​មនុស្ស​ចូល​រួម​ប្រមាណ​ជា​១០​ម៉ឺន​នាក់ ដោយ​ចៀសវាង​ការ​ជាន់​តម្រាយ​ផ្លូវ​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​រូប​នេះ បន្ត​ថា​អ្នក​គាំទ្រ​និង​សកម្មជន​ជួប​ជុំ​គ្នា​ប្រគុំ​តន្ត្រី​នៅ​ពេល​ព្រឹក ហើយ​ម៉ោង​២​រសៀល​ទើប​មាន​ការ​ហែ​ក្បួន​ឃោសនា ដោយ​ឆ្លង​ស្ពាន​ជ្រោយ​ចង្វារ ចូល​មក កណ្តាល​រាជធានី​ភ្នំពេញ។

សូម​បញ្ជាក់​ថា គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ទាំង​ពីរ បាន​ប្រកាស​ធ្វើ​ពិធី​ដង្ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ថ្ងៃ​ចុង​ក្រោយ​គឺ​ថ្ងៃ​ទី​២​មិថុនា ដោយ​ទ្រង់​ទ្រាយ​ធំ​ដូច​គ្នា។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ពី​ការ​ដង្ហែ​ក្បួន​នេះ ជាមួយ​នឹង​ការ​ចូល​រួម​ពី​សកម្មជន​ចំនួន​១៥​ម៉ឺន​នាក់ ដោយ​ចាប់​ផ្តើម​ជួប​ជុំ​គ្នា​នៅ​ផ្លូវ​៦០​ម៉ែត្រ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​អ្នក​ចូល​រួម​នៅ​កន្លែង​ជួបជុំ​និង​នៅ​តាម​មូលដ្ឋាន​រហូត​ដល់​១០​ម៉ឺន​នាក់​ផង​ដែរ។

តាម​គម្រោង​ដំបូង គណបក្ស​ប្រឆាំង​បាន​ស្នើ​សុំ​អាជ្ញាធរ​ជួប​ជុំ​គ្នា នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាស់ ក៏​ប៉ុន្តែ​ត្រូវ​បាន​បដិសេធ ដោយ​បារម្ភ​ពី​ការ​ជាន់​កម្មវិធី​ហែ​ក្បួន​ធំ​របស់​គណបក្ស​កាន់​អំណាច។ សាលា​រាជធានី​ភ្នំពេញ​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ជ្រើស​យក​ជម្រើស​២ គឺ​ទី១ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​ទ្រង់​ទ្រាយ​ធំ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​០១​ខែ​មិថុនា​នេះ និង ទី​២ គណបក្ស​សង្គ្រោះ​ជាតិ អាច​ជួប​ជុំ​ការ​ដង្ហែ​ក្បួន​របស់​ខ្លួន នៅ​ទី​លាន​ប្រជាធិបតេយ្យ​ថ្មី ឯ​គីឡូម៉ែត្រ​លេខ​៦ ហើយ​កំណត់​តម្រាយ​ផ្លូវ​ហែ​ឲ្យ​បាន​ត្រឹម​ត្រូវ​ជៀសវាង​ការ​ដង្ហែ​ប៉ះ​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ធ្វើ​ការ​ហែ​ក្បួន​ធំ​នៅ​ថ្ងៃ​ទី​២​ឧសភា​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ