អានតួអត្ថបទ
កម្ពុជា

តំណាងរាស្ត្រ ​មេធាវី​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​ប្តឹង​ជំទាស់​នឹង​ការ​សម្រេច​ផ្តន្ទាទោស

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ​ចាន់ ចេង ​លោក​មេធាវី​ ជូង ជូងី​ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ លោក ​មាស ប៉េង ​នឹង​ដាក់​ពាក្យ​បណ្តឹង​ឧទ្ធរណ៍ ​ជំទាស់​នឹង​ការ​សម្រេច​របស់​តុលាការ​ខេត្ត​កណ្តាល ​ដែល​បាន​ផ្តន្ទាទោស​ លើ​ពួកគាត់​ កាល​ពី​ថ្ងៃ​ទី​១៣មីនា។​ ជា​ការ​សម្រេច​ក្តី ​ដែល​លោក​មេធាវី​ ជូង ជូងី​ ចាត់​ទុក​ថា​ ជា​ការ​បំបាក់​អ្នក​ដែល​ហ៊ាន​តវ៉ា​ ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌​ និង​ប្រឆាំង​អ្នក​មាន​អំណាច។

ផ្សាយពាណិជ្ជកម្ម

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣មីនា​ម្សិលមិញ​ ចៅក្រម​តុលាការ​ខេត្ត​កណ្តាល ​បាន​ប្រកាស​សាលក្រម​ សម្រេច​ផ្តន្ទាទោស​កំបាំង​មុខ​ លោក​ ចាន់ ចេង ​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​មេធាវី​ ជូង ជូងី​ ដាក់ពន្ធនាគារ​ ២ ឆ្នាំ ​ពីបទ​ផ្តល់​មធ្យោបាយ​ឲ្យ​លួច​រត់។ ​ចំណែក​លោក​ មាស ប៉េង ​សមាជិក​ក្រុមប្រឹក្សា​ស្រុក​កៀន​ស្វាយ ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​ត្រូវ​ចៅក្រម​តុលាការ​ខេត្តកណ្តាល​ សម្រេច​ផ្តន្ទាទោស​ ដាក់​ពន្ធនាគារ​ ១៨ ខែ ​ពីបទ​លួច​រត់​ចេញ​ពី​មន្ទីរ​ឃុំឃាំង។

បទចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ក្តី​ព្រហ្មទណ្ឌ​ទាំងនោះ​ បាន​កើត​ឡើង កាល​ពី​ឆ្នាំ២០១២​ ខណៈ​​ដែល​លោក​តំណាងរាស្ត្រ ​និង​មេធាវី​គណបក្សប្រឆាំង​ បាន​នាំ​លោក​មាស​ ប៉េង ចេញ​ពី​ពន្ធនាគារ​ ខេត្ត​កណ្តាល។ ​ការ​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​សកម្មជន​គ​ណបក្ស​សមរង្ស៊ី​ កាល​ណោះ ​គឺ​លោក​មាសប៉េង​ បាន​កើតឡើង​  ក្នុង​រឿង​ជម្លោះ​ដីធ្លី​មួយ។

យ៉ាង​ណា​ក៏​ដោយ​ ការ​សម្រេច​ក្តី​ប្រឆាំង​មេធាវី​ សកម្មជន​ និង​ជា​ពិសេស​លើ​តំណាង​រាស្ត្រ ​លោក ​ចាន់ ចេង ​ដែល​កំពុង​មាន​អភ័យឯកសិទ្ធិសភា​នៅ​ឡើយ​ នាំ​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់។​ លោក​មេធាវី​ ជូង ជូងី ​បាន​ចាត់​ទុក​ ការ​ផ្តន្ទាទោស​កំបាំង​មុខ​លើ​តំណាងរាស្ត្រ​ដូច្នេះ​ ថា​ជា​ការ​សម្រេច​ផ្តេសផ្តាស់​របស់​ចៅក្រម​ ក្រោម​ឥទ្ធិពល​របស់​អ្នកមាន​អំណាច។

ចំណែក​ការ​សម្រេច​ផ្តន្ទាទោស​កំបាំង​លើ​រូបលោក​វិញ​ ត្រូវ​បាន​លោក​មេធាវី ​ជូង ជូងី ដែល​ជា​មេធាវី​ការពារ​ឲ្យ​គណបក្សប្រឆាំង ​ចាត់​ទុកថា ​ជា​ការ​បំបាក់​លើ​អ្នក​ដែល​ហ៊ាន​តវ៉ា​ ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌​ និង​ប្រឆាំង​អ្នក​មាន​អំណាច។

លោក​មេធាវី​ អះអាង​ថា​ មិន​សុខចិត្ត​ ហើយ​នឹង​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម​របស់​តុលាការ​ខេត្តកណ្តាល។ ​ពាក្យ​បណ្តឹង​ នឹង​ដាក់​ទៅ​កាន់​តុលាការ​សាលាឧទ្ធរណ៍​ នៅ​ពេល​ទទួល​​បាន​សាលក្រម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ