អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្ស​សង្គ្រោះ​ជាតិ ចោទ​បក្ស​កាន់អំណាច​ថា គ្មាន​ឆន្ទៈ​ដោះលែង​មន្ត្រី​របស់ខ្លួន និង​មន្ត្រី​សង្គម​ស៊ីវិល ដូច​សន្យា​ឆ្នាំមុន

ឆ្លង​ចូលឆ្នាំ២០១៧ទៅហើយ តែ​តំណាងរាស្ត្រ និង​សកម្មជន របស់​បក្ស​សង្គ្រោះ​ជាតិ​ទាំង ១៥នាក់ និង​មន្ត្រី​សង្គម​ស៊ីវិល ផ្សេងទៀត មិនទាន់​ត្រូវបាន​ដោះលែង ដូច​សន្យា​ឆ្នាំមុន​នោះទេ ទើប​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ពុធ​នេះ វាយតម្លៃថា បក្ស​កាន់អំណាច​គ្មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហានយោបាយ​នៅ​កម្ពុជា។ តែ​បក្ស​ប្រជាជន​កម្ពុជា តប​ថា នោះ​មិនមែនជា​ការសន្យា​ទេ ព្រោះ​ថ្នាក់ដឹកនាំ​បក្ស​កាន់អំណាច ប្រាប់​ហើយ​ថា «អាច» នឹងមាន​ការដោះលែង ប៉ុណ្ណោះ !

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ ថត​រូប​អនុស្សាវរីយ៍​ពេល​ធ្វើ​សច្ចា​ប្រណិធាន​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត ថ្ងៃ​ទី​២២​សីហា ឆ្នាំ​២០១៣
តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ ថត​រូប​អនុស្សាវរីយ៍​ពេល​ធ្វើ​សច្ចា​ប្រណិធាន​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត ថ្ងៃ​ទី​២២​សីហា ឆ្នាំ​២០១៣ រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ជំនួប​បិទទ្វារ នៅ​រដ្ឋសភា រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ  ដើម្បី​ឈានទៅរក​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់​ប្រាប់​ក្រុ​ម​អ្នកកាសែត ថា លោក​មេឃុំ ស៊ា​ង ចែត អាច​នឹងត្រូវ​ដោះលែង​នៅថ្ងៃនោះ ចំណែក​មន្ត្រី​សង្គម​​​ស៊ីវិល​មួយចំនួន ព្រមទាំង​មន្ត្រី​គ.ជ.ប ដែល​កំពុង​ជាប់ឃុំ​អាច​នឹងមាន​ការដោះលែង​នៅ​ដំណាច់​ខែធ្នូ ឆ្នាំ២០១។ ពិត​ដូច​ថ្លែង​មែន លោក ស៊ា​ង ចែត មេឃុំ​ស្រក មកពី​គណបក្ស​សម រង្ស៊ី នៃ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដែល​តុលាការ ផ្តន្ទាទោស ដាក់ពន្ធនាគារ​រយៈ​ពេល ៥ឆ្នាំ ពីបទ​សូកប៉ាន់​សាក្សី ត្រូវបាន ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​លើកលែង​ទោស​​​តាម​សំណើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ និង​ដោះលែង​ចេញពី​ពន្ធនាគារ នៅ​ថ្ងៃ​បន្ទាប់។ ប៉ុន្តែ​ឆ្លង​ចូល​មកដល់​ឆ្នាំ២០១៧ ទៅហើយ តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ សកម្មជន​បក្ស និង​មន្ត្រី​សង្គម​ស៊ីវិល​ផ្សេងទៀត មិនទាន់​ត្រូវបាន​ដោះលែង​នោះទេ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ចោទថា ការខកខាន​មិនបាន​ដោះ​លែង​មន្ត្រី​បក្ស​របស់ខ្លួន និង​មន្ត្រី​សង្គម​ស៊ីវិល ដូច​សន្យា​ចុងឆ្នាំ២០១៦ គឺ​ដោយសារតែ បក្ស​កាន់អំណាច គ្មាន​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​បញ្ហា នយោបាយ​នៅ​កម្ពុជា។

លោក សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃ​ពុធ​នេះ​ថា ថ្នាក់ដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា គ្រាន់តែ​ថ្លែងថា អាច​នឹងមាន​ការ​ដោះ​លែង​ ដែល​​មិនមែនជា ពាក្យសន្យា​នោះទេ ! លោក​បង្ហើប​ថា មកទល់នឹង​ពេលនេះ បក្ស​ប្រជាជន​កម្ពុជា មិនទាន់មាន​ផែនការ​ជួបពិភាក្សា​ពី​ការដោះលែង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​សង្គម​ស៊ីវិល​ជាមួយ​បក្សប្រឆាំង​នៅឡើយ​ទេ។ អ្នកនាំពាក្យ​រូបនេះ បន្ថែមថា ខណៈ សំណុំ​រឿង​​មន្ត្រី​បក្សប្រឆាំង និង​សង្គម​ស៊ីវិល កំពុងស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ ដែល​នៅ​រាយ​ប៉ាយ តាំង​ពី​តុលាការ​ដំបូង ដល់​តុលាការ​កំពូល បក្ស​ប្រជាជន​កម្ពុជា មិនទាន់​អន្តរាគមន៍​ក្នុងដំណាក់កាល​នេះ ដើម្បី​គេច​ពី​ការចោទប្រកាន់​ដែលថា បក្ស​កាន់អំណាច​ជ្រៀតជ្រែក​ឯករាជភាព​រប​ស់​តុលាការ។

លោក សំ ចាន់​គា អ្នកនាំពាក្យ អង្គការសិទ្ធិមនុស្ស​អា​ដ​ហុក យល់ថា ការមិន​ទាន់​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក ទាំង​បួនរូប និង​មន្ត្រី គជប ម្នាក់ អាចមកពី បក្ស​កាន់អំណាច​កំពុង​រវល់​កិច្ចការ​ចុងឆ្នាំ​របស់​បក្ស។ លោក​បន្ថែមថា មេធាវី​អាដហុក បានដាក់​សារ​ណា ស្នើសុំ​ទម្លាក់ចោល​ការចោទប្រកាន់ មន្ត្រី​អាដហុក និង​មន្ត្រី គជប ទៅ ចៅក្រម​ស៊ើបសួរ ហើយ នឹង​កំពុង​រង់ចាំ​ការសម្រួល​ឲ្យ​មានការ​ដោះលែង សកម្មជន​អាដហុក ព្រោះ បក្ស​កាន់អំណាច មាន​សិទ្ធិ​ជម្រុញ​ឲ្យ មន្ត្រី​តុលាការ ដែលជា មន្ត្រីជាន់ខ្ពស់​ក្នុង​បក្ស​របស់ខ្លួន ឲ្យ​បញ្ចប់​សំណុំ​រឿងនេះ និង​មានការ​ដោះលែង។ អង្គការសិទ្ធិមនុស្ស​អា​ដ​ហុក ថ្លែងថា ការបន្ត​ឃុំខ្លួន មន្ត្រី​សិទ្ធិមនុស្ស​អាដហុក អត់​ចំណេញ​ដល់​បក្ស​កាន់អំណាច​ឡើយ តែមាន​តែ​ខាត​ប្រជាប្រិយភាព​វិញ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ